ចំណេះដឹង​!​ ​តើ​កម្ម​សិទ្ឋ​បញ្ហា​មានផល​ប្រយោជន៍​ដូចម្តេច​ ​និង​គ្រប​ដណ្តប់​លើ​ផ្នែក​អ្វីខ្លះ​?​

0

ដោយ​នៅ ​ស៊ី​វុត្ថា

​ភ្នំ​ពេញ៖​ ​កំណើន​សេដ្ឋកិច្ច​ដែល​រួមចំណែក​ដោយ​ចំណេះដឹង​ ​កម្មសិទ្ធិ​បញ្ញា​ ​គឺជា​ការពិចារណា​ ​ដ៏​សំខាន់​ក្នុង​ការសម្រេច​ចិត្ត​ផ្នែក​ពាណិជ្ជកម្ម​។​ ​

ផលិតផល​ ​ម៉ាក​ ​និង​ការ​ច្នៃ​ប្រឌិត​ថ្មី​ៗ​ ​ជាច្រើន​ ​មាន​វត្តមាន​នៅ​លើ​ទីផ្សារ​ជា​រៀងរាល់ថ្ងៃ​ ​ដែល​ជា​លទ្ធផល​នៃ​ការ​បន្ត​ការ​ច្នៃប្រឌិត​និង​បង្កើត​ថ្មី​របស់​មនុស្សជាតិ​។​ សហគ្រាស​ធុន​តូច​និង​ធុន​មធ្យម​ (​SMEs​)​ ​ជា​កំលាំង​ចលករ​នៅ​ពីក្រោយ​ការបង្កើត​ថ្មីនេះ​។​ ​

ការបង្កើត​ថ្មី​ ​និង​ការ​ច្នៃប្រឌិត​ ​ជួនកាល​មិន​ត្រូវ​បាន​ធ្វើអាជីវកម្ម​ឱ្យ​បាន​ពេញលេញ​នោះ​ទេ​ ​ដោយសារ​សហគ្រាស​ធុន​តូច​ ​និង​ធុន​មធ្យមភាគ​ច្រើន​ ​មិនទាន់​យល់​ច្បាស់​អំពី​ប្រព័ន្ធ​កម្មសិទ្ធិ​បញ្ញា​ ​ឬ​ផលប្រយោជន៍​នៃ​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា​ ​ចំពោះ​ត​ក្ត​កម្ម​ ​ម៉ាក​ ​និង​គំនូរ​ឧស្សាហកម្ម​របស់​ខ្លួន​។​

ប្រសិនបើ​កម្មសិទ្ធិ​បញ្ញា​ទាំងនោះ​ ​មិន​ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​នោះ​ទេ​ ​តក្កកម្ម​ ​នឹង​បាត់បង់​ទៅ​គូប្រកួត​ប្រជែង​ធំៗ​ ​ដែល​មាន​ភាព​ប្រកួតប្រជែង​ក្នុង​ការ​ធ្វើអាជីវកម្ម​លើ​ផលិតផល​ ​ឬ​សេវា​ក្នុង​តម្លៃ​ទាប​ ​ដែល​ធ្វើ​ឱ្យ​ត​ក្ត​ករ​ឬ​ម្ចាស់​ដើម​ ​មិន​ទទួល​បាន​អត្ថ​ប្រយោជន៍​ ​ឬ​តម្លៃតបស្នង​ពី​ការបង្កើត​ថ្មី​របស់​ខ្លួន​នោះ​ទេ​។

​កិច្ចការពារ​កម្មសិទ្ធិ​បញ្ញា​សមស្រប​របស់​ក្រុមហ៊ុន​ ​ជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការកំណត់​អំពី​ការរំលោភ​បំពាន​ ​និង​ការ​ប្រែក្លាយ​គំនិត​ទៅជា​ទ្រព្យ​អាជីវកម្ម​ ​ដែល​មានតម្លៃ​។​ ​ការ​ទាញ​យក​ផលប្រយោជន៍​ពេញលេញ​ ​ពី​ប្រព័ន្ធ​ការពារ​កម្មសិទ្ធិ​បញ្ញា​ ​អាច​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ ​ទទួល​បាន​ចំណូល​ពី​ការបង្កើត​ថ្មី​ ​និង​ការ​ច្នៃប្រឌិត​របស់​ខ្លួន​ ​ដែល​ជា​ការ​លើកទឹកចិត្ត​និង​បង្កើន​មូលធន​ដល់​ការស្រាវជ្រាវ​ ​និង​ការ​អភិវឌ្ឍ​។​

