ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត South China Morning Post បានរាយការណ៍ថា តម្លៃជួលការិយាល័យនៅក្នុងទីក្រុងហុងកុងរបស់ប្រទេសចិនបានធ្លាក់ចុះក្នុងអត្រាទាបជាងមុននៅត្រីមាសទី២ ដោយសារការកើនឡើងនៃតម្រូវការជួលពីបណ្តាក្រុមហ៊ុនផ្នែកហិរញ្ញវត្ថុ និងច្បាប់។
ទោះជាយ៉ាងណាក្តី ក្រុមអ្នកវិភាគបានព្រមានថា និន្នាការនេះនឹងមិនអាចផ្តល់ផលប្រយោជន៍ច្រើនដល់បណ្តាម្ចាស់គ្រប់គ្រងផលបត្រការិយាល័យទេ ដោយសារតម្លៃជួលមិនទាន់ស្ទុះងើបឡើងវិញនៅឡើយ។
យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield បានឱ្យដឹងថា តម្លៃជួលការិយាល័យកម្រិត A ជារួមបានធ្លាក់ចុះ១ភាគរយនៅត្រីមាសទី២ បើធៀបជាមួយនឹងការធ្លាក់ចុះក្នុងអត្រាខ្ពស់ជាងនេះកាលពីត្រីមាសទី១។
លោក John Siu នាយកគ្រប់គ្រងនៅក្រុមហ៊ុន Cushman & Wakefield Hong Kong បានអះអាងថា “អត្រានៃការធ្លាក់ចុះកាន់តែទាបជាសញ្ញាវិជ្ជមានមួយបង្ហាញថា ទីផ្សារអាចនឹងខិតជិតដល់ស្ថិរភាព។ នេះជាសញ្ញា ដែលបង្ហាញថា តម្លៃជួលការិយាល័យជិតដាំក្បាលចុះដល់បាត”។
ក្រុមហ៊ុន Cushman & Wakefield បានសរសេរនៅក្នុងរបាយការណ៍ថ្មីៗនេះថា តម្លៃជួលការិយាល័យនៅក្នុងទីក្រុងហុងកុងបានដាំក្បាលចុះជាង៤២,៨ភាគរយធៀបនឹងកម្រិតខ្ពស់បំផុតកាលពីឆ្នាំ២០១៩ ដោយសារការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យរបស់ទីក្រុងហុងកុង។
តម្លៃជួលការិយាល័យប្រចាំខែនៅតំបន់ Central បានធ្លាក់ចុះមកនៅត្រឹម៨៩,៣០ដុល្លារហុងកុង (ប្រហែល១១,៤ដុល្លារអាមេរិក) ក្នុងមួយហ្វីតការ៉េនាពេលបច្ចុប្បន្ន បើធៀបនឹងតម្លៃជួលខ្ពស់បំផុតចំនួន១៦៦,១ដុល្លារហុងកុង ក្នុងមួយហ្វីតការ៉េក្នុងខែមករា ឆ្នាំ២០១៩៕ប្រភព: SCMP៕