ដោយ វុត្ថា
ភ្នំពេញ: ការបែងចែកកេរមរតក គឺមានចែងនៅក្នុងក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ ចាប់ពីមាត្រា ១១៤៥ រហូតដល់ មាត្រា ១៣០៤ (សន្តតិកម្ម)។
ការផ្ទេរកេរមរតក ត្រូវធ្វើទៅតាមឆន្ទៈ របស់មតកជន (ជនដែលស្លាប់ហើយ ដែលជាម្ចាស់កេរមរតក) ប្រសិន បើគាត់ មានទុកបណ្តាំ។ គេឲ្យឈ្មោះ ថាសន្តតិកម្ម តាមមានបណ្តាំ ឬ សន្តតិកម្ម តាមមតកសាសន៍។
ក្នុងករណី គ្មានបណ្តាំការផ្ទេរមរតក គឺ ត្រូវ ធ្វើ ឡើង ទៅតាម ការកំណត់ ដោយ បទប្បញ្ញត្តិ ដែល មាន ចែង ក្នុង ក្រមរដ្ឋប្បវេណី។ គេ ឲ្យ ឈ្មោះ ថា សន្តតិកម្ម តាមច្បាប់ (មាត្រា ១១៤៥)។
សន្តតិកម្ម គឺជាការផ្ទេរសិទ្ធិ និងករណីយកិច្ចរបស់ មតកជនឱ្យសន្តតិជន ម្នាក់ឬច្រើននាក់តាមឆន្ទៈ (តាមបណ្តាំ) ឬតាមច្បាប់។
មតកជន គឺជាជនដែលបានស្លាប់ទៅហើយ រីឯ សន្តតិជនគឺជាជនដែល ទទួលបន្តសិទ្ធិ និងករណីយកិច្ចរបស់មតកជនតាមរយៈសន្តតិកម្ម។ សន្តតិកម្ម ចែកចេញជាពីរគឺ សន្តតិកម្មតាមឆន្ទៈ (មានបណ្តាំធ្វើឡើងដោយមតកជន) និង តាមច្បាប់ (គ្មានបណ្តាំ ដូច្នេះ តុលាការគឺ ជាអ្នកកំណត់)។
បើបកស្រាយឱ្យងាយស្រួលយល់ យើងអាចនិយាយបានថា សន្តតិកម្ម គឺជាការប្រគល់ទ្រព្យសម្បត្តិទាំងឡាយណា ដែលបន្សល់ទុកដោយជន ដែលបានស្លាប់ហើយឱ្យទៅបុគ្គលដែលត្រូវជាញាតិរបស់បុគ្គលដែលស្លាប់នោះ។
ឧទាហរណ៍ ក និង ខ ហើយមានកូនចំនួន៤នាក់ គឺ គ ឃ ង និង ច។ ក្រោយមក ក (ឪពុក) ក៏បានស្លាប់ ហើយសល់ទឹកប្រាក់ចំនួន១លានដុល្លារ។ ដូច្នេះ ក គឺជាមតកជន ខ(ម្តាយ) និង កូនទាំង ៤នាក់ គឺ គ ឃ ង និង ច គឺជាសន្តតិជន ហើយទឹកប្រាក់ចំនួន ១លានដុល្លារ គឺជាមត៌ក (ទ្រព្យសម្បត្តិ ជាកេរទាំងឡាយដែលមតកជនបានបន្សល់ទុកក្រោយពេលស្លាប់)។ មត៌កទាំងអស់នេះ នឹងត្រូវចែក ស្មើៗគ្នាទៅឱ្យសន្តតិជន ប្រសិនបើរកឃើញថាមិនមានបណ្តាំមត៌ក៕