ដោយ វុត្ថា
ភ្នំពេញៈ គោលនយោបាយលើកទឹកចិត្ត និងឯកសារបច្ចេកទេសដែលគាំទ្រការងារគ្រប់គ្រងលំនៅស្ថាន ដែលមានតម្លៃសមរម្យត្រូវបានរៀបចំឡើង មានលក្ខណៈសម្បត្តិដល់អតិថិជនគោលដៅដែលអាចទទួលបានសិទ្ធិ ក្នុងការទិញលំនៅឋានតម្លៃសមរម្យ លក្ខខណ្ឌកំណត់ក្រោយការទិញលំនៅឋានតម្លៃសមរម្យ និងនិតិវិធី នៃការដាក់ពាក្យស្នើសុំទិញ ឬជួលលំនៅឋានតម្លៃសមរម្យ។
រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយស្ដីពី ការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ និងឯកសារបច្ចេកទេសគាំទ្រនេះ គឺដើម្បីធានាសិទ្ធទទួលបានលំនៅឋានសមរម្យ ជូនប្រជាជន និងសម្រាប់គាំទ្រដល់ការរៀបចំអភិវឌ្ឍន៍នគរូបនីយកម្មមួយ ប្រកបដោយប្រសិទ្ធភាព ដែលអាចទ្រទ្រង់សុខមាលភាព និងវិបុលភាព សេដ្ឋកិច្ច និងសង្គមផង។
ជាពិសេសជួយគាំទ្រ ដល់ក្រុមគ្រួសារមានប្រាក់ចំណូលទាប និងមធ្យមព្រមទាំងគ្រួសារងាយរងគ្រោះនៅទូទាំងប្រទេស។ ដោយឡែកនឹងមានកាលានុវត្តភាពនិងលទ្ធភាពខ្ពស់ជាងមុន ក្នុងការទទួលបានលំនៅស្ថានសមរម្យ ជាមួយតម្លៃដែលអាចឆ្លើយតបលទ្ធភាពចំណូលរបស់ពួកគាត់។
អាស្រ័យដោយកំណើនតម្រូវការលំនៅឋាន និងការតាំងទីលំនៅថ្មី មានការកើនឡើងយ៉ាងឆាប់រហ័ស ដែលបានជះឥទ្ធិពលដល់សណ្តាប់ធ្នាប់របៀបរៀបរយ សន្តិសុខ សុវត្ថិភាព និងសោភ័ណ្ឌភាពទីក្រុង ជាពិសេសដោយមើលឃើញថា លទ្ធភាពទទួលបានលំនៅឋានសមរម្យ មានសភាពកាន់តែទាបទៅ។
តាមគោលនយោបាយនេះ ប្រជាពលរដ្ឋដែលមានចំណូលទាប និងធម្យមអាចមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីទិញដោយបង់ប្រាប់បង្គ្រប់ក៏បាន ឬបង់រំលោះក៏បាន។
ម្យ៉ាងទៀតគោលនយោបាយ ស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសំរា ប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដែលរដ្ឋាភិបាលដាក់ចេញនេះពេលនេះ គឺបានគិតគូរក្នុងការរួមចំណែកលើកកម្ពស់ សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជាជាទូទៅ និងជាពិសេសក្រុមគ្រួសារមានប្រាក់ចំណូលទាប និងមធ្យម ព្រមទាំងគ្រួសារងាយរងគ្រោះ តាមរយៈការបង្កើតកាលានុវត្តភាពថ្មីមួយនេះ ដែលក្រុមគ្រួសារទាំងនោះ មានលទ្ធភាពខ្ពស់ជាងមុន ក្នុងការទទួលបានលំនៅឋានសមរម្យ ជាមួយតម្លៃដែលអាចឆ្លើយតបលទ្ធភាពចំណូលរបស់ខ្លួន៕