ដោយ វុត្ថា
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រកាសថា ជាលទ្ធផលគិតត្រឹមដំណាច់ខែមេសាឆ្នាំ ២០១៩ នេះការចុះបញ្ជីដីធ្លីទូទាំងប្រទេសសម្រេចបានប្រមាណ ៥,២លានក្បាលដីស្មើរ ៧៤% នៃចំនួនក្បាលដីប៉ាន់ស្មានសរុប ៧លានក្បាលដី។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា ក្នុងនោះការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបាន៤,៦លានក្បាលដី ចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំបាន៦សែនក្បាលដី។ សម្រាប់ការងារដោះស្រាយវិវាទដីធ្លី ក្រសួងទទួលបានពាក្យបណ្តឹង ១០,០៧៨ករណី ក្នុងនោះបានដោះស្រាយបញ្ចប់៨០៦២ ករណី និងកំពុងដោះស្រាយ ២០១៦ ករណី ។ ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចបាន២៤សហគមន៍ ស្មើនឹង៩៨៤ក្បាលដី។
តាមផែនការ ការចុះបញ្ជីដីទូទាំងប្រទេស រួមទាំងចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច នឹងឈានទៅសម្រេចបាន១០០%នៅក្នុងឆ្នាំ២០២១។
ដើម្បីធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ការគោរពសិទ្ធិរបស់ប្រជាពល រដ្ឋលើបញ្ហាដីធ្លី ការលើកកម្ពស់កម្រិតជីវភាព ការកាត់បន្ថយភាពក្រីក្រជូនប្រ ជាពលរដ្ឋ សន្តិសុខស្បៀង និងភាពសុដុមនៃសង្គម រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាសេនាធិការបានខិតខំរៀបចំនូវបទដ្ឋានគតិយុត្តិសមស្រប និងដាក់ចេញនូវផែនការសកម្មភាពជាក់ស្តែងចំរុញការចុះបញ្ជីដីធ្លីទូទាំងប្រទេស និងយន្តការនៃការដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋ រួមមាន គណៈកម្មការសុរិយោដីថ្នាក់ជាតិ-ថ្នាក់ខេត្ត អជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី យន្តការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការ និងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដោយឈរលើគោការណ៍ច្បាប់ជាធរមាន មិនមានការបង្ខិតបង្ខំ គំរាមកំហែង ឬ បំភិតបំភ័យគូភាគីណាមួយឡើយ៕