ចំណេះដឹង​!​ ​តើ​ត្រូវ​ធ្វើ​យ៉ាងដូច​ម្តេច​ដើម្បី​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​?​

0

​ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំពេញ​៖​ ​អាករ​លើ​តម្លៃបន្ថែម​ ​គឺជា​អាករ​កំណត់​ទៅលើ​ការ​ចំណាយ​ទិញ​របស់​អ្នកប្រើ​ប្រាស់​ ​អាករ​នេះ​ត្រូវ​ប្រមូល​ពី​ការ​ប្រកប​អាជីវកម្ម​ ​និង​ការនាំចូល​។​ ​បុគ្គល​ជាប់​អាករ​គឺជា​ ​រូប​វ័ន្ត​បុគ្គល​ ​ក្រុមហ៊ុន​សហកម្មសិទ្ធិ​ ​ក្រុមហ៊ុន​មហាជន​ ​ឬបុគ្គល​ណាមួយ​ដែល​មាន​ ​ផលរបរ​បាន​មក​ពី​ការ​ផ្គត់ផ្គង់​ ​ជាប់​អាករ​លើស​ពី​កំរិត​អប្បបរមា​នៃ​ផលរបរ​ត្រូវ​ចុះបញ្ជី​ ​ត្រូវ​ទៅចុះ​បញ្ជី​អាករ​លើ​ ​តម្លៃបន្ថែម​នូវ​នាយកដ្ឋាន​គ្រប់គ្រង​អ្នកជាប់ពន្ធ​ធំ​។​

​យោង​តាម​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ​នៃ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​បាន​ឲ្យដឹង​ថា​ ​ទម្រង់​អ​តប១០១​ ​គឺជា​ពាក្យ​ស្នើសុំ​ចុះបញ្ជី​សម្រាប់​បុគ្គល​ជាប់​អាករ​ ​ហើយក៏​អាច​ប្រើជា​ពាក្យ​ស្នើសុំ​ចុះបញ្ជី​ដោយស្ម័គ្រចិត្ត​ផង​ដែរ​។​ ​ទម្រង់​នេះ​ ​ត្រូវ​បាន​ផ្តល់​ជូន​លោក​/​លោកស្រី​ ​ដោយ​នាយកដ្ឋាន​គ្រប់គ្រង​អ្នកជាប់ពន្ធ​ធំ​។​ ​

​លោក​/​ ​លោកស្រី​ត្រូវ​បំពេញ​ទម្រង់​នេះ​ ​និង​ផ្តល់​នូវ​ព័ត៌មាន​បន្ថែម​នានា​ ​ទៅតាម​ការ​តម្រូវ​ ​ហើយ​យក​ទម្រង់​នេះ​ទៅ​ដាក់​ជូន​នាយកដ្ឋាន​គ្រប់គ្រង​ ​អ្នកជាប់ពន្ធ​ធំ​យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃទី១៥​ ​នៃ​ខែ​បន្ទាប់ពី​ខែ​ដែល​ផលរបរ​ ​របស់​លោក​/​លោកស្រី​ ​មានការ​កើនឡើង​លើស​ពី​កំរិត​អប្បបរមា​នៃ​ផលរបរ​ត្រូវ​ចុះបញ្ជី​។​ ​

​ចំពោះ​ក្រុមហ៊ុន​ដើម​ ​ទុន​គ្រប់​ប្រភេទ​អ្នកនាំ​ចេញ​នាំ​ ​ចូល​ ​សហគ្រាស​វិនិយោគ​ ​ឬ​អង្គភាព​របស់​រដ្ឋ​ ​ត្រូវ​បំពេញ​ទម្រង់​ហើយ​យក​ទៅ​ ​ដាក់​ជូន​នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់​ ​ពន្ធ​ធំ​នៅមុន​ពេល​ចាប់ផ្តើម​ប្រកប​អាជីវកម្ម​។​ ​ចំពោះ​ការ​យឺតយ៉ាវ​ក្នុង​ការ​ ​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​ ​លោក​/​លោកស្រី​នឹង​ ​ត្រូវ​ទទួលរង​ទោសទណ្ឌ​ទៅតាមច្បាប់​ស្តី​ពី​សារពើពន្ធ​។​

​នៅពេល​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​ ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​នឹង​ផ្តល់​ជូន​លោក​/​លោកស្រី​នូវ​លេខ​ចុះបញ្ជី​ដែល​ជា​លេខ​ ​អត្តសញ្ញាណ​កម្ម​អ​តប​របស់​លោក​/​លោកស្រី​។​ ​វិញ្ញា​បន​ប័ត្រ​ ​ចុះបញ្ជី​ត្រូវ​បាន​ផ្តល់​ជូន​លោក​/​លោកស្រី​ ​ហើយ​ ​លោក​/​លោកស្រី​ត្រូវ​តាំង​ ​ឬ​ព្យួរ​វិញ្ញា​បន​ប័ត្រ​នេះ​នៅ​ទីកន្លែង​អាជីវកម្ម​ ​ជា​សំខាន់​របស់​ខ្លួន​។​

​ប្រសិនបើ​ការ​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​ ​ត្រូវ​បាន​បដិសេធ​ ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​នឹង​ជូនដំណឹង​ដល់​លោក​/​ ​លោកស្រី​ ​ដោយ​ភ្ជាប់​ជាមួយ​នូវ​សេចក្តី​ពន្យល់​ផ្សេង​ៗ​ ​ដែល​ជាហេតុ​ផល​នៃ​ការ​បដិសេធ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here