ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃអចលនទ្រព្យលំនៅដ្ឋានរបស់ទីក្រុងហ្សាការតា ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌូនេសុីបានបង្ហាញឱ្យឃើញពីការប្រែប្រួលយ៉ាងគំហុក ដោយអាស្រ័យទៅតាមកត្តាទីតាំង និងប្រភេទអចលនទ្រព្យទាំងនោះ។
គិតត្រឹមខែមិថុនា ឆ្នាំនេះ លំនៅដ្ឋានទូទាំងទីក្រុងហ្សាការតាមានតម្លៃជាមធ្យមចំនួន២៥លានរូពៀ (ប្រហែល១.៦០០ដុល្លារទៅ១.៧០០ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។
ទោះជាយ៉ាងណា តម្លៃលំនៅដ្ឋាននៅទីក្រុងមួយនេះមានភាពខុសគ្នាយ៉ាងខ្លាំងអាស្រ័យតាមទីតាំង។ តួយ៉ាង លំនៅដ្ឋាននៅសង្កាត់ Menteng តំបន់ពាណិជ្ជកម្មកណ្តាល Sudirman និងតំបន់ជាយក្រុង Pondok Indah ស្ថិតនៅភាគខាងត្បូងរដ្ឋធានី មានតម្លៃចាប់ពី៣៥លានរូពៀទៅ៥៣លានរូពៀក្នុងមួយម៉ែត្រការ៉េ។
តំបន់ភាគខាងត្បូងទីក្រុងហ្សាការតាខាងត្បូងនៅតែជាតំបន់មានលំនៅដ្ឋានថ្លៃបំផុត ជាមួយនឹងតម្លៃលើសពី៣០លានរូពៀក្នុងមួយម៉ែត្រការ៉េ ព្រោះតំបន់នេះមានជនបរទេសច្រើន។ ដោយឡែក តំបន់ភាគខាងលិចរដ្ឋធានីមានតម្លៃលំនៅដ្ឋានជាមធ្យមប្រមាណ២១,៥លានរូពៀក្នុងមួយម៉ែត្រការ៉េ ដែលទាក់ទាញអតិថិជនថ្នាក់កណ្តាល។
ជាមួយគ្នានេះ តំបន់ភាគខាងកើតរដ្ឋធានី (East Jakarta) ផ្តល់នូវជម្រើសលំនៅដ្ឋាន ដែលមានតម្លៃសមរម្យបំផុតចន្លោះពី១០លានរូពៀទៅ១៥លានរូពៀក្នុងមួយម៉ែត្រការ៉េ។
តម្លៃអាផាតមុិនជាមធ្យមនៅទីក្រុងហ្សាការតាមានទំហំទឹកប្រាក់ចំនួន៣៥,៧លានរូពៀក្នុងមួយម៉ែត្រការ៉េ ដោយផ្អែកលើទីតាំង និងគុណភាពអគារ។អាផាតមុិនលំដាប់ខ្ពស់នៅក្នុងទីតាំងសំខាន់ៗអាចមានតម្លៃកប់ពពកចំនួន៥៧,៧លានរូពៀក្នុងមួយម៉ែត្រការ៉េ ដែលបង្ហាញពីតម្រូវការរស់នៅប្រណីត៕ប្រភព: Bamboo Routes៕