កម្ពុជា ជប៉ុនឆ្ពោះទៅកាន់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើពាណិជ្ជកម្ម និងការវិនិយោគ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្មអូសាកា ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគឱ្យកាន់តែស៊ីជម្រៅ។

គណៈកម្មាធិការវិនិយោគកម្ពុជា(CIB) និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មអូសាកា (OCCI) នៅប្រទេសជប៉ុន បានពិភាក្សាអំពីលទ្ធភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរ។

យោងតាមសេចក្តីប្រកាសរបស់CDC បានឱ្យដឹងថា លោក Negoro បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា (RGC) ក្នុងការជំរុញ ទាក់ទាញ និងរក្សាការវិនិយោគរបស់ជប៉ុន។

លោកបានបង្ហាញសុទិដ្ឋិនិយមថា បេសកកម្មជំរុញការវិនិយោគនេះ នឹងជួយសមាជិកនៃសភាពាណិជ្ជកម្មអូសាកា កាន់តែច្រើន ទទួ​លបានការយល់ដឹង ដ៏មានតម្លៃអំពីសក្តានុពល និងឱកាសវិនិយោគរបស់កម្ពុជា។

លើសពីនេះ លោកNegoro បានលើកទឹកចិត្តឱ្យភាគីកម្ពុជាបន្តចែករំលែកបច្ចុប្បន្នភាពថ្មីៗ ជាប្រចាំអំពីវឌ្ឍនភាពសេដ្ឋកិច្ចសង្គម និងបរិយាកាសវិនិយោគរបស់ប្រទេស ដើម្បីបង្កើនការយល់ដឹង និងការចូលរួមក្នុងចំណោមធុរកិច្ចជប៉ុន។

ជាការឆ្លើយតប លោកសួន សុផល បានមានប្រសាសន៍ថា “កម្ពុជាផ្តល់អត្ថប្រយោជន៍ជាច្រើន សម្រាប់អ្នកវិនិយោគ រួមមានស្ថិរភាពនយោបាយ បរិយាកាសម៉ាក្រូសេដ្ឋកិច្ចវិជ្ជមាន កម្លាំងពលកម្មវ័យក្មេង រដ្ឋាភិបាល ដែលគាំទ្រយ៉ាងសកម្មដល់វិស័យឯកជន ក្របខ័ណ្ឌបទប្បញ្ញត្តិដែលទាក់ទាញ និងងាយស្រួលសម្រាប់វិនិយោគិន និងការពង្រីកប្រភពថាមពលកកើតឡើងវិញជាបន្តបន្ទាប់”។

លោកក៏បានបង្ហាញពីទំនុកចិត្តថា សមភាគីនឹងជួយផ្សព្វផ្សាយសក្តានុពល និងឱកាសវិនិយោគរបស់កម្ពុជា កាន់តែទូលំទូលាយក្នុងចំណោមសមាជិករបស់ខ្លួន។

លោកបានស្នើឱ្យសភាពាណិជ្ជកម្ម និងឧស្សាហកម្មអូសាកាពិ​ចារណារៀបចំគណៈប្រតិភូធុរកិច្ច ដើម្បីមកបំពេញទស្សនកិច្ចការងារនៅកម្ពុជានាពេលខាងមុខ។

ដោយឡែក លោកសួន សុផល បានដឹកនាំគណៈប្រតិភូទៅជួបជាមួយតំណាងវិស័យឯកជន ដែលមានមូលដ្ឋាននៅទីក្រុងអូសាកា ដើម្បីស្វែងយល់ពីសក្តានុពលវិនិយោគ យល់កាន់តែច្បាស់អំពីចំណាប់អារម្មណ៍របស់ធុរកិច្ចជប៉ុន និងលើកទឹកចិត្តឱ្យពួកគេវិនិយោគ ឬពង្រីកវត្តមាននៅកម្ពុជា។

ក្នុងជំនួបនោះ លោក សុផល បានផ្តល់ព័ត៌មានយ៉ាងទូលំទូលាយអំពីគោលនយោបាយ ការលើកទឹកចិត្តការវិនិយោគ និងគោលការណ៍ណែនាំបច្ចេកទេសរបស់កម្ពុជា ដើម្បីធានាថាវិនិយោគិនសក្តានុពលមានព័ត៌មានលម្អិតចាំបាច់ទាំងអស់ ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយព័ត៌មានគ្រប់គ្រាន់។

សហគ្រាសជប៉ុនចំនួនប្រាំបី បានចូលរួមក្នុងកិច្ចពិភាក្សានេះ រួមមានក្រុមហ៊ុន Next Make, ក្រុមហ៊ុន ReloExcel, Inc., ក្រុមហ៊ុន ACS Co., Ltd., ក្រុមហ៊ុន Japan Farm Products, ក្រុមហ៊ុន MK Corporation, ក្រុមហ៊ុន Ring Co., Ltd., ក្រុមហ៊ុន Mitsuyoshi Cambodia Co., Ltd., និងក្រុមហ៊ុន Alaki Co., Ltd.៕

LEAVE A REPLY

Please enter your comment!
Please enter your name here