ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសជាមិត្តហក់ឡើងដល់ទឹកប្រាក់ជាង៣០ពាន់លានដុល្លារអាមេរិកក្នុងឆមាសទី១

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា ជាមួយដៃគូពាណិជ្ជកម្មកំពូលទាំង២០ បានឈានដល់៣០.៥៧ពាន់លានដុល្លារក្នុងរយៈពេល៦ ខែដំបូងនៃឆ្នាំ២០២៥ កើនឡើង១៧.២ភាគរយ ធៀបនឹង ២៦.០៩ពាន់លានដុល្លារ ដែលបានកត់ត្រាក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។

នេះបើយោងតាមរបាយការណ៍ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

ក្នុងពេលជាមួយគ្នានេះ ការនាំចូលបានកើនឡើង១៨ភាគរយដល់១៦.២៨ពាន់លានដុល្លារ បើធៀបនឹង១៣.៨០ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជា​លទ្ធផល ឱនភាព​ពាណិជ្ជកម្ម​របស់​កម្ពុជា​បាន​កើន​ដល់​ប្រមាណ១,៩៩ ពាន់​លាន​ដុល្លារ ធៀប​នឹង ១,៥០ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន។

ទិន្នន័យដដែលបានបង្ហាញថា ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេរភាគីសរុបឈានដល់៩.២៧ពាន់លានដុល្លារ កើនឡើង២៦.៩ភាគរយ។ ទោះបី​ជាមានកំណើនពាណិជ្ជកម្មជារួមក៏ដោយ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនបានធ្លាក់ចុះ៧.៩ភាគរយ មកនៅត្រឹម៧៥០.៦ លានដុល្លារ ខណៈដែលការនាំចូលពីប្រទេសចិន បានកើនឡើងខ្លាំង ៣១.២ ភាគរយដល់៨.៧៨ ពាន់លានដុល្លារ។

សហរដ្ឋ​អាមេរិក​ បាន​ឈរ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​ទីពីរ ​ក្នុង​អំឡុង​ពេល​នេះ ដោយ​ទំហំ​ពាណិជ្ជកម្ម​បាន​កើន​ឡើង២៥.៧ភាគរយ​ដល់៥.៦៩ពាន់​លាន​ដុល្លារ។ ការនាំចេញទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង២៥.៦ភាគរយ ដល់៥.៥២ពាន់លានដុល្លារ ខណៈដែលការនាំចូលកើនឡើង២៩ ភាគរយដល់១៦៤.៩០លានដុល្លារ។

ចំណែកវៀតណាមជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយនឹងទំហំពាណិជ្ជកម្មសរុបកើនឡើង៧.២ភាគរយ ដល់៤.៣៤ពាន់លានដុល្លារ។ ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​វៀតណាម ​បាន​កើន​ដល់២,១៩ ពាន់​លាន​ដុល្លារ ខណៈ​ការ​នាំ​ចូល​មាន​ចំនួន២,១៤ ពាន់​លាន​ដុល្លារ។

រីឯពាណិជ្ជកម្មជាមួយប្រទេសថៃ ក៏មានការកើនឡើងផងដែរ ដោយពាណិជ្ជកម្មទ្វេរភាគីសរុប បានឈានដល់២,១៩ពាន់លានដុល្លារ កើនឡើង៦,៦ភាគរយ។ ការ​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​មាន​ ៤៤៨,០៩លាន​ដុល្លារ កើន​ឡើង១,៩ភាគរយ ខណៈ​ការ​នាំ​ចូល​ពី​ប្រ​ទេស​ថៃ​បាន​កើន​ឡើង៧,៩ភាគរយ ​ដល់១,៧៤ពាន់​លាន​ដុល្លារ។

ប្រទេសជប៉ុនបានរក្សាជំហររបស់ខ្លួន ជាដៃគូពាណិជ្ជកម្មធំជាងគេទី៥របស់កម្ពុជា ដោយពាណិជ្ជកម្មទ្វេរភាគី បានកើនឡើង២៨.៧ ភាគរយដល់១.២២ពាន់លានដុល្លារ។

ការនាំចេញរបស់កម្ពុជាទៅជប៉ុន បានឈានដល់៧៣៥.៥លានដុល្លារ កើនឡើង១៩.៩ភាគរយ ខណៈការនាំចូលពីប្រទេសជប៉ុនកើនឡើង៤១.៨ភាគរយ ដល់៤៦៩.៧២លានដុល្លារ។

កម្ពុជាក៏មានពាណិជ្ជកម្មដ៏រឹងមាំ ជាមួយទីផ្សារសំខាន់ៗមួយចំនួនដូចជា អាល្លឺម៉ង់ ហូឡង់ បារាំង កាណាដា ឥណ្ឌូនេស៊ី អេស្ប៉ាញ ចក្រភពអង់គ្លេស អ៊ីតាលី បែលហ្សិក កូរ៉េខាងត្បូង សិង្ហបុរី ឥណ្ឌា ម៉ាឡេស៊ី តៃវ៉ាន់ និងហុងកុង។

អ្នកជំនាញបានចង្អុលបង្ហាញ ពីការបន្តនៃភាពធន់របស់វិស័យផលិតកម្មរបស់កម្ពុជា ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងផលិតផលកសិកម្ម ដែលជាកត្តាជំរុញដ៏សំខាន់ នៅពីក្រោយការនាំចេញដ៏រឹងមាំ។ ទន្ទឹមនឹងនេះ ការនាំចូលកើនឡើងបង្ហាញពីតម្រូវការក្នុងស្រុកខ្លាំងសម្រាប់វត្ថុធាតុដើម គ្រឿងម៉ាស៊ីន ការផ្គត់ផ្គង់សំណង់ និងទំនិញប្រើប្រាស់។

ទោះបីជាមាននិន្នាការនាំចេញវិជ្ជមានក៏ដោយ ឱនភាពពាណិជ្ជកម្មកាន់តែធំឡើង ជាពិសេសជាមួយប្រទេសចិន។ រាជរដ្ឋាភិបាលកំពុងបន្តយុទ្ធសាស្ត្រ ធ្វើពិពិធកម្មទីផ្សារនាំចេញ ទាក់ទាញការវិនិយោគក្នុងឧស្សាហកម្មតម្លៃបន្ថែម និងជំរុញការប្រកួតប្រជែងតាមរយៈការសម្របសម្រួលពាណិជ្ជកម្ម កំណែទម្រង់បទប្បញ្ញត្តិ និងការអភិវឌ្ឍន៍ភស្តុភារ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺសំដៅរក្សាកំណើនប្រកប​ដោយនិរន្តរភាព ស្របពេលមានភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចពិភពលោក។

លោកឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មចិនកម្ពុជា (CCCA) បានមានប្រសាសន៍ថា តួលេខពាណិជ្ជកម្មឆ្លុះបញ្ចាំងពីប្រព័ន្ធសេដ្ឋកិច្ចដែលដំណើរការបានល្អ។

លោកបានមានប្រសាសន៍ថា “ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងទីផ្សារធំៗចំនួន២០ ឆ្លុះបញ្ចាំងពីសរសៃឈាមសេដ្ឋកិច្ច ដែលមានដំណើរការល្អរបស់ប្រទេស ដែលជំរុញដោយកម្លាំងទិញ ដែលមានស្ថិរភាព និងរីកចម្រើនរបស់កម្ពុជា និងបង្ហាញពីការប្រកួតប្រជែងនៃការនាំចេញរបស់ខ្លួន”។

លោកបានពន្យល់ថា ការកើនឡើងជាលំដាប់ នៃទំហំពាណិជ្ជកម្ម គឺជាលទ្ធផល នៃគោលនយោបាយរបស់រដ្ឋាភិបាល។ ​ការ​កើនឡើង​នៃ​ទំហំ​ពាណិជ្ជកម្ម ​ក៏​បង្ហាញ​ថា​រដ្ឋាភិបាល​បាន​អនុវត្តន៍ ​គោលនយោ​បាយ​ជាក់លាក់ ​ក្នុង​គោលបំណង​ជំរុញ​ការ​នាំ​ចេញ ​និង​ការ​នាំ​ចូល​ដែល​នាំ​ឱ្យ​មាន​កំណើន​ប្រចាំឆ្នាំ​​​។

លោកបញ្ជាក់ថា “ស្ថិរភាពនយោបាយ សេដ្ឋកិច្ចធន់ និងកម្លាំងពលកម្មជំនាញវ័យក្មេង សុទ្ធតែបានរួមចំណែកក្នុងការលើកកម្ពស់ការប្រកួតប្រជែងនៃការនាំចេញរបស់កម្ពុជា ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងទិន្នន័យពាណិជ្ជកម្ម”។

ការវិនិយោគនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងជាច្រើនទៀតជារៀងរាល់ឆ្នាំ ដែលភាគច្រើនបានផ្សារភ្ជាប់ទៅនឹងឧស្សាហកម្មនាំចេញ។

ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា រួមមាន ចិន សហរដ្ឋអាមេរិក វៀតណាម ថៃ ជប៉ុន និងសហភាពអឺរ៉ុប។ ការនាំចេញសំខាន់ៗដូចជា សម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ កង់ និងផលិត​ផលកសិកម្ម បានរក្សាដំណើរការយ៉ាងរឹងមាំ ទោះបីជាមានបញ្ហាប្រឈមជាសកលក៏ដោយ៕

ឆ្ពោះទៅមុខ លោកបានបង្ហាញទំនុកចិត្តថា ការនាំចេញនឹងបន្តកើនឡើង នៅពេលដែលការវិនិយោគហេដ្ឋារចនាសម្ព័ន្ធរីកចម្រើន។ «​គម្រោង​សំខាន់ៗ​រួម​មាន​ការ​កែលម្អ​កំពង់ផែ​ទឹក​ជ្រៅ​ក្នុង​ខេត្ត​ព្រះសីហនុ គម្រោង​ព្រែកជីក​ហ្វូណន​តេជោ និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ទៀត​ដែល​នឹង​ជួយ​ដល់​ពាណិជ្ជកម្ម​»​។

ជាមួយនឹងការអភិវឌ្ឍន៍ទាំងនេះ កម្ពុជាមានទីតាំងល្អក្នុងការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួន និងលើកកម្ពស់ការប្រកួតប្រជែងពាណិជ្ជកម្មពិភពលោករបស់ខ្លួននៅឆ្នាំខាងមុខ។

LEAVE A REPLY

Please enter your comment!
Please enter your name here