​មាន​ផលិតផល​ឬ​សេ​វា​ថ្មី​ៗ​ជាច្រើន​ ​ដែល​ការពារ​ក្រោម​ប្រភេទ​ផ្សេង​ៗ​គ្នា​នៃ​កម្មសិទ្ធិ​បញ្ញា​។​ សហគ្រាស​ ​តែង​តែ​ជូប​ប្រទះ​បញ្ហា​ប្រឈម​ ​ក្នុង​ការ​ទាញ​យក​តម្លៃ​នៃ​កម្ម​សិ​ទិ្ធ​បញ្ញា​របស់​ខ្លួន​ ​និង​ប្រើប្រាស់​កម្មសិទ្ធិ​បញ្ញា​ ​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ក្នុង​យុទ្ធសាស្ត្រ​អាជីវកម្ម​របស់​ខ្លួន​។​ ​

ក្រុមហ៊ុន​ដែល​ចំណាយធនធាន​ ​និង​ពេលវេលា​ក្នុង​ការ​ការពារ​ទ្រព្យកម្ម​សិទ្ធិ​បញ្ញា​របស់​ខ្លួន​ ​អាច​បង្កើន​ការប្រកួត​ប្រជែង​របស់​ខ្លួន​ ​និង​ជួយ​លើ​ផ្នែក​ជាច្រើន​ដូចជា​។​

•​ ​បង្ការ​គូប្រកួត​ប្រជែង​ពី​ការ​ចម្លង​ ​ឬ​ធ្វើត្រាប់​តាម​ផលិតផល​របស់​ខ្លួន​។​
•​ ​ជៀសវាង​លើ​ការ​ចំណាយ​ថ​វិ​កា​ខ្ចះ​ខ្ចាយ​លើ​ការស្រាវជ្រាវ​ ​និង​ការ​ផ្សព្វផ្សាយ​នៅ​ទីផ្សារ​។
​•​ ​បង្កើត​អត្តសញ្ញាណ​សហគ្រាស​តាមរយៈ​ម៉ាក​។
•​ ​ក្នុង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ ​ឬ​ការផ្ទេរ​សិទ្ធិ​ ​ផ្សេង​ៗ​នៃ​កម្មសិទ្ធិ​បញ្ញា។
•​ ​បង្កើត​តម្លៃ​ទីផ្សារ​របស់​ខ្លួន​។
•​ ​ទទួល​បាន​មូលធន​ ​និង​ហិរញ្ញប្បទាន​។
•​ ​អាច​ពង្រីក​ទៅកាន់​ទី​ផ្សា​រថ្មីៗ​។​

កម្មសិទ្ធិ​បញ្ញា​ ​(​IP​)​ ​សំដៅ​ទៅលើ​ការបង្កើត​ដោយ​គំនិត​បញ្ញា​ ​ដូចជា​ ​តក្កកម្ម​ ​ស្នាដៃ​អក្សរ​សាស្រ្ត​និង​សិល្បៈ​ ​និ​មិត្តិ​សញ្ញា​ ​រូបភាព​ ​និង​គំនូរ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ ​នៅក្នុង​ពាណិជ្ជកម្ម​។​កម្មសិទ្ធិ​បញ្ញា​ ​ត្រូវ​បាន​បែងចែក​ជា​ពីរ​ប្រភេទ​ ​គឺ​កម្មសិទ្ធិ​ឧស្សាហកម្ម​ ​សិទ្ធិ​អ្នកនិពន្ធ​និង​សិទ្ធិ​ប្រហាក់​ប្រហែល​។​ ​

កម្មសិទ្ធិ​ឧស្សាហកម្ម​ ​រួមមាន​ ​ប្រកាសនីយ​បត្រ​តក្កកម្ម​ ​ម៉ាក​ ​គំនូរ​ឧស្សាហកម្ម​ ​និង​ម៉ាក​សម្គាល់​ភូមិ​សា​ស្ដ្​រ​ទំនិញ​។​ល​។​ ​ចំណែក​ឯ​សិទ្ធិ​អ្នកនិពន្ធ​ ​រួមមាន​ស្នាដៃ​ ​អក្សរសាស្ត្រ​ ​និង​សិល្បៈ​ទំាង​ឡាយ​ ​ដូចជា​ ​រឿងប្រលោមលោក​ ​កំណាព្យ​ ​និង​ល្ខោន​ ​ភាពយន្ត​ ​ស្នាដៃ​តន្ត្រី​ ​គំនូរ​ ​រូបថត​ ​ចម្លាក់​ ​និង​ស្ថាបត្យកម្ម​ជាដើម​។​ ​សិ​ទិ្ធ​ប្រហាក់​ប្រហែល​ ​គឺ​សំដៅ​ទៅលើ​សិទ្ធិ​របស់​អ្នក​សម្តែង​ ​ផលិត​ក​រហ្វូ​ណូ​ក្រាម​ ​និង​អង្គភាព​ទូរ​ផ្សាយ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here