ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនបដិសណ្ឋារកិច្ចយក្ស Park Hyatt គ្រោងបើកដំណើរការសណ្ឋាគារ នៅខែសីហាខាងមុខ នៅជាន់កំពូលនៃអគារកប់ពពកMerdeka 118 ។
Merdeka118 ជាអគារខ្ពស់ជាងគេនៅតំបន់អាស៊ី ស្ថិតក្នុងទីក្រុងគូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី និងខ្ពស់ជាងគេលំដាប់ទី២នៅលើពិភពលោក។
សណ្ឋាគារនេះ នឹងមានបន្ទប់ទទួលភ្ញៀវធំទូលាយ ចំនួន២៥២បន្ទប់ ដោយក្នុងនោះរួមមានបន្ទប់Suiteចំនួន២៧បន្ទប់ ហើយច្របាច់បញ្ចូលគ្នា រវាងបេតិកភណ្ឌវប្បធម៌យ៉ាងសម្បូរបែប របស់ប្រទេសម៉ាឡេស៊ី និងសិល្បៈហត្ថកម្មប្រពៃណី ជាមួយនឹងការរចនាទំនើបទាន់សម័យ។
យោងតាមគេហទំព័ររបស់ក្រុមហ៊ុន Park Hyatt បានឱ្យដឹងថា ការស្នាក់នៅបន្ទប់ស្តង់ដារ ដែលលមានគ្រែប្រភេទKing មានតម្លៃជាមធ្យមចំនួន២.៤៥៥រីងហ្គីត (ប្រមាណ៥៧៩ដុល្លារ) ក្នុងមួយយប់ ខណៈការស្នាក់នៅបន្ទប់ស្ថិតនៅកាច់ជ្រុង ដែលមានគ្រែប្រភេទ King មានតម្លៃជាមធ្យមចំនួន៣.១៦៥រីងហ្គីត (ប្រមាណ៧៤៦ដុល្លារ)ក្នុងមួយយប់។
ភ្ញៀវទេសចរណ៍ ដែលមកស្នាក់នៅសណ្ឋាគារ របស់ក្រុមហ៊ុន Park Hyatt ក្នុងអគារកប់ពពក Merdeka 118 នឹងអាចទទួលបានបន្ទប់យ៉ាងស្ងប់ស្ងាត់ និងភាពឆើតឆាយ ជាមួយនឹងបង្អួចពីឥដ្ឋដល់ពិដាន ដែលផ្តល់នូវទិដ្ឋភាពបែប Panoramic នៃទីក្រុងគូឡាឡាំពួរ។
ក្រុមហ៊ុនPark Hyatt ក៏គ្រោងបើកដំណើរការសណ្ឋាគារ Hyatt Regency ស្ថិតនៅតំបន់ចំកណ្តាលក្រុង គូឡាឡាំពួរនៅថ្ងៃទី២៦ ខែសីហាខាងមុខ ដោយក្លាយជាសណ្ឋាគារទី៧ របស់ក្រុមហ៊ុននៅក្នុងទីក្រុងមួយនេះ។
ដោយមានទីតាំង ស្ថិតនៅទល់មុខមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍អន្តរជាតិម៉ាឡេស៊ី សណ្ឋាគារទី៧ថ្មីនោះ នឹងមានបន្ទប់ចំនួន៤៥០បន្ទប់ ស្ថិតនៅតំបន់ចំកណ្តាលក្រុងគូឡាឡាំពួរ ដែលជាមជ្ឈមណ្ឌលសំខាន់សម្រាប់អ្នកធុរកិច្ច និងអ្នកធ្វើដំណើរកម្សាន្ត៕ប្រភព: New Strait Times៕