ប្រតិភូធុរកិច្ចជប៉ុនស្វែងយល់ពីសក្តានុពលវិនិយោគនិងការធ្វើ ពាណិជ្ជកម្មនៅកម្ពុជា

0

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រោមការសម្របសម្រួល និងរៀបចំដោយក្រុមហ៊ុន Cambodia Securities Plc. ឯកឧត្តម នុត អ៊ុនវ័ណរ៉ាអគ្គលេ​ខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូវិនិយោគិនជប៉ុន ដឹកនាំដោយលោក Yajima Nobumasa នាយកប្រតិបត្តិវិទ្យាស្ថាន BARIKI ។

ជំនួបនេះ មានការចូលរួមពីតំណាងក្រុមហ៊ុនជប៉ុនមួយចំនួនទៀត ដែលមានបំណងស្វែងយល់ ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យកម្មន្តសាលខ្សែភ្លើង (Electric wires & cable) វិស័យស្ថាបត្យកម្មនិងសំណង់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។

លោកអគ្គលេខាធិការរង បានផ្តល់មតិស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូ ដែលបានមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា។ លោកបានឧទ្ទសនាមដោយសង្ខេបអំពីតួនាទី របស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បរិយាកាសវិនិយោគ ការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ ការធានាវិនិយោគក្រោមក្របខណ្ឌច្បាប់វិនិយោគ កត្តាអំណោយផលនៃសុខសន្តិភាព ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច វិស័យអាទិភាព និងភាពលេចធ្លោនៃហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តរបស់កម្ពុជាដែលកំពុងរីកដុះដាលជាបន្តបន្ទាប់។

គណៈប្រតិភូបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសក្តានុពលវិនិយោគក្នុងប្រទេសកម្ពុជា ពិសេសការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ ហើយបាននិងកំពុងសិក្សាស្វែងយល់ និងប្រមូលព័ត៌មានបន្ថែម ទាក់ទងនឹងការវិនិយោគក្នុងវិស័យរបស់ខ្លួន។

លោកប្រធានគណៈប្រតិភូ ក៏បានបញ្ជាក់ថាក្រុមហ៊ុនមិនត្រឹមតែមានគម្រោងវិនិយោគ ដោយផ្ទាល់នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានបំណងនាំយកវិនិយោគិនជប៉ុន ក្នុងវិស័យផ្សេងទៀតមកកាន់កម្ពុជាផងដែរ។

ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន ក៏នឹងនាំយកបច្ចេកទេស និងបទពិសោធន៍ ព្រមទាំងចែករំលែកចំណេះដឹង និងការបណ្តុះបណ្តាលជំនាញដល់កម្លាំងពលកម្មកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here