ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងទេសចរណ៍ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ និងជាលក្ខណៈអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាខេត្តសៀមរាបឱ្យបានច្រើនឡើងបន្ថែមទៀត។
ព័ត៌មាននេះត្រូវបានពិភាក្សាក្នុងពេលលោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Lu WEI ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អង្គរ អ៊ីនធើណេសិនណល អ៊ែរផត អ៊ីនវេសម៉ិន (ខេមបូឌា) ឯ.ក និងសហការីចូលជួបសម្តែងការគួរសម រាយការណ៍ពីស្ថានភាពភ្ញៀវទេសចរ ធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងស្នើសុំអនុសាសន៍ និងការគាំទ្រដ៏ខ្ពង់ខ្ពស់លើគម្រោងរៀបចំព្រឹត្តការណ៍ទេសចរណ៍ថ្មីៗ និងជាលក្ខណៈអន្តរជាតិ។
ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដែលបានជួយជំរុញកំណើនភ្ញៀវទេសចរ ឆ្លងកាត់អាកាសយានកើនឡើងជាបន្តបន្ទាប់ ព្រមទាំងគំនិតផ្តួចផ្តើមដ៏ល្អរបស់ក្រុមហ៊ុនដែលបានសម្លឹងមើលឃើញ ពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងកាលានុវត្តវិនិយោគរបស់ខេត្តសៀមរាប តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ ទាក់ទាញ និងជាលក្ខណៈអន្តរជាតិ ស្របនឹងឱកាសនៃយុទ្ធនាការណ៍ឆ្នាំទេសចរណ៍កម្ពុជា-ចិន២០២៥នេះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យកាន់តែច្រើន មកទស្សនាខេត្តសៀមរាប និងប្រទេសកម្ពុជា៕