តម្លៃជួលលំនៅដ្ឋានបានកើនឡើងនៅទូទាំងទីក្រុងតូក្យូនៅត្រីមាសទី២

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍សិក្សាថ្មីចុងក្រោយរបស់ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills បានឱ្យដឹងថា តម្លៃជួលលំនៅដ្ឋាននៅទីក្រុងតូក្យូរបស់ប្រទេសជប៉ុនបានកើនឡើងគួរឱ្យកត់សម្គាល់កាលពីត្រីមាសទី២ ឆ្នាំ២០២៥ ដោយបានកើនឡើងទាំងលើមូលដ្ឋានប្រចាំត្រីមាស និងប្រចាំឆ្នាំ។

តួយ៉ាង តម្លៃជួលលំនៅដ្ឋានជាមធ្យមនៅទូទាំងសង្កាត់សរុបទាំង២៣ របស់ទីក្រុងតូក្យូបានកើនឡើង០,៩ភាគរយធៀបនឹងត្រីមាសទី១ ដល់ចំនួន៤.៥៨៦យ៉េន(ប្រហែល៣១,៣៥ដុល្លារ)ក្នុងមួយម៉ែត្រការ៉េនៅត្រីមាសទី២។ តួលេខនេះមានការកើនឡើង៨,៤ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តម្លៃជួលលំនៅដ្ឋានជាមធ្យមនៅសង្កាត់ចំនួន៥ នៅចំកណ្តាលទីក្រុងតូក្យូបានកើនឡើង០,៤ភាគរយធៀបនឹងត្រីមាសទី១ ដល់ចំនួន៥.៥៤៥យ៉េន(ប្រហែល៣៧,៩ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ និងកើនឡើង៩,៥ភាគរយបើធៀបនឹងត្រីមាសទី២ដូចគ្នាកាលពីឆ្នាំមុន។

តម្លៃជួលលំនៅដ្ឋានជាមធ្យមកំពុងបន្តកើនឡើងនៅទូទាំងទីក្រុងតូក្យូ ខណៈម្ចាស់អគារលំនៅដ្ឋានមួយចំនួនបានផ្តល់អាទិភាពដល់ការដំឡើងថ្លៃជួល ដោយបណ្តាលឱ្យការព្រួយបារម្ភរយៈពេលខ្លីចំពោះការថយចុះនូវអត្រានៃការជួល(Occupancy Rate)។

តម្លៃជួលលំនៅដ្ឋានជាមធ្យមនៅភាគខាងត្បូងទីក្រុងតូក្យូបានកើនឡើង១,៨ភាគរយធៀបនឹងត្រីមាសទី១ ដល់ចំនួន៤.៦៨០យ៉េន(ប្រហែល៣២ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ និងកើនឡើង៨,៦ភាគរយបើធៀបនឹងត្រីមាសទី២ ឆ្នាំមុន។

តម្លៃជួលលំនៅដ្ឋានជាមធ្យមនៅភាគខាងលិចទីក្រុងតូក្យូបានកើនឡើង២,៩ភាគរយធៀបនឹងត្រីមាសទី១ ដល់ចំនួន៤.១៨៦យ៉េន(ប្រហែល២៨,៦១ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ និងកើនឡើង៨,១ភាគរយបើធៀបនឹងត្រីមាសទី២ ឆ្នាំមុន៕ប្រភព: Real Estate Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here