ដោយៈ គង់ សូរិយា
ភ្នំពេញៈ ឥណទានសម្បទានពីសាធារណរដ្ឋកូរ៉េ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍ជនបទ របស់ប្រទេសកម្ពុជា ជំរុញកំណើនសេដ្ឋកិច្ច និងជាមូលដ្ឋានគ្រឹះសម្រាប់ចក្ខុវិស័យរយៈពេលវែងប្រកបដោយវិបុលភាព។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចយូរអង្វែងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ បន្តរីកចម្រើនកាន់តែខ្លាំង ដោយឥណទានសម្បទានផ្តល់ដោយមូលនិធិ សហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ(EDCF) មានរហូតដល់ប្រមាណ១,៩ពាន់លានដុល្លារ សម្រាប់រយៈពេល១៥ ឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសទទួលមូលនិធិ EDCF ធំជាងគេទីបីនៅទូទាំងពិភពលោក។
ព័ត៌មាននេះ ត្រូវបានរំលេចក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា រវាងលោកឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកស្រី Minnie Chey នាយិកាធនាគារអាហរ័ណ-នីហរ័ណកូរ៉េ ប្រចាំកម្ពុជា ដែលធ្វើឡើងនៅក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃអង្គារដើមសប្តាហ៍នេះ។
ថ្លែងក្នុងជំនួបនោះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍន៍ប្រទេស តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែត។
លោកបានបន្ថែមថា “យុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំឡើងដើម្បីជំរុញប្រទេសកម្ពុជា ឆ្ពោះទៅសម្រេចគោលដៅក្នុងការក្លាយជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយផ្តោតលើអាទិភាពសំខាន់ៗចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល”។លោកបន្ថែមថា “ក្រសួងអភិវឌ្ឍន៍ជនបទកំពុងកសាងជនបទប្រកបដោយវិបុលភាព ទំនើប និងធន់ក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការបង្កើនប្រាក់ចំណូលគ្រួសារ និងលើកកម្ពស់ជីវភាពរស់នៅ”។
លោកក៏បានលើកឡើងពីតួនាទីដ៏សំខាន់ ដែលហិរញ្ញប្បទានសម្បទានរបស់ប្រទេសកូរ៉េ បានជួយដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធជនបទរបស់កម្ពុជា។ រហូតមកដល់បច្ចុប្បន្ន ក្រោមមូលនីធិEDCF ក្រសួងបានទទួលហិរញ្ញប្បទាន សម្រាប់គម្រោងធំៗចំនួនប្រាំពីរ ដែលមានតម្លៃជាង៤០០លានដុល្លារ ដែលបានចូលរួមចំណែកក្នុងការសាងសង់ផ្លូវក្រាលកៅស៊ូប្រវែងជាង១,៧០០ គីឡូម៉ែត្រ ស្ពានបេតុងចំនួន៤២ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត ដែលជួយលើកកម្ពស់សេដ្ឋកិច្ចជនបទ និងជំរុញការតភ្ជាប់។
ភាពជាដៃគូអភិវឌ្ឍន៍កម្ពុជា-កូរ៉េ ត្រូវបានពង្រឹងបន្ថែមទៀត បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ទីក្រុងសេអ៊ូល ក្នុងខែឧសភា ឆ្នាំ២០២៤ ដែលរដ្ឋាភិបាលកូរ៉េ បានប្តេជ្ញាបង្កើនឥណទានសម្បទានដល់កម្ពុជារហូតដល់៣ពាន់លានដុល្លារ ចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០៣០។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក៏បានសំណូមពរចំពោះ ធនាគារអាហរ័ណ-នីហរ័ណកូរ៉េ បន្តគាំទ្រគំនិតផ្តួចផ្តើមនានារបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដូចជា ការអភិវឌ្ឍភូមិគំរូគន្លឹះនៅជនបទរបស់ក្រសួង ដែលជាផែនការសកម្មភាពមួយ ដែលក្រសួងកំពុងយកចិត្តទុកដាក់ ដើម្បីធ្វើឱ្យតំបន់ជនបទមានការអភិវឌ្ឍឆាប់រហ័ស។
បន្ថែមពីលើនេះ លោកស្រីMinnie Chey បានសម្តែងការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួង និងធនាគារ Eximbank របស់ប្រទេសកូរ៉េ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវជនបទជាខ្សែជីវិតសេដ្ឋកិច្ច។
លោកស្រីបានបន្តថា “ហេដ្ឋារចនាសម្ព័ន្ធជនបទ មិនមែនគ្រាន់តែជាការតភ្ជាប់ប៉ុណ្ណោះទេ វាគឺជាការបង្កើតឱកាស បង្កើតប្រាក់ចំណូល និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន”។
លោកស្រីក៏បានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តរបស់ប្រទេសកូរ៉េក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ខ្លួនជាមួយកម្ពុជា ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍ជនបទ។
ឥណទានសម្បទានពីប្រទេសកូរ៉េ ដែលបច្ចុប្បន្នមានទឹកប្រាក់ចំនួន១.៩ពាន់លានដុល្លារ បានបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ការអភិវឌ្ឍន៍ជនបទរបស់ប្រទេសកម្ពុជា ជំរុញកំណើនសេដ្ឋកិច្ច និងជាមូលដ្ឋានគ្រឹះ សម្រាប់ចក្ខុវិស័យយូរអង្វែងរបស់ប្រទេស៕