ដោយ: គង់ លាងហួរ
បាងកក: នាយកដ្ឋានផ្លូវជនបទ ចំណុះក្រោមក្រសួងដឹកជញ្ជូនថៃ បានបញ្ចប់ការសាងសង់ដំណាក់កាលទី១ ក្នុងចំណោមដំណាក់កាលចំនួន៤ នៃគម្រោងផ្លូវឆ្នេរសមុទ្រចម្ងាយ៩៥០គីឡូម៉ែត្រ (Riviera)។
ផ្លូវស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រនេះ នឹងលាតសន្ធឹងលើខេត្តសរុបចំនួន១២ ដោយចាប់ផ្តើមចេញពីខេត្ត Samut Prakan ដែលជាប់ព្រំដែនជាមួយរាជធានីបាងកក ទៅដល់ខេត្ត Narathiwat ដែលមានព្រំប្រទល់ជាប់នឹងរដ្ឋ Kelantan និងរដ្ឋ Perak របស់ម៉ាឡេស៊ី។
លោក Montri Dechasakulsom អគ្គនាយកនៃនាយកដ្ឋានផ្លូវជនបទថៃបានអះអាងថា គម្រោងដំណាក់កាលទី១ចម្ងាយ៥១៥គីឡូម៉ែត្រ ដែលរត់តាមបណ្តោយឆ្នេរសមុទ្រ ពីខេត្ត Samut Sakhon ទៅកាន់ខេត្តPhetchaburi និងចាប់ពីខេត្ត Prachuap Khiri Khan ទៅកាន់ខេត្ត Ranong និងខេត្ត Chumphon ត្រូវបានសម្រេចបើកឱ្យធ្វើចរាចរណ៍។
គម្រោងនេះ នឹងតភ្ជាប់ឆ្នេរឈូងសមុទ្រថៃ ពីភាគអាគ្នេយ៍នៃទីក្រុងបាងកកក្នុងខេត្តSamut Prakan ទៅកាន់ខេត្ត Narathiwat នៅភាគខាងត្បូងនៃប្រទេសថៃ។ គម្រោងនេះក៏នឹងរួមមាន ការសាងសង់ផ្លូវមួយខ្សែក្នុងខេត្ត Chumphon ដើម្បីតភ្ជាប់ឈូងសមុទ្រថៃ ជាមួយសមុទ្រ Andaman ក្នុងខេត្ត Ranong។
ដោយសារតែភាពស្មុគស្មាញ នៃកត្តាភូមិសាស្ត្រ និងបញ្ហាផ្សេងៗទៀត ទាក់ទងនឹងកម្មសិទ្ធិដីធ្លី ការសាងសង់ផ្លូវនៅតាមបណ្តោយឆ្នេរសមុទ្រ មិនអាចដំណើរការបានដោយរលូននោះទេ ដោយនឹងត្រូវបានបំបែក និងតភ្ជាប់ទៅកាន់ផ្លូវផ្សេងទៀត។
យោងតាមលោក Montri បានឱ្យដឹងថា នាយកដ្ឋានរបស់លោកកំពុងធ្វើការស្ទង់មតិ និងត្រៀមសាងសង់គម្រោង Riviera ក្នុងដំណាក់កាលទីពីរ ដែលនឹងគ្របដណ្តប់ចម្ងាយ១៥០គីឡូម៉ែត្រពីខេត្ត Chumphon ទៅកាន់ខេត្ត Surat Thani ខេត្ត Nakhon Si Thammarat និងខេត្ត Songkhla។
សម្រាប់ដំណាក់កាលទី៣ នាយកដ្ឋានផ្លូវជនបទគ្រោងនឹងសាងសង់ផ្លូវ នៅតាមបណ្តោយឆ្នេរសមុទ្រ ប្រវែង៨៥គីឡូម៉ែត្រ តភ្ជាប់ពីខេត្ត Samut Prakan ជាមួយខេត្ត Samut Sakhon និងខេត្ត Samut Songkhram ក្រោមទុនវិនិយោគប្រហែល៤ពាន់លានបាត (ប្រមាណ១២០លានដុល្លារអាមេរិក)។
ចំណែក ដំណាក់កាលទី៤ នាយកដ្ឋានគ្រោងនឹងសាងសង់ផ្លូវប្របមាត់សមុទ្រ ប្រវែង២០០គីឡូម៉ែត្រ ដែលរត់ពីខេត្ត Songkhla ទៅកាន់ខេត្ត Pattani និងខេត្ត Narathiwat ខណៈនាយកដ្ឋានផ្លូវជនបទថៃ បានប្តេជ្ញាសិក្សាដោយប្រុងប្រយ័ត្ននូវផលប៉ះពាល់របស់គម្រោងទៅលើបរិស្ថាន៕ប្រភព:VNA៕