និន្នាការថ្មីមួយកំពុងបន្តលេចត្រដែតឡើងនៅក្នុងទីផ្សារលំនៅដ្ឋានរបស់ប្រទេសហ្វីលីពីន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Inquirer.Net បានរាយការណ៍ថា ការងាកទៅកាន់តំបន់ជាយក្រុងបានក្លាយជានិន្នាការថ្មីបំផុតសម្រាប់បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យលំនៅដ្ឋាននៅប្រទេសហ្វីលីពីន ដើម្បីទប់ទល់នឹងការធ្លាក់ចុះផ្នែកតម្រូវការខុនដូក្នុងទីក្រុងម៉ានីល។

តំបន់ខាងក្រៅរដ្ឋធានីម៉ានីលនានា ដូចជាតំបន់កណ្តាលកោះ Luzon តំបន់ភាគខាងត្បូងកោះ Luzon តំបន់ភាគខាងលិចកោះ Visayas តំបន់កណ្តាលកោះ Visayas និងទីក្រុងទេសចរណ៍ Davao បានក្លាយទៅជាទីចាប់អារម្មណ៍របស់បណ្តាអ្នកអភិវឌ្ឍន៍។

នៅតំបន់ភាគខាងត្បូងកោះ Luzon ជាពិសេសច្រករបៀង Cavite-Laguna-Batangas (Calaba) នៅតែជាមជ្ឈមណ្ឌលអចលនទ្រព្យមួយដ៏សកម្ម និងមានភាពប្រកួតប្រជែងខ្ពស់។យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន Colliers Philippines បង្ហាញថា ចំនួនខុនដូនៅច្រករបៀង Calaba ចន្លោះពី៧៦ភាគរយទៅ៨៧ភាគរយត្រូវបានលក់ដាច់។

ការអភិវឌ្ឍន៍លំនៅដ្ឋាននៅខាងក្រៅតំបន់រដ្ឋធានីបានរីកចម្រើន ចាប់តាំងពីមុនផ្ទុះជំងឺរាតត្បាត។ ក្នុងអំឡុងពេលមានវិបត្តិនេះ បណ្តាអ្នកអភិវឌ្ឍន៍បានសង្កេតឃើញអំពីសារៈសំខាន់នៃការធ្វើពិពិធកម្មទៅកាន់តំបន់ផ្សេងទៀត។

និន្នាការនេះជាសញ្ញាល្អសម្រាប់សេដ្ឋកិច្ចហ្វីលីពីន ដោយសារការវិនិយោគអាចជួយបង្កើតការងារកាន់តែច្រើន និងជំរុញការរីកចម្រើននៅតំបន់ខាងក្រៅរដ្ឋធានី។

បណ្តាអ្នកអភិវឌ្ឍន៍ ដែលមានដីធ្លីនៅតំបន់មានសក្តានុពលរីកចម្រើន អាចនឹងបោះជំហាននាំមុខគេក្នុងការពង្រីកភូមិសាស្ត្រ ខណៈការសម្របខ្លួនទៅតាមបរិបទថ្មីៗជាគន្លឹះក្នុងការបន្តឈរជើងបានយ៉ាងរឹងមាំនៅក្នុងទីផ្សារ។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers Philippines រំពឹងថា បណ្តាអ្នកអភិវឌ្ឍន៍នឹងបន្តសាងសង់គម្រោងលំនៅដ្ឋាននៅតាមទីក្រុង និងទីប្រជុំជនតូចៗ ព្រោះតម្រូវការនៅទីនោះមានប្រភពមកពីប្រជាជនក្នុងស្រុក។

ទីផ្សារនៅតំបន់ទាំងនេះអាចមានទំហំតូចជាងទីផ្សារនៅរដ្ឋធានី។ ប៉ុន្តែ តម្រូវការមានស្ថិរភាព ដោយសារអតិថិជនភាគច្រើនទិញក្នុងគោលបំណងរស់នៅពិតប្រាកដ៕ប្រភព: Inquirer.Net៕

LEAVE A REPLY

Please enter your comment!
Please enter your name here