រដ្ឋាភិបាលចិនបានសាងសង់ផ្លូវធំៗនៅកម្ពុជាង៣០០០គីឡូម៉ែត្រ និងស្ពានចំនួន១៦
ដោយៈ គង់ សូរិយា
ប៉េកាំងៈ តាមរយៈទំនាក់ទំនង យ៉ាងជិតស្និតរវាងប្រទេសទាំងពីរ ប្រទេសចិនបានជួយវិនិយោគ លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដោយក្នុងនោះមានផ្លូវប្រវែងជាង៣០០០គីឡូម៉ែត្រ និងស្ពានចំនួន១៦ ឆ្លងកាត់ទន្លេរមេគង្គ ទន្លេរសាប ទន្លេបាសាក់ និងទន្លេដ៏ទៃទៀត។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងពេលលោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុលអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោកZheng Shanjie ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន (NDRC) ព្រមទាំងបន្តជួបជាមួយ លោកWu Hao អគ្គលេខាធិការ នៃ NDRC ដើម្បីពិភាក្សាលើការងារអភិវឌ្ឍន៍ គម្រោងវិនិយោគសំខាន់ៗនៅកម្ពុជា។
លោកបន្តថា តាមរយៈទំនាក់ទំនងយ៉ាងជិតស្និទ្ឋ រវាងប្រទេសទាំងពីរ ប្រទេសចិនបានសាងសង់ឡើង នូវហេដ្ឋារចនាសម្ព័ន្ឋធំៗខាងលើ ហើយគម្រោង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងនេះ បានតភ្ជាប់សហគមន៍ សម្រួលពាណិជ្ជកម្ម ការដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ចសង្គម ព្រមទាំងបានលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា យ៉ាងច្រើនផងដែរ។
ជំនួបនាឱកាសនេះ ត្រូវបានរៀចចំឡើង ដើម្បីពិនិត្យពិភាក្សាអំពីវឌ្ឍនភាព នៃកិច្ចការងារអភិវឌ្ឍន៍គម្រោងវិនិយោគមួយចំនួន ណដែលវិនិយោគិនចិន បានបណ្ដាក់ទុនរួចរាល់នៅកម្ពុជា ដើម្បីធានាឱ្យគម្រោងការងារទាំងអស់ អាចអនុវត្តទៅដោយជោគជ័យ ក្រោមការជំរុញពន្លឿននីតិវិធីការងារ រវាងភាគីទាំងពីរកម្ពុជា-ចិន ក្នុងគោលដៅរួម ឱ្យគម្រោងទាំងអស់ សម្រេចបានឆាប់រហ័ស ដើម្បីបម្រើប្រយោជន៍ជាតិកម្ពុជា។
ជាក់ស្ដែង ដូចជា គម្រោងព្រែកជីកហ្វូណនតេជោ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន បានបង្ហាញការប្តេជ្ញាចិត្ត នឹងជួយជំរុញឱ្យក្រុមហ៊ុនចិន ដែលវិនិយោគក្នុងគម្រោងនេះ អនុវត្តន៍ការងារឱ្យសម្រេចបានលទ្ធផល តាមកាលកំណត់ ឬមុនកាលកំណត់ ដែលបានដាក់ចេញក្រោមការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា គឺអំឡុងឆ្នាំ២០២៨៕