ដោយៈ វុត្ថា
ភ្នំពេញៈ ក្នុងពេលប្រតិបត្តិការវិនិយោគរយៈពេលវែង និងរយៈពេលខ្លី ក្នុងកំឡុងពេលវិនិយោគនេះ អ្នកវិនិយោគអាចធ្វើការកែប្រែគម្រោងវិនោយោគបាន។
ការកែប្រែគម្រោងវិនិយោគ សំដៅដល់ការផ្លាស់ប្តូរមួយចំនួន ដូចជា អាស័យដ្ឋាន ទីស្នាក់ការ ទីតាំងអាជីវកម្ម នាមករណ៍ ភាគហ៊ុន ជាដើម ។ ដើម្បីធ្វើការកែប្រែនេះឲ្យមានប្រសិទ្ធិភាព ជាគោលករណ៍អ្នកស្នើសុំត្រូវដាក់ពាក្យសុំទៅ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា ឬ អនុគណៈកម្មាធិការរាជធានី ខេត្ត រងចាំការចេញសេចក្តីសម្រេច ក្នុងរយៈពេលមួយកំណត់។
មូលហេតុដែលតម្រូវឲ្យមានការ កែប្រែនេះឡើងបណ្តាលមកពី ករណីដូចខាងក្រោម៖
- ការទិញវិនិយោគ
- ការរំលាយបញ្ចូលគ្