ដោយ វុត្ថា
ភ្នំពេញៈ រាជរដ្ឋាភិបាលបានអនុម័ត «យុទ្ធសាស្ត្រស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ២០១៩-២០២៥» កាលពីថ្ងៃទី២២ខែតុលា ឆ្នាំ២០១៩ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩។
យុទ្ធសាស្ត្រស្តីពីការកែទម្រង់ ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ២០១៩-២០២៥ គឺជាសមាសភាគដ៏សំខាន់មួយនៃ យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ ក្រោមក្របខ័ណ្ឌកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ឯកសារយុទ្ធសាស្រ្តនេះ បានកំណត់ក្របខ័ណ្ឌរួមមួយ ក្នុងការបង្កើតប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ពីគ្រប់ប្រភពហិរញ្ញប្បទាន (ទាំងពីថវិកាជាតិ, ថវិកាហិរញ្ញប្បទានដោយដៃគូអភិវឌ្ឍន៍ និងទុនវិនិយោគឯកជន តាមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន) និងនៅគ្រប់កម្រិតរដ្ឋបាល (ទាំងថ្នាក់ជាតិ ទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈរដ្ឋបាល សហគ្រាសសាធារណៈ និងអង្គភាពសាធារណៈប្រហាក់ប្រហែល)។
ការអនុវត្តនូវយុទ្ធសាស្រ្តនេះ ចែកចែកជា២ដំណាក់កាល តាមរយៈការដាក់ចេញនូវវិធានការគោលនយោបាយសំខាន់ៗមួយចំនួន ទាំងនៅក្នុងរយៈពេលខ្លីបន្ទាន់ចំពោះមុខ និងរយៈពេលមធ្យម ដោយក្នុងនោះ ក៏មានទាំងការរៀបចំសេចក្តីព្រាង «អនុក្រឹត្យស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈ» ផងដែរ។
សេចក្តីព្រាងអនុក្រឹត្យនេះ គោលបំណងធានាប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព គណនេយ្យភាព និងចីរភាពនៃការ គ្រប់គ្រង គម្រោងវិនិយោគសាធារណៈ នៅតាមដំណាក់កាល នៃវដ្ដគម្រោង និងមានវិសាលភាពគ្របដណ្តប់លើការ គ្រប់គ្រងគម្រោង វិនិយោគសាធារណៈ ដែលហិរញ្ញប្បទានដោយថវិកាជាតិ ហិរញ្ញប្បទានដោយដៃគូរអភិវឌ្ឍន៍ហិរញ្ញប្បទានដោយវិស័យឯកជន តាមយន្តការPPP និងយន្តការផ្សេងទៀត ហិរញ្ញប្បទាន ដោយការធ្វើឯកជនភាវូបនីយកម្មទ្រព្យសម្បត្តិរដ្ឋ ដោយប្រភពហិរញ្ញប្បទានចម្រុះ ព្រមទាំងដោយសហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈ និងអង្គភាពសាធារណៈប្រហាក់ប្រហែលដទៃទៀត។
សេចក្តីព្រាងអនុក្រឹត្យនេះ មានគោលបំណងដោះស្រាយបញ្ហានៅក្នុងប្រព័ន្ធ នៃការវិនិយោគសាធារណៈរបស់យើងបច្ចុប្បន្ន ពិសេសការប្រើប្រាស់ ធនធានវិនិយោគ របស់ប្រទេសទាំងមូល ដែលមានលក្ខណៈរាយប៉ាយ ឱ្យក្លាយទៅលក្ខណៈជាប្រព័ន្ធ ស្របទៅតាមបទដ្ឋាន និងនីតិវិធីច្បាប់ ដោយមានភ្ជាប់នូវការទទួលខុសត្រូវច្បាស់លាស់ ទាំងសម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលនឹងបំពេញមុខងារជាទ្វារបាលនៃការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ និងទាំងសម្រាប់ក្រសួង-ស្ថាប័ននានា ដែលជាប្រតិបត្តិករអនុវត្តផ្ទាល់៕