ចំណេះដឹង​! តើ​ឥណទាន​គេហដ្ឋាន​ផ្តល់​ផលប្រយោជន៍​ដូចម្តេច​?

0

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ ឥណទាន​គេហដ្ឋាន​ គឺជា​ប្រភេទ​ផលិតផល​ឥណទាន​ មាន​រយៈពេល​វែង​ ដែល​បាន​បង្កើត​ឡើង​ ដើម្បី​ផ្តល់​ជូន​សាធារណជន​ ដែល​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​ សម្រាប់​ទិញ​គេហដ្ឋាន​ដែល​កំពុងតែ​សាងសង់​ ឬសាងសង់​រួច​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​ ឬក៏​សម្រាប់​យក​ទៅ​សាងសង់​គេហដ្ឋាន​លើ​ដី​កម្មសិទ្ធិ​ដែល​មានស្រាប់​។

១) ប្រភេទ​ប្រាក់​ ទំហំ​ឥណទាន​ និង​រយៈពេល​ឥណទាន​

• ​ឥណទាន​គេហដ្ឋាន​ ត្រូវ​បាន​ផ្តល់​ជូន​អតិថិជន​ជា​ប្រាក់​ដុល្លារ​អាមេរិក​ និង​មិន​ត្រូវ​លើស​ពី៧០ភាគរយ​ នៃ​តម្លៃ​សរុប​របស់​គេហដ្ឋាន​ដែល​ត្រូវ​ទិញ​ ឬសាងសង់​គេហដ្ឋាន​លើ​ដី​កម្មសិទ្ធិ​ដែល​មានស្រាប់​នោះ​ឡើយ​។

• ​រយៈពេល​ខ្ចី​អតិបរមា១០ឆ្នាំ​ ចំពោះ​ ៖

អតិថិជន​ជា​កម្មករ​ និយោជិត​កំពុង​បម្រើការ​ងារ​ ក្នុង​ស្ថាប័ន​សាធារណៈ​ និង​ទីភ្នាក់ងារ​ជាតិ​-អន្តរជាតិ​ ដោយ​មិន​ត្រូវ​លើស​ពី​អាយុ​ចូលនិវត្តន៍​ឡើយ​។

អតិថិជន​ផ្សេងទៀត​ ត្រូវ​មាន​កាយសម្បទា​រឹងមាំ​ និង​មាន​អាយុ​ចាប់ពី​ពេល​ទទួល​ប្រាក់កម្ចី​រហូតដល់​ កា​លាវ​សាន​នៃ​រយៈពេល​ខ្ចីប្រាក់​ មិន​ត្រូវ​លើស​ពី​អាយុ៦០ឆ្នាំ​ឡើយ​ ។

​២) លក្ខណ​សម្បត្តិ​អតិថិជន​ដែល​អាច​ទទួល​ឥណទាន​គេហដ្ឋាន​

• ​ជន​កម្ពុជា​គ្រប់រូប​ដែល​ជា​ពលរដ្ឋ​សកម្ម​ ឬជា​នីតិជន​

• ​មានមុខ​របរ​ ប្រាក់បៀវត្សរ៍​ ឬប្រភព​ចំណូល​ដែល​មាន​និរន្តរភាព​ និង​មានលទ្ធភាព​អាច​សងបំណុល​បាន​។

• ​មាន​ប្រវត្តិ​ កេរ្តិ៍ឈ្មោះ​ អត្តចរិត​ល្អ​ និង​មាន​ចេតនា​សងបំណុល​

• ​មាន​ទីលំនៅ​អចិន្ត្រៃយ៍​ ដោយមាន​ការ​បញ្ជាក់​ដឹងឮ​ ពី​អាជ្ញាធរ​ក្នុង​តំបន់​របស់​ខ្លួន​រស់នៅ​។

• ​ធានា​ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ​ ច្បាស់លាស់​ គ្រប់គ្រាន់​ និង​ទាន់ពេល​វេលា​ជូន​ធនាគារ​។

• ​គេហដ្ឋាន​ដែល​ទិញ​ ត្រូវ​ស្ថិត​ក្នុង​តំបន់​ប្រតិបត្តិ​ការ​របស់​ធនាគារ​ ដោយមាន​ការ​បញ្ជាក់​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​តាមផ្លូវ​ច្បាប់​។

• ​មិន​មានបំណង​ផ្លាស់​ប្តូរ​ទីលំនៅ​ទៅក្រៅ​ ពី​តំបន់​ប្រតិបត្តិ​ការ​របស់​សាខា​ធនាគារ​ ដែល​ខ្លួន​បាន​ជំពាក់បំណុល​រហូតដល់​ពេល​សង​រួច​៕

LEAVE A REPLY

Please enter your comment!
Please enter your name here