រដ្ឋាភិបាលចិនតម្រូវឱ្យបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់រដ្ឋបញ្ចៀសការខកខានទូទាត់សងបំណុល

0

ដោយ: គង់ លាងហួរ
ប៉េកាំង: រដ្ឋាភិបាលចិនបានតម្រូវឱ្យបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់រដ្ឋបញ្ចៀសឱ្យបាននូវការខកខានទូទាត់សងបំណុលសាធារណៈរបស់ពួកគេ។ ការប្រកាសនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិអចលនទ្រព្យ។

យោងតាមប្រភពមួយចំនួនបានបង្ហើបឱ្យដឹងថា បទបញ្ជានេះបានដាក់ចេញ បន្ទាប់ពីគណៈកម្មការគ្រប់គ្រងទ្រព្យសកម្មរដ្ឋ (Sasac) បានវាយតម្លៃស្ថានភាពប្រាក់ចំណូលរបស់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ចំនួន២០ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិន។

ទោះបីជារដ្ឋាភិបាលមិនបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀតយ៉ាងណាក្តី ចំណាត់ការនេះបានបង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការកើនឡើងនៃហានិភ័យឥណទាននៅក្នុងវិស័យអចលនទ្រព្យចិន ដែលកំពុងជួបប្រទះវិបត្តិបំណុល។

ចាប់តាំងពីឆ្នាំ២០២១ បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនធំៗ ភាគច្រើនបានខកខានទូទាត់សងបំណុល។ ការណ៍នេះបានធ្វើឱ្យទំនុកចិត្តលើទីផ្សារលំនៅដ្ឋានដាំក្បាលចុះ និងបង្កើតបំណុលអាក្រក់(Bad debt)ជិត១៤០ពាន់លានដុល្លារ។

ផ្ទុយទៅវិញ ស្ថានភាពរបស់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិននៅតែមានស្ថិរភាព ហើយមូលបត្របំណុលរបស់ពួកគេនៅតែទទួលបានទំនុកចិត្តពីបណ្តាអ្នកវិនិយោគ។

យ៉ាងណាមិញ លោកស្រី Kristy Hung អ្នកវិភាគរបស់ស្ថាប័ន Bloomberg Intelligence បានអះអាងថា បណ្តាអ្នកអភិវឌ្ឍន៍ដែលគ្រប់គ្រងដោយរដ្ឋ និងឯកជននៅក្នុងប្រទេសចិនអាចរងផលប៉ះពាល់ ប្រសិនបើការលក់អចលនទ្រព្យបន្តធ្លាក់ចុះ។

លោកស្រីបានព្រមានថា ការលក់លំនៅដ្ឋានរបស់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិនអាចនឹងធ្លាក់ចុះពេញមួយឆ្នាំ២០២៥នេះ៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here