ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជាបានបង្ហាញពីបំណងចង់រួមចំណែកលើកកំពស់តួនាទី របស់គណ:កម្មាធិការបេតិកភណ្ឌពិភពលោក ស្របពេលអាពាហ៍ពិពាហ៍ខ្មែរ ត្រូវបានស្នើសុំចុះបញ្ជីរបេតិកភ័ណ្ឌអរូបិយមនុស្សជាតិ។
ព័ត៌មាននេះត្រូវបានលើកឡើង ដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងពេលជួបសម្តែងការគួរសម ជាមួយប្រធានគណ:កម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៧។
ក្នុងឱកាសជួបពិភាក្សាជាមួយលោកសាស្ត្រាចារ្យ Nikolay Nenov ដើម្បីបង្ហាញអំពីបំណងល្អរបស់កម្ពុជា ក្នុងការចូលរួមចំណែកលើកកម្ពស់តួនាទី របស់គណ:កម្មាធិការបេតិកភណ្ឌពិភពលោក ក៏ដូចជាការជំរុញលើកកម្ពស់ កិច្ចសហប្រតិបត្តិការទ្វេរភាគី លើផ្នែកវប្បធម៌ និងបេតិកភណ្ឌ។
លោកសាស្ត្រាចារ្យ Nikolay Nenov បានរំលឹកអំពីទំនាក់ទំនងល្អរវាងកម្ពុជា និងប្រទេសប៊ុលហ្គារីកាលពីអតីតកាល និងបានសន្យាគាំទ្រ ព្រមទាំងជំរុញឱ្យមានកិច្ចសហការជាមួយកម្ពុជា លើវិស័យវប្បធម៌ និងបេតិកភណ្ឌផង៕