ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមវិទ្យាស្ថាន Urban Land (ULI) បានឱ្យដឹងថា គ្រួសារប្រជាជនហ្វីលីពីនជាច្រើនមិនមានលទ្ធភាពទិញលំនៅដ្ឋាន ដោយសារគម្លាតរវាងតម្លៃអចលនទ្រព្យលំនៅដ្ឋាន និងប្រាក់ចំណូល ជាពិសេសនៅតំបន់ទីក្រុងដូចជា រដ្ឋធានីម៉ានីល និងទីក្រុង Davao។
នៅឆ្នាំ២០២៥ រដ្ឋធានីហ្វីលីពីនត្រូវបានគេវាយតម្លៃថា ជាទីក្រុងមួយក្នុងចំណោមទីក្រុងធំៗនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានតម្លៃលំនៅដ្ឋានថ្លៃបំផុត។នេះបើយោងតាមរបាយការណ៍ “Asia-Pacific Home Attainability Index”របស់វិទ្យាស្ថានខាងលើ។
បច្ចុប្បន្ននេះ តម្លៃខុនដូនៅទីក្រុងម៉ានីលមានទំហំទឹកប្រាក់ខ្ពស់ជាងប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមរបស់គ្រួសារប្រជាជនហ្វីលីពីនចំនួន១៩,៨ដង។ ចំណែក តម្លៃផ្ទះប្រភេទ Townhouses មានទំហំទឹកប្រាក់ស្មើនឹងចំនួន៣៣,៤ដងនៃទំហំប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំ។
វិទ្យាស្ថាន ULI បានសរសេរនៅក្នុងរបាយការណ៍ថា កង្វះលទ្ធភាពទិញផ្ទះនៅតែជាបញ្ហាធំមួយក្នុងរដ្ឋធានីម៉ានីល ខណៈគ្រួសារជាច្រើន និងអ្នកធ្វើការនៅក្នុងតំបន់ពាណិជ្ជកម្មក្នុងរដ្ឋធានី បានងាកទៅទិញផ្ទះនៅជាយក្រុង ទោះបីជាត្រូវចំណាយពេលវេលាធ្វើដំណើរទៅមកយូរយ៉ាងណាក្តី។
តម្លៃផ្ទះជាមធ្យមមិនគួរមានទំហំទឹកប្រាក់លើសពី៥ដងនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់គ្រួសារនោះទេ ខណៈតម្លៃផ្ទះជួលប្រចាំខែជាមធ្យមមិនគួរមានទំហំទឹកប្រាក់លើសពី៣០ភាគរយនៃប្រាក់ចំណូលប្រចាំខែរបស់ប្រជាជន៕ប្រភព: Business World៕