ដោយវុត្ថា
ភ្នំពេញៈ វិស័យសំណង់នៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន បាននិងកំពុងមានការរីកចម្រើន និងរីកដុះដាលជាខ្លាំង ដោយសារកំណើនវិនិយោគិន និងកំណើនប្រជាជនមានការកើនឡើង ដែលជំរុញឱ្យវិស័យសំណង់លំនៅដ្ឋាន ឬអគារផ្សេងៗបាននឹងកំពុងសាងសង់យ៉ាងហូរហែរ ដើម្បីបំពេញតាមសេចក្ដីត្រូវការស់ប្រជាពលរដ្ឋ ក៏ដូចជាវិនិយោគិនបរទេស។
ទន្ទឹមនឹងនេះ ដើម្បីធានាថាការសាងសង់ និងសំណង់ទាំងនោះ ត្រូវបានធ្វើឡើងស្របទៅតាមបទដ្ឋានគតិយុត្ត ព្រមទាំងមិនបង្កនូវបញ្ហា ឬគ្រោះថ្នាក់ណាមួយជាយថាហេតុ អ្នកដែលមានបំណងចង់សាងសង់នូវសំណង់ថ្មី ត្រូវទទួលបានលិខិតអនុញ្ញាតសាងសង់ជាមុនសិន ហើយលក្ខខណ្ឌនៃការស្នើសុំលិខិតនេះទៀតសោត ក៏ត្រូវបានបញ្ញត្តិយ៉ាងជាក់លាក់ដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
យោងតាមអនុក្រឹត្យលេខ ៨៦ អនក្រ.បក ស្ដីពីលិខិតអនុញ្ញាតសាងសង់ របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ សំណង់ដែលតម្រូវឱ្យមានលិខិតអនុញ្ញាតសាងសង់ជាមុនគឺ រាល់ការសាងសង់ថ្មី ឬសាងសង់ឡើងវិញ លើអគារដែលមានស្រាប់ (ក្នុងករណីដែលការសាងសង់ឡើងវិញនោះប្ដូរទ្រង់ទ្រាយ ឬទិដ្ឋភាពនៃសំណង់) នៅក្នុងទីក្រុង និងទីប្រជុំជន។
មាត្រា៩ នៃអនុក្រឹត្យ ស្ដីពីលិខិតអនុញ្ញាតសាងសង់ បានចែងអំពីឯកសារចាំបាច់សម្រាប់ការស្នើសុំដូចខាងក្រោម ទី១ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់អចលនវត្ថុ ឬលិខិតកាន់កាប់ដីជាបណ្ដោះអាសន្ន។ ទី២ សល័ក្របត្រដីឡូតិ៍ និងប្លង់ទីតាំងអគារនៅក្នុងដីឡូតិ៍ ទី៣ ប្លង់ និងគម្រោងស្ថាបត្យកម្ម វិស្វកម្ម ទី៤ អត្តសញ្ញាណប័ណ្ណសម្គាល់ជាជនជាតិខ្មែររបស់អ្នកស្នើសុំ ទី៥ ពាក្យសុំលិខិតអនុញ្ញាតសាងសង់ ដោយមានហត្ថលេខារបស់ម្ចាស់ដី និងអ្នកធ្វើគម្រោង។ (សំណុំលិខិតពាក្យសុំលិខិតអនុញ្ញាត សាងសង់ទាំងអស់ត្រូវធ្វើឡើងជាភាសាខ្មែរ ហើយអត្ថបទជាភាសាអង់គ្លេស និងភាសាបារាំងអាចផ្ដល់ភ្ជាប់ជាមួយនឹងលិខិតនេះបាន)។
ចំណែកឯសំណង់ជាលំនៅដ្ឋាន របស់ប្រជាពលរដ្ឋដែលស្ថិតនៅទីជនបទ ឬតំបន់ឆ្ងាយពីផ្លូវជាតិ ផ្លូវដែក និងឆ្ងាយពីតំបន់រមណីយដ្ឋានទេសចរណ៍ តំបន់បេតិកភណ្ឌជាតិ ឬតំបន់រក្សាទុកការពារវិញនោះ គឺមិនតម្រូវឱ្យមានលិខិតអនុញ្ញាតសាងសង់នោះឡើយ។ លិខិតអនុញ្ញាតសាងសង់ ត្រូវបានតម្រូវឱ្យស្នើសុំដោយម្ចាស់គម្រោង ឬអ្នកតំណាងស្របច្បាប់របស់ម្ចាស់គម្រោង។
ជាក់ស្ដែងនីតិវីធី នៃការស្នើសុំលិខិតអនុញ្ញាតសាងសង់នេះ មិនមានលក្ខណៈស្មុគស្មាញដែលអាចបង្កជា ការលំបាកដល់បងប្អូនប្រជាពលរដ្ឋនោះឡើយ៕