ដោយៈ គង់ សូរិយា
ភ្នំពេញៈ កម្ពុជាកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងការទាញយកបញ្ញាសិប្បនិមិត្ត (AI)ដើម្បីពង្រឹងសេដ្ឋកិច្ចឌីជីថលរបស់ខ្លួន និងបង្កើនជំនាញកម្លាំងពលកម្មនាពេលអនាគត។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ស្វែងរកដៃគូស្រាវជ្រាវថ្មីៗ និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ទេពកោសល្យ។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកហែម វណ្ណឌី កាលពីថ្ងៃអង្គារកន្លងមកនេះ បានទទួលជួបគណៈប្រតិភូ មកពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ដឹកនាំដោយលោក ចាង ចិនជុន (Zhang Zhenjun) អនុប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាអំពីកិច្ចសហការក្នុងការស្រាវជ្រាវAI និងការបង្កើតកម្មវិធីបណ្តុះបណ្តាលកម្រិតខ្ពស់ស្របតាមតម្រូវការរបស់កម្ពុជា។
កិច្ចប្រជុំបានផ្តោតលើការអភិវឌ្ឍន៍ សមត្ថភាពក្នុងស្រុកលើវិស័យ AI ខណៈទាក់ទាញការវិនិយោគជាយុទ្ធសាស្រ្ត ដើម្បីគាំទ្រដល់មហិច្ឆតារបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញខ្សែច្រវាក់តម្លៃសកល។
គណៈប្រតិភូរបស់ក្រុមហ៊ុនHuawei បានបង្ហាញនូវកម្មវិធីAI ជាច្រើន ដែលបច្ចុប្បន្នកំពុងត្រូវបានប្រើប្រាស់ ដើម្បីបង្កើនប្រសិទ្ធភាព និងផលិតភាពនៅទូទាំងវិស័យ ចាប់ពីការត្រួតពិនិត្យគុណភាពដោយស្វ័យប្រវត្តិនៅក្នុងការផលិតរថយន្ត រហូតដល់ប្រព័ន្ធដឹកជញ្ជូនដ៏ឆ្លាតវៃ ដែលកាត់បន្ថយការចំណាយ និងសន្សំសំចៃពេលវេលា។ គណៈប្រតិភូក៏បានលើកឡើងពីករណីនៃខេត្ត ឈួយ ចូវ (Quizhou) ក្នុងប្រទេសចិន ដែលធ្លាប់មានការអភិវឌ្ឍន៍តិចតួច ប៉ុន្តែឥឡូវនេះជាមជ្ឈមណ្ឌលឌីជីថលដ៏រីកចម្រើន បន្ទាប់ពីការវិនិយោគទ្រង់ទ្រាយធំនៅក្នុងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ និងកុំព្យូទ័រលើពពក។
ក្រុមហ៊ុន Huawei បានស្នើចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយ ក្រសួងឧ.វ.ប.នដោយផ្តោតលើការបង្កើតថ្នាលស្រាវជ្រាវ និងអភិវឌ្ឍន៍AI នៅក្នុងប្រទេសកម្ពុជា និងការជំរុញទេពកោសល្យឌីជីថល តាមរយៈភាពជាដៃគូជាមួយសាកលវិទ្យាល័យ និងស្ថាប័នបច្ចេកទេសក្នុងស្រុក។
លោក វណ្ណឌី បានស្វាគមន៍ចំពោះសំណើនេះ ហើយបានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់រដ្ឋាភិបាល ក្នុងការធ្វើជាដៃគូជាមួយនវានុវត្តជនសកល។ លោកបានកត់សម្គាល់ថា កម្ពុជាបានបង្កើតគណៈកម្មាធិការជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍រួចហើយ ហើយកំពុងរៀបចំបង្កើតមូលនិធិស្រាវជ្រាវជាតិ ដើម្បីជំរុញការស្រាវជ្រាវឆ្លងវិស័យ។
