ដោយៈ គង់ សូរិយា
ភ្នំពេញៈ ស្របពេលស្ថានភាពកសិផលខ្មែរ(ល្ពៅ) ជួបបញ្ហាទីផ្សារក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រុមហ៊ុនជាតិ អន្តរជាតិធំៗ ដើម្បីទិញកសិផលខ្មែរពីខេត្តព្រះវិហារ មកលក់នៅរាជធានីភ្នំពេញ។
ក្រុមហ៊ុនដែលទទួលលក់ និងគាំទ្រផលិតផលខ្មែរ រួមមានក្រុមហ៊ុនជីប ម៉ុង(Chip Mong Mega Mall) ក្រុមហ៊ុនAEON Mallភ្នំពេញ ក្រុមហ៊ុនE Gets, និងមានការសម្របសម្រួលដឹកជញ្ជូនពីក្រុមហ៊ុនវីរៈ ប៊ុនថាំ និងក្រុមហ៊ុនមួយចំនួនទៀត។
តម្លៃល្ពៅខ្មែរ ដែលបានដឹកមកដល់រាជធានីភ្នំពេញ បានទទួលការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ជាមួយតម្លៃល្ពៅសមរម្យបំផុតត្រឹម១០០០រៀលក្នុងមួយផ្លែ។
យោងតាមបណ្តាញទំនាក់ទំនងសង្គម របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ល្ពៅរបស់កសិករខ្មែរយើង មកពីខេត្តព្រះវិហារកំពុងតែត្រូវបានដឹកចេញ មកកាន់រាជធានីភ្នំពេញ ក្រោមកិច្ចសហការជាមួយនឹង ក្រសួងពាណិជ្ជកម្ម Ministry of Commerce ។
ក្នុងនេះដែរ ក្រុមហ៊ុនE-GetS បានជួយគាំទ្រផលិតផលក្នុងស្រុក ដើម្បីយកមកធ្វើសប្បុរសធម៌ ចែករំលែកជូនទៅមជ្ឈមណ្ឌល កុមារកំព្រា និងចាស់ជរាផងដែរ។
ជាមួយគ្នានេះ ក្រុមហ៊ុនChip Mong Retails បានបង្ហាញលើគេហទំព័ររបស់ខ្លួនថា តម្លៃត្រឹមតែ1000រៀលប៉ុណ្ណោះក្នុងមួយផ្លែ នៅផ្សារជីប ម៉ុង ស៊ុបភើម៉ាឃីត។
ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បានប្រមូលទិញល្ពៅរាប់តោនពីកសិករខ្មែរក្នុងខេត្តព្រះវិហារ ដើម្បីជួយសម្រួលទុក្ខលំបាករបស់កសិ ករលើបញ្ហាទីផ្សារ ក្រោមការសហការជាមួយ ក្រសួងពាណិជ្ជកម្ម Ministry of Commerce។
ក្រុមហ៊ុនChip Mongបានឲ្យដឹងទៀតថា ក្នុងការរួមសហការជាមួយក្រសួងពាណិជ្ជកម្ម និងស្របពេលកំពុងមានមានបញ្ហាការបិទច្រកព្រំដែន ក្រុមហ៊ុន ជីប ម៉ុង បានប្រមូលទិញដំណាំល្ពៅខ្មែររាប់តោនពីកសិករខ្មែរក្នុងខេត្តព្រះវិហារ ដើម្បីយកមកលក់នៅក្នុងផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត និងចែកជូនអតិថិជនដោយឥតគិតថ្លៃ ធ្វើយ៉ាងណា អាចសម្រាលបន្ទុកដល់បងប្អូនប្រជាកសិករ ក៏ដូចជាបង្កើតចរន្តសេដ្ឋកិច្ចកម្ពុជា
អតិថិជនទាំងអស់អាចរកទិញល្ពៅធម្មជាតិ ដាំដុះដោយកសិករខ្មែរ ១០០ភាគរយបាន ពីគ្រប់សាខាទាំងអស់របស់ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ក៏ដូចជា ទទួលយកដោយឥតគិតថ្លៃ និងមួយផ្នែកទៀត សម្រាប់ចែកដល់បុគ្គលិករបស់ក្រុមហ៊ុន ជីប ម៉ុង។ គ្រប់អតិថិជនទាំងអស់ នឹងទទួលបានល្ពៅដោយឥតគិតថ្លៃចំនួន១ផ្លែ ដោយគ្រាន់តែធ្វើការចំណាយចាប់ពី១០ដុល្លារឡើង ទៅក្នុងមួយវិក្កយបត្រ ហើយក្នុងមួយវិក្កយបត្រទទួលបានត្រឹមតែ៣ផ្លែប៉ុណ្ណោះ។
កម្មវិធីថែមជូនពិសេសនេះ ចាប់ផ្តើមពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅគ្រប់សាខារបស់ ជីប ម៉ុង ស៊ុបភើម៉ាឃីត រហូតដល់អស់ពីស្តុក។
ក្រុមហ៊ុនChip Mong Retailsបានបញ្ជាក់ផងដែរថា ទ្វាររបស់ផ្សារទំនើបកូនខ្មែរមួយនេះ នៅតែបើកចំហ និងលើកទឹកចិត្តដល់បងប្អូនកសិករខ្មែរគ្រប់ទម្រង់ ក្នុងការដាំដុះ ការយកទំនិញរបស់ខ្លួនមកដាក់លក់ ក៏ដូចជាការបន្តរួមសហការ ដើម្បីធ្វើយ៉ាងណាអោយវិស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជាមានភាពរីកចម្រើន កាត់បន្ថយការនាំចូលនូវអ្វីដែលខ្មែរអាចផលិតក្នុងស្រុកបាន រហូតអាចជួយរួមចំណែកពង្រឹងទីផ្សារផលិតផលក្នុងស្រុក ឲ្យកាន់តែមានសន្ទុះគាំទ្រទ្វេឡើង បង្ហាញអោយឆាកអន្តរជាតិឃើញថា ខ្មែរអាចធ្វើបានហើយ។
ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត គាំទ្រកសិករខ្មែរ លើកស្ទួយកសិផលក្នុងស្រុក៕