រដ្ឋាភិបាលកម្ពុជាសិក្សារៀបចំអភិវឌ្ឍខេត្តតំបន់K4ទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា

0

ដោយៈ គង់ សូរិយា

       នារតីៈ ខេត្តជាប់មាត់សមុទ្រទាំង៤ របស់កម្ពុជាត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសិក្សារៀបចំអភិវឌ្ឍទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា។

          ពាក្យតំបន់K4 ត្រូវបានហៅដោយក្រុមប្រតិបត្តិករទេស​ចរណ៍នានា ដែលសំដៅដល់ខេត្ត កំពង់សោម កំពត កែប និងខេត្តកោះកុង ដែលផ្តើមដោយអក្សរK។

-->

ផែនការនេះ ត្រូវបានដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរ​ញ្ញវត្ថុ និងបានបើកកិច្ចប្រជុំកាលពីសប្តាហ៍មុន ក្រោមអធិបតីភាព លោកផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានតំណាងរដ្ឋបាលខេត្តព្រះសីហនុ បានចូលរួមក្នុងកិច្ចប្រជុំនេះ និងមានការចូលរួមពីតំណាងមន្ទីរសំខាន់ៗ របស់ខេត្តជាប់ឆ្នេរសមុទ្រទាំងបួនរួមមាន៖ ព្រះសីហនុ, កំពត, កោះកុង, និង កែប។

គោលបំណងសំខាន់ នៃកិច្ចប្រជុំនេះដើម្បីពិនិត្យ និងផ្តល់មតិយោបល់ លើខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍ផែនការមេអភិវឌ្ឍន៍ ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា ជាភាសាខ្មែរ និងការរៀបចំតួនាទី និងភារកិច្ចរបស់រដ្ឋបាល គ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសពហុបំណង(រ.ត.ព.ឆ.) ដើម្បីសម្រេចឱ្យបាននូវភាព គ្រប់ជ្រុងជ្រោ​យ និងមានសង្គតិភាពខ្ពស់។

អង្គប្រជុំ​បានពិភាក្សា និងផ្តល់មតិលើខ្លឹមសារសំខាន់​ៗ ក្នុងន័យបំពេញបន្ថែម លើផ្នែកទិន្នន័យពាក់ព័ន្ធ និងទិសដៅអភិវឌ្ឍន៍ ឱ្យមានភាពបន្ស៊ីគ្នាកាន់តែខ្លាំង ទាំងកម្រិតគោលនយោបាយជាតិ និងការអភិវឌ្ឍថ្នាក់ក្រោមជាតិ។​  ក្រុមការងារលេខាធិការដ្ឋាន​ ក.ប.ព.ឆ.​ នឹងបូកសរុបមតិយោបល់ទាំងនេះ និងកែសម្រួលរបាយការណ៍ ដើម្បីដាក់ជូនគណៈកម្មការអន្តរក្រសួងសម្របសម្រួលផែនការមេ ដើម្បីពិនិត្យ និងផ្ដល់មតិយោបល់បន្ថែម ​មុននឹងដាក់ជូនរាជរដ្ឋាភិបាលអនុម័តនាពេលឆាប់ៗខាងមុខ៕