លោកបន្ថែមថា “យើងមើលឃើញថាAI ជាម៉ាស៊ីនដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចនាពេលអនាគត”។ លោកបន្ថែមថា “ដើម្បីប្រកួតប្រជែងក្នុងសេដ្ឋកិច្ចឌីជីថលសកល យើងត្រូវបណ្តុះអ្នកជំនាញបច្ចេកវិទ្យាជំនាន់ថ្មីដែលមានជំនាញ”។
លោកបន្តថា “ខ្ញុំសង្ឃឹមថាភាពជាដៃគូនេះ នឹងជួយបង្រួមគម្លាតជំនាញបច្ចុប្បន្នរបស់យើង និងបង្កើតអត្ថប្រយោជន៍រយៈពេលវែងសម្រាប់វឌ្ឍនភាពឧស្សាហកម្ម និងបច្ចេកវិទ្យារបស់កម្ពុជា”។
កិច្ចសហប្រតិបត្តិការ ដែលបានស្នើឡើងជាមួយក្រុមហ៊ុន Huawei ត្រូវបានគេរំពឹងថានឹងបំពេញបន្ថែម កិច្ចខិតខំប្រឹងប្រែងជាតិ ក្នុងការកសាងសេដ្ឋកិច្ចផ្អែកលើចំណេះដឹង និងទាក់ទាញការវិនិយោគដែលមានតម្លៃខ្ពស់ នៅក្នុងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន។
ខណៈដែលស្ថាប័នរដ្ឋាភិបាល ជំរុញទៅមុខជាមួយនឹងក្របខ័ណ្ឌឌីជីថលជាតិ អ្នកជំនាញបានសង្កត់ធ្ងន់ថាAI អាចជាកត្តាជំរុញកំណើន និងជាស្ពានឆ្ពោះ ទៅរកបរិយាបន្នកាន់តែច្រើន ប្រសិនបើអនុវត្តដោយឆ្លាតវៃ។
លោក Tarun Dhawan នាយកគ្រប់គ្រងក្រុមហ៊ុន Moblaze ដែលជាទីភ្នាក់ងារទីផ្សារឌីជីថល ដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា និងវៀតណាម បានប្រាប់កាសែតខ្មែរថាមស៍ថា ការអភិវឌ្ឍន៍ AI គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់មហិច្ឆតាសេដ្ឋកិច្ចរបស់កម្ពុជា។
លោកបានមានប្រសាសន៍ថា “ប្រសិនបើកម្ពុជាមានមហិច្ឆតាក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ច ដែលជំរុញដោយឌីជីថល និងនវានុវត្តន៍ ហើយតាមទាន់ប្រទេស ដែលមានការអភិវឌ្ឍន៍កាន់តែច្រើន នោះការអភិវឌ្ឍន៍បញ្ញាសិប្បនិមិត្ត(AI) នឹងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា”។
លោក Dhawan បានពន្យល់ថា AI អាចនាំមកនូវតម្លៃសេដ្ឋកិច្ចពិតប្រាកដ និងជួយដោះស្រាយបញ្ហារចនាសម្ព័ន្ធ ដែលរារាំងការអភិវឌ្ឍ។ លោកបានមានប្រសាសន៍ថា “AIអាចផ្តល់នូវដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដែលមិនត្រឹមតែនាំមកនូវវិបុលភាពដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែក ក្នុងការលើកកម្ពស់គុណភាពជីវិត សម្រាប់ប្រជាជនរបស់ខ្លួនផងដែរ។ វាអាចដោះស្រាយបញ្ហាធំៗ និងជំរុញកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេស”។
យ៉ាងណាមិញ លោកបានសង្កត់ធ្ងន់ថា AI តែមួយមិនគ្រប់គ្រាន់ទេ។ លោកបានបន្ថែមថា “ដើម្បីប្រើប្រាស់សក្តានុពលនៃAI ឱ្យបានពេញលេញ កម្ពុជាក៏នឹងត្រូវផ្តល់អាទិភាពដល់ការអប់រំ និងការកសាងជំនាញឌីជីថលផងដែរ។ អ្នកបង្កើតគោលនយោបាយនឹងត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់បទប្បញ្ញត្តិដែលលើកកម្ពស់ការប្រើប្រាស់ AI ប្រកបដោយសីលធម៌ និងការការពារទិន្នន័យ” ។
នៅពេលសួរអំពីការត្រៀមខ្លួនរបស់កម្ពុជា ទាក់ទងនឹងទេពកោសល្យ និងហេដ្ឋារចនាសម្ព័ន្ធ លោក Dhawan បានចង្អុលបង្ហាញពីឧបសគ្គមួយចំនួន។
លោកបានមានប្រសាសន៍ថា “ប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនដូចជាកម្ពុជា ប្រឈមមុខនឹងបញ្ហាប្រឈមសំខាន់ៗជាច្រើនក្នុងការកសាងកម្លាំងពលកម្ម ដែលមានជំនាញAI និងបច្ចេកវិទ្យា”។ លោកបន្ថែមថា “ទាំងនេះអាចរួមបញ្ចូលគម្លាត នៃចំណេះដឹងនៃបច្ចេកវិទ្យាAIនិងកម្មវិធី (applications) ដែលមាន កង្វះអ្នកជំនាញ ដែនកំណត់ក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការគាំទ្រផ្នែកបច្ចេកទេសទាំងមូល”។
លោកបានកត់សម្គាល់ថា ភាពជាដៃគូរដ្ឋនិងឯកជន អាចដើរតួនាទីសំខាន់ ក្នុងការយកឈ្នះលើគម្លាតទាំងនោះ។
លោក Dhawan បានលើកឡើងថា “ការសហការជាមួយក្រុមហ៊ុនឯកជន អាចភ្ជាប់គម្លាតចំណេះដឹង ផ្តល់លទ្ធភាពទទួលបានជំនាញ និងការបណ្តុះបណ្តាល ផ្តល់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលត្រូវការ ហើយថែមទាំងបង្កើតឱកាសការងារនៅក្នុងប្រទេសផងដែរ”។
“តាមរយៈការធ្វើការរួមគ្នា ប្រទេស និងវិស័យឯកជនអាចបង្កើតប្រព័ន្ធអេកូឡូស៊ីគាំទ្រ សម្រាប់ការកសាងកម្លាំងពលកម្មជំនាញAI និងបច្ចេកវិទ្យា ជំរុញនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ច”។
ជាពិសេស លោកDhawan ជឿថា មិនគួរមើលAI តែមួយជ្រុងនោះទេ ប៉ុន្តែត្រូវធ្វើឱ្យស្របតាមអាទិភាពសេដ្ឋកិច្ច សង្គមស្នូលរបស់កម្ពុជា។
លោកបញ្ជាក់ថា “ការស្រាវជ្រាវ និងការអភិវឌ្ឍAI គួរតែត្រូវគ្នាទៅនឹងអាទិភាព សេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា កសិកម្ម ភស្តុភារ និងការអប់រំ”។
លោកបានលើកឡើង ឧទាហរណ៍ជាក់ស្តែងក្នុងផ្នែកនីមួយៗ ដោយបានពន្យល់ថា “ឧទាហរណ៍ក្នុងវិស័យកសិកម្មAI អាចត្រូវបានប្រើសម្រាប់ការធ្វើកសិកម្មច្បាស់លាស់ ដើម្បីបង្កើនទិន្នផលដំណាំ និងបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ធនធាន ដូចជា ដី ទឹក លាមកសត្វ និងថ្នាំសម្លាប់សត្វល្អិត។
ប្រព័ន្ធដែលដំណើរការដោយAI មានរួចហើយដើម្បីតាមដានសុខភាពដី ព្យាករណ៍គំរូអាកាសធាតុ និងកំណត់ជំងឺដំណាំ៕