ចំណេះដឹង! តើអ្វីជាហ៊ីប៉ូតែក?

0

ដោយវុត្ថា

ភ្នំពេញៈ ហ៊ីប៉ូតែក គឺជាសិទ្ធិប្រាតិភោគមួយប្រភេទ ដែលម្ចាស់បំណុលមានសិទ្ធិទទួលបានការសងចំពោះសិទ្ធិលើបំណុលរបស់ខ្លួន ដោយមានអាទិភាពជាងម្ចាស់បំណុ​លផ្សេងទៀត ចំពោះអចលនវត្ថុដែលបានដាក់ជាប្រាតិភោគនៃកាតព្វកិច្ច ដោយកូនបំណុ​ល ឬដោយគតិយជនមិនផ្ទេរការកាន់កាប់។

ផ្អែកតាមអត្ថន័យនេះ ហ៊ីប៉ូតែក គឺជាប្រភេទនៃសិទ្ធិប្រាតិភោគមួយ ដែលមិនផ្ទេរការកាន់កាប់ ពោលគឺហ៊ីប៉ូតែកគ្រប់គ្រងចំពោះតែតម្លៃនៃវត្ថុតែប៉ុណ្ណោះ។ ហេតុនេះកូនបំណុល ឬគតិយជនដែលបានយកវត្ថុមកដាក់ជាប្រាតិភោគ នៅតែមានសិទ្ធិប្រើប្រាស់ និងអាស្រ័យផលពីវត្ថុនោះដដែល។

ម្យ៉ាងវិញទៀត ហ៊ីប៉ូតែកក្រៅពីមិនតម្រូវឲ្យផ្ទេរ ការកាន់កាប់ ក៏មិនតម្រូវឲ្យប្រគល់ប័ណ្ណកម្មសិទ្ធិដែរ នេះគឺជាចំណុចខុសគ្នាអំពីការដាក់ធានា ដែលមានចែងនៅក្នុងច្បាប់ភូមិបាល ។ មួយវិញទៀត ហ៊ីប៉ូតែកអាចធ្វើបានច្រើនដង មានន័យថាគេអាចបង្កើត ហ៊ីប៉ូតែកច្រើនជាងមួយ ហើយក្នុងករណីហ៊ីប៉ូតែកច្រើន ត្រូវបានបង្កើតឡើយលើអចលនវត្ថុតែមួយ លំដាប់នៃហ៊ីប៉ូតែកត្រូវអនុលោម ទៅតាមពេលវេលាដែលបានចុះបញ្ជី (មាត្រា៨៥១ នៃក្រមរដ្ឋប្បវេណី)។

យោងតាមស្មារតីនៃមាត្រា៨៤៣ ម្ចាស់បំណុលនៃហ៊ីប៉ូតែក មានសិទ្ធិទទួលការសងចំពោះសិទ្ធិលើបំណុលរបស់ខ្លួន ដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត ចំពោះអចលនវត្ថុដែលបាន ដាក់ប្រាតិភោគនៃកាតព្វកិច្ចដោយកូនបំណុល ឬតតិយជនដោយមិនផ្ទេរការកាន់កាប់។

ឧទាហរណ៍ៈ លោក«ក» មានដីមួយកន្លែង ហើយបានយកដីនោះទៅបង្កើតហ៊ីប៉ូតែក ជាមួយធនាគារ «ខ» ដើម្បីខ្ចីលុយចំនួន១០.០០០ដុល្លារ ។ ក្រោយមកលោក «ក» បានយកដីដដែលទៅបង្កើតហ៊ីប៉ូតែក ជាមួយធនាគារ «គ» មួយទៀតដើម្បីខ្ចីលុយចំនួន ២០.០០០ ដុល្លារទៀត។

មានន័យថាៈ លោក «ក» ជាកូនបំណុល ចំណែកធនាគារ «ខ» និង «គ» ជាម្ចាស់បំណុលនៃហ៊ីប៉ូតែ «ក» ។ ប៉ុន្តែបើយើងនិយាយអំពីម្ចាស់បំណុល ដែលមានអាទិភាពទទួ​លបាន ការសងមុនគេ គឺធនាគារ «ខ» ដោយសារតែលោក «ក» បានបង្កើតហ៊ីប៉ូតែក ជាមួយធនាគារ «ខ» មុនធនាគារ «គ» ៕

LEAVE A REPLY

Please enter your comment!
Please enter your name here