ដំណឹងល្អៈ កសិដ្ឋានចំនួន១១២ត្រូវបានអនុញ្ញាត្តឲ្យនាំចេញផ្លែទុរេនស្រស់ទៅកាន់ប្រទេសចិន

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រសួងកសិកម្មបានស្នើឱ្យម្ចាស់កសិដ្ឋាន និងរោងចក្រវេចខ្ចប់ទាំងអស់ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខខណ្ឌ តម្រូវរបស់ពិធីសារGACC រួមទាំងការគ្មានសារធាតុគ្រោះថ្នាក់ ថ្នាំសម្លាប់សត្វល្អិត និងសារធាតុគីមីហាមឃាត់ ស្របពេលកសិដ្ឋានចំ​នួន១១២ត្រូវបានអនុញ្ញាត្តឲ្យនាំចេញទុរេនទៅកាន់ប្រទេសចិន។

កម្ពុជាបានទទួលការអនុញ្ញាតជាផ្លូវការ ពីអគ្គរដ្ឋបាលគយនៃប្រទេសចិន (GACC) ដើម្បីចាប់ផ្តើមនាំចេញទុរេនស្រស់ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីបានចុះហត្ថលេខាលើពិធីសារកាលពីខែមេសា។

ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីGACC បានវាយតម្លៃ និងអនុម័តលើពាក្យស្នើសុំ ចុះបញ្ជីកសិដ្ឋានទុរេនចំនួន១១២ និងរោងចក្រវេចខ្ចប់ចំនួន៣០ ដែលបំពេញតាមការអនុវត្តកសិកម្មល្អរបស់ប្រទេសចិន (Good Agricultural Practices-GAP) តម្រូវការភូតគាមអនាម័យ និងស្តង់ដារសុវត្ថិភាពចំណីអាហារ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃសុក្របានជំរុញឱ្យម្ចាស់កសិដ្ឋាន និងរោងចក្រវេចខ្ចប់ទាំងអស់ ឱ្យអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមលក្ខខណ្ឌតម្រូវនៃពិធីសារ រួមទាំងការគ្មានសារធាតុគ្រោះថ្នាក់ ថ្នាំសម្លាប់សត្វល្អិត និងសារធាតុគីមីហាមឃាត់។

លើសពីនេះ ក្រសួងបានអំពាវនាវដល់កសិដ្ឋាន និងរោងចក្រវេចខ្ចប់ផ្សេងទៀត ដែលមានបំណងនាំចេញទុរេន ត្រូវប្រញាប់ដាក់ពាក្យស្នើសុំចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម ដើម្បីធ្វើការវាយតម្លៃ។

ក្រសួងក៏បានកត់សម្គាល់ផងដែរថា ទុរេនស្រស់ឥឡូវនេះជាផលិតផលកសិកម្មទី៩ របស់កម្ពុជាដែលត្រូវបានអនុម័ត សម្រាប់ការនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករ និងអង្កាម ដំឡូ​ង​មីស្ងួត ពោត ចេក ស្វាយ មៀន ម្រេច និងដូង។

សមិទ្ធិផលនេះ ឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងប្រកបដោយប្រសិទ្ធភាពរវាងកម្ពុជា និងចិន។

ក្រសួងបានឱ្យដឹងថា “សូមសាធារណជន និងភាគីពាក់ព័ន្ធទាំងអស់ បន្តផ្តល់ព័ត៌មាន និងបន្តធ្វើការជាមួយក្រសួងកសិកម្ម ដឹកនាំដោយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីគាំទ្រដល់ភាពជោគជ័យយូរអង្វែងក្នុងការផលិត ការវេចខ្ចប់ និងការនាំចេញទុរេនស្រស់”។

លោកឃឹម ប៊ុនឡេន ស្ថាបនិក និងជាប្រធានសហគមន៍កសិដ្ឋានស្តេចទុរេន ក្នុងខេត្តកំពត បានមានប្រសាសន៍ថា កសិករទុរេនដែលមានបំណងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន ត្រូវតែផ្តោតលើការកែលម្អរសជាតិផ្លែឈើ សុវត្ថិភាព និងតម្លៃ។

លោកបញ្ជាក់ថា “ទោះជាឱកាសទីផ្សារមានក៏ដោយ ទុរេនកម្ពុជាអាចនឹងពិបាក ក្នុងការប្រកួតប្រជែងប្រសិនបើតម្លៃខ្ពស់ពេក”។លោកបានបន្តថា “នៅពេលខ្ញុំសួរកសិករថា តើវាត្រូវចំណាយប្រាក់ប៉ុន្មានដើម្បីផលិតផ្លែឈើ ឬធ្វើចម្ការរបស់ពួកគេ មនុស្សជាច្រើនមិនអាចផ្តល់ចម្លើយច្បាស់លាស់បានទេ ដោយលោកបន្ថែមថា “វាដូចជាការបើកអាជីវកម្ម ដោយមិនដឹងពីការចំណាយផ្ទាល់ខ្លួន”។

លោកបានសង្កត់ធ្ងន់ថា កសិករត្រូវចាប់ផ្តើមគិតឲ្យបានហ្មត់ចត់អំពីគុណភាព លទ្ធភាពសមរម្យ និងការប្រកួតប្រជែង។ លោកបានបន្ថែមថា ទាំងនេះគឺជាកត្តាសំខាន់ ដែលអាចឲ្យទុរេនកម្ពុជាជោគជ័យលើទីផ្សារប្រកបដោយនិរន្តរភាព មិនត្រឹមតែសម្រាប់កសិដ្ឋានមួយប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសទាំងមូល។

ប្រទេសកម្ពុជាមានខេត្តចំនួនប្រាំបួន ដែលមានសក្តានុពលល្អបំផុតសម្រាប់ការដាំដុះទុរេន រួមមាន កំពត កំពង់ចាម ត្បូងឃ្មុំ រតនគិរី មណ្ឌលគិរី បាត់ដំបង ពោធិ៍សាត់ កោះកុង និងកំពង់ធំ។

កាលពីខែមេសា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធា​នាធិបតីចិន លោក ស៊ី ជីនពីង កម្ពុជា និងចិនបានចុះហត្ថលេខាលើពិធីសារថ្មីមួយ ដែលកម្ពុជានឹងនាំចេញសំបុកត្រចៀកកាំ ទុរេន និងក្រពើទៅកាន់ទីផ្សារប្រទេសចិន។

កាលពីខែមិថុនា ក្រុមហ៊ុនចិនចំនួនពីរបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងទិញទុរេនចំនួន១៥,០០០ តោន (២០២៥-២០២៦) និងស្វាយស្ងួត២០,០០០ តោន (២០២៥-២០២៧) ពីកម្ពុជា។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុន Guangxi Xiyaya Food Co., Ltd. និងក្រុមហ៊ុន Lumisun Asian Fruits Co., Ltd. នៅទីក្រុងBeiha តំបន់ស្វយ័តGuangxi Zhuang សាធារណៈរដ្ឋប្រជាមានិតចិន ក្រោមវត្តមានលោក លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ចឹង លីង (Zeng Ling) អភិបាលរងក្រុងBeiha រួមជាមួយនឹងមន្ត្រីខេត្ត និងតំណាងមកពីក្រុមហ៊ុនកម្ពុជានិងចិនជាច្រើនរូប៕

LEAVE A REPLY

Please enter your comment!
Please enter your name here