ទីផ្សារលំនៅដ្ឋាននៅប្រទេសម៉ាឡេស៊ីរំពឹងបន្តបង្ហាញនូវសញ្ញាវិជ្ជមាន
ដោយ: គង់ លាងហួរ
អន្តរជាតិ: ភាពរឹងមាំនៃប្រាក់រីងហ្គីត ធៀបនឹងប្រាក់ដុល្លារអាមេរិក ដោយសារកត្តាម៉ាក្រូសេដ្ឋកិច្ចវិជ្ជមាន និងការសម្រេចចិត្តរបស់ធនាគារកណ្តាលម៉ាឡេស៊ី ក្នុងការរក្សាអត្រាការប្រាក់នៅថេរត្រឹម៣% ត្រូវបានគេរំពឹងថា នឹងជំរុញទីផ្សារអចលនទ្រព្យ ដោយផ្តល់នូវឱកាសដ៏ល្អសម្រាប់អ្នកទិញ។
លោក Kashif Ansari សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Juwai IQI បានគូសបញ្ជាក់ថា គោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលម៉ាឡេស៊ី រួមជាមួយនឹងការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់ របស់សហរដ្ឋអាមេរិកនាពេលខាងមុខ នឹងជះឥទ្ធិពលវិជ្ជមានលើតម្លៃអចលនទ្រព្យ និងប្រតិបត្តិការ។
អ្នកជំនាញអចលនទ្រព្យរូបនេះ បានថ្លែងប្រាប់សារពត៌មាន Business Times ថា ស្ថិរភាពនៃគោលនយោបាយអត្រាការប្រាក់ ជួយធានាបាននូវការចំណាយ លើការខ្ចីប្រាក់សមរម្យសម្រាប់ទាំងកម្ចីទិញផ្ទះ និងការផ្តល់ហិរញ្ញប្បទាន ដល់គម្រោងអភិវឌ្ឍន៍។
លោក Kashif Ansari បន្តថា “នេះមានន័យថា ការបង់អត្រាការប្រាក់លើប្រាក់កម្ចី ដែលមានស្រាប់នឹងមិនប្រែប្រួលធំដុំនោះទេ ដោយរក្សាការទូទាត់សង ប្រចាំខែមានស្ថិរភាព។ នោះជាការល្អ សម្រាប់ស្ថានភាពហិរញ្ញវត្ថុគ្រួសារ និងសម្រាប់ឧស្សាហកម្ម”។
លោក Kashif បានអះអាងថាក្នុងរយៈពេលមធ្យម ជាធម្មតា ការរក្សាអត្រាការប្រាក់ឱ្យនៅកម្រិតទាប អាចជំរុញឱ្យតម្លៃអចលនទ្រព្យហក់ឡើងថ្លៃ ដោយសារអ្នកទិញមានលទ្ធភាពទូទាត់សង និងអាចចំណាយកាន់តែច្រើនលើការទិញផ្ទះ។
លោក Kashif បានបន្ថែមថា “យើងរំពឹងថា តម្រូវការនឹងបន្តកើនឡើង ក្នុងកម្រិតមួយប្រកបដោយនិរន្តរភាព។ បរិយាកាសស្ថិរភាព អត្រាការប្រាក់ផ្តល់ភាពវិជ្ជមាន សម្រាប់អចលនទ្រព្យ និងមិនបង្កឱ្យមានសុទិដ្ឋិនិយមខ្ពស់ហួសហេតុ នៅក្នុងទីផ្សារ”។
នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ ប្រតិបត្តិការទិញ-លក់អចលនទ្រព្យសរុប នៅប្រទេសម៉ាឡេស៊ី សម្រេចបានទំហំទឹកប្រាក់លើសពី១០៥ពាន់លានរីងហ្គីត។ នេះជាកំណើនខ្ពស់បំផុត ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ។
យោងតាមទិន្នន័យបឋមបង្ហាញថា សន្ទស្សន៍តម្លៃផ្ទះម៉ាឡេស៊ី (IHRM) ក្នុងឆមាសទី១ បានឈរនៅត្រឹម២១៨,៧ពិន្ទុ ជាមួយនឹងតម្លៃផ្ទះ ជាមធ្យមចំនួន៤៧១.៩១៨រីងហ្គីត (ប្រហែល១០៨.៥៣៧ដុល្លារ) ក្នុងមួយយូនីត និងអត្រាកំណើនប្រចាំឆ្នាំ០,៩ភាគរយ៕ប្រភព: NST៕