ចំណេះដឹង! តើ​ដំណើរការ​ផ្ទេរសិទ្ធិ​លើ​អចលនវត្ថុ​ធ្វើឡើង​ដូចម្តេច?

0
​ផ្ទេរសិទ្ធិ​លើ​អចលនវត្ថុ​

ដោយ ​វុត្ថា

ភ្នំពេញៈ ការផ្ទេរ​សិ​ទ្ធិអចលនវត្ថុ​ជា​រឿង​មួយ​មិនមែន​សាមញ្ញ​នោះទេ បើសិនជា​យើង​ធ្វេសប្រហែស​លើ​និតិ​វិធី​មួយចំនួន វា​នឹងមាន​បញ្ហា​នាពេល​អនាគត ហេតុនេះ​ការស្វែងយល់​ពី​រឿងនេះ​ពិតជា​មាន​សារៈសំខាន់ ដើម្បី​បង្ការ​ហានិភ័យ​នាពេល​ក្រោយ។

ចំពោះ​អចលនវត្ថុ​ប្លង់​ទន់ ដោយហេតុថា​ប្លង់​ទន់​នៃ​អចលនវត្ថុ ពុំមាន​ការកំណត់​ទទួលស្គាល់​ពេញលេញ​តាមផ្លូវ​ច្បាប់។ ការផ្ទេរសិទ្ធិ​លើ​អចលនវត្ថុ​ដែលមាន​ប្លង់​ទន់ តាម​ធម្មតា ធ្វើឡើង​តាមរយៈ​សេចក្តីបញ្ជាក់​លើ​លិខិត​ផ្ទេរសិទ្ធិ ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ចាប់ពី​កម្រិត​រដ្ឋបាល​ថ្នាក់ភូមិ ឬ​ឃុំ/សង្កាត់ ឬ​រហូតដល់​ស្រុក/ខណ្ឌ។

ជាទូទៅ​ដំណើរការ​ផ្ទេរសិទ្ធិ​បែបនេះ មាន​លក្ខណៈ​ងាយស្រួល ឆាប់រហ័ស និង​ចំណាយ​តិច ដោយសារ​បច្ចុប្បន្ន​ពុំទាន់​មាន​យន្តការ សម្រាប់​ប្រមូល​ពន្ធ​លើ​ការផ្ទេរសិទ្ធិ​ក្នុង​ប្លង់​ទន់​ទេ ប៉ុន្តែ​ទន្ទឹមនឹងនេះ ភាគី​អ្នកទទួល​ការផ្ទេរ​អចលនវត្ថុ​នោះ នឹងត្រូវ​ទទួលយក​ហានិភ័យ​នានា ដែល​ពាក់ព័ន្ធ​នឹង​ភាពស្រពេចស្រពិល នៃ​សិទ្ធិ​ក្នុង​ប្លង់​ទន់ ព្រមទាំង​កាតព្វកិច្ច​ដែល​ពាក់ព័ន្ធ។

ចំពោះ​អចលនវត្ថុ​ដែលមាន​ប្លង់រឹង​វិញ គូភាគី​អាច​តាក់តែង​កិច្ចសន្យា ដែលមាន​ចែង​អំពី​លក្ខខណ្ឌ​សិទ្ធិ និង​កាតព្វកិច្ច​របស់​គូភាគី​យ៉ាង​លម្អិត រាប់បញ្ចូល​ទាំង​ដំណាក់កាល​បង់ប្រាក់​ថ្លៃ​ទិញ​អចលនវត្ថុ ដោយ​អនុលោម​ទៅតាម​ដំណាក់កាល នៃ​ការចាត់ចែង​ផ្ទេរសិទ្ធិ។ ក៏ប៉ុន្តែ​កិច្ចសន្យា​បែបនេះ គ្រាន់តែ​ជា​ឯកសារ​នៃ​ការព្រមព្រៀង​គ្នា ជា​លក្ខណៈ​ឯកជន​រវាង​គូភាគី​តែប៉ុណ្ណោះ ដោយ​មិនអាច​យកទៅ​ចាត់ចែង​ផ្ទេរកម្មសិទ្ធិ​បានឡើយ។

ដើម្បី​ចាត់ចែង​ផ្ទេរសិទ្ធិ​លើ​អចលនវត្ថុ​បាន គូភាគី​ត្រូវ​បំពេញបែបបទ​លើ​លិខិតយថាភូត របស់​រដ្ឋបាល​សុរិយោដី និង​ផ្តិត​ស្នាម​មេដៃ នៅ​ចំពោះមុខ​មន្ត្រី​មាន​សមត្ថកិច្ច។

ឯកសារ​គាំទ្រ ដែល​ត្រូវការ​នៅក្នុង​ដំណើរការ​ផ្ទេរសិទ្ធិ​នេះ រួមមាន​ជាអាទិ៍​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតបញ្ជាក់​អត្តសញ្ញាណ​ណាមួយ​ផ្សេងទៀត ដែល​អាជ្ញាធរ​សុរិយោដី​អាច​ទទួលយកបាន ហើយ​ក្នុងករណី​ដែល​ភាគី​ណាមួយ ជា​នីតិបុគ្គល​ក្រុមហ៊ុន ម្ចាស់​ហ៊ុន​ត្រូវធ្វើ​លិខិត​ប្រគល់​សិទ្ធិ ដើម្បី​អនុញ្ញាតឱ្យ​អ្នកតំណាង​ជា​រូបវ័ន្ត​បុគ្គល បំពេញ​កិច្ច​ក្នុងនាម​នីតិបុគ្គល ដែល​អាច​តម្រូវឱ្យមាន​ការបញ្ជាក់​ពី​មេធាវី និង/ឬ​ពី​អាជ្ញាធរ​ឃុំ/សង្កាត់។

នៅពេល​មន្ត្រី​សុរិយោដី​បំពេញ​នីតិវិធី និង​បែបបទ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​រួចហើយ ច្បាប់​តម្រូវឱ្យ​បង់ពន្ធ​ប្រថាប់ត្រា លើ​ការផ្ទេរសិទ្ធិ​លើ​អចលនវត្ថុ (ដែល​បច្ចុប្បន្ន​អត្រាពន្ធ​គឺ4%នៃ​តម្លៃ​អចលនវត្ថុ ដែល​វាយតម្លៃ​ដោយ​អាជ្ញាធរ​ពន្ធដារ)។

ក្រោយពី​បាន​បង់ពន្ធ​ត្រឹមត្រូវ​រួចរាល់​ហើយ អាជ្ញាធរ​សុរិយោដី​នឹង​បញ្ចប់​នីតិវិធី​នៃ​ការផ្ទេរសិទ្ធិ ដោយ​ធ្វើការ​ចុះបញ្ជី​ការផ្ទេរ​នេះ​ក្នុង​កំណត់ត្រា​ផ្លូវការ និង​ចារ​និទ្ទេស​ន៍​សម្គាល់ នូវ​ការផ្ទេរសិទ្ធិ​នៅលើ​ឯកសារ​ប័ណ្ណកម្មសិទ្ធិ ជាការ​បញ្ចប់​ដំណើរការ​ផ្ទេរសិទ្ធិ​ជា​ផ្លូវការ និង​ដោយ​ស្របច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here