កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន៤ដែលមានសក្តានុពលវិនិយោគអចលនទ្រព្យសម្រាប់អ្នកមានចំណូលមធ្យម

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ និន្នាការវិនិយោគអចលនទ្រព្យលំដាប់មធ្យម បានកើនឡើងនៅឆ្នាំ២០២៥នេះ ស្របពេលរាជរដ្ឋាភិបាលលើកទឹកចិត្តឲ្យមានការវិនិយោគលំនៅដ្ឋាន និងខុនដូដែលមានតម្លៃមធ្យម សម្រាប់ប្រជាជនថ្នាក់កណ្តាល។

និន្នាការនេះកើតឡើងស្របគ្នា នឹងការសិក្សាមួយបានរកឃើញថា លំនៅដ្ឋានតម្លៃសមរម្យ សម្រាប់អ្នកមានចំណូលមធ្យម កំពុងដើរស្របគ្នានឹងការរីកចម្រើនផ្នែកនគរូបនីយកម្ម ការកើនឡើងនៃវណ្ណៈកណ្តាល និងកង្វះលំនៅឋាននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

នៅក្នុងទិដ្ឋភាពនេះ ការសិក្សាបានរកឃើញថា ប្រទេសឥណ្ឌា ហ្វីលីពីន កម្ពុជា និងផ្នែកខ្លះនៃទ្វីបអាហ្រ្វិក ជាប្រទេសដែលសមស្របនឹងការវិនិយោគលើអចលនទ្រព្យតម្លៃមធ្យម។

ស្របគ្នានេះដែរអ្នកឧកញ៉ាហុង ពីវ អ្នកអភិវឌ្ឍន៍អចលនទ្រព្យលេចធ្លោមួយរូបនៅកម្ពុជាបានចាប់ផ្តើមសាងសង់ខុនដូ ដែលមានតម្លៃក្រោម២ម៉ឺនដុល្លារ សម្រាប់លក់ជូនពលរដ្ឋខ្មែរ ដែលមានចំណូលមធ្យម ជាមួយនឹងការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើន នាពេលបច្ចុប្បន្ននេះ។

ឧបនាយករដ្ឋមន្រ្តី លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងកាលពីពេលថ្មីៗនេះថា លំនៅដ្ឋានដែលមានតម្លៃសមស្រប សម្រាប់ជីវភាពប្រជាពលរដ្ឋខ្មែរ គួរមានតម្លៃ៣៤០០០ដុល្លារអាមេរិក។

លោកក៏បានលើកឡើង ពីអត្រាការប្រាក់របស់ធនាគារនានា គួរមានអត្រាត្រឹម៦ ទៅ៧ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here