ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់ផ្ទះលំដាប់ខ្ពស់នៅក្នុងទីក្រុងសៀងហៃរបស់ប្រទេសចិនកំពុងកើនឡើង ខណៈក្រុមអ្នកមានបានសម្រុកទិញផ្ទះតម្លៃកប់ពពកដើម្បីរក្សាទុកទ្រព្យសម្បត្តិឱ្យមានសុវត្ថិភាព ស្របពេលមានការរំពឹងទុកថា តម្លៃផ្ទះទាំងនោះនឹងបន្តកើនឡើងបន្ថែមទៀតនាពេលខាងមុខ។
នៅឆមាសទី១ ឆ្នាំនេះ ទីក្រុងសៀងហៃបានលក់ផ្ទះថ្មីចំនួន៤៨២យូនីត ដែលមានតម្លៃជាង៥០លានយ័ន(ប្រមាណ៧លានដុល្លារអាមេរិកក្នុងមួយយូនីត។ និន្នាការនេះត្រូវបានគេរំពឹងថា នឹងបន្តកើតមាន ដោយសារការផ្គត់ផ្គង់នៅមានកម្រិត និងការកើនឡើងនៃតម្លៃដី។
ទីក្រុងសៀងហៃក៏បានលក់ផ្ទះថ្មីដែលមានតម្លៃលើសពី៣០លានយ័នចំនួន១.០៩៦យូនីត ឬស្មើនឹងចំណែក៦០ភាគរយនៃការលក់ផ្ទះថ្មីសរុបក្នុងកម្រិតតម្លៃប្រហាក់ប្រហែលគ្នានេះនៅទូទាំងទីក្រុងធំៗចំនួន៣០របស់ប្រទេសចិន។នេះបើតាមទិន្នន័យចងក្រងដោយសាជីវកម្មព័ត៌មានអចលនទ្រព្យចិន (CRIC)។
នៅទូទាំងប្រទេសចិន ការលក់ផ្ទះថ្មីដែលមានតម្លៃលើសពី៥០លានយ័នក្នុងមួយយូនីតបានហក់ឡើងជិត៥០ភាគរយធៀបនឹងឆ្នាំមុន ដល់ចំនួន៥៩១យូនីតក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំ២០២៥។
លោក Lu Wenxi អ្នកវិភាគនៅក្រុមហ៊ុន Centaline Property ក្នុងទីក្រុងសៀងហៃ បានលើកឡើងថា បើគិតពីផ្នែកតម្រូវការ ការទិញផ្ទះលំដាប់ខ្ពស់នៅទីក្រុងសៀងហៃកំពុងក្លាយជាការវិនិយោគទ្រព្យសកម្មដ៏មានសុវត្ថិភាព និងផ្តល់នូវស្ថិរភាព ស្របពេលទីក្រុងផ្សេងទៀតមានហានិភ័យខ្ពស់។
ចំពោះផ្នែកផ្គត់ផ្គង់ ការសម្រេចចិត្តលើគោលនយោបាយកាលពីខែមិថុនាឆ្នាំមុន ដើម្បីលុបបំបាត់ការកំណត់តម្លៃដីដោយរដ្ឋនៅទីក្រុងសៀងហៃ បានជួយរក្សាតម្លៃអចលនទ្រព្យឱ្យបន្តកើនឡើង ខណៈបណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេបានបន្តទិញដីនៅក្នុងទីតាំងសំខាន់ៗក្នុងតម្លៃខ្ពស់ជាងទីផ្សារ៕ប្រភព: SCMP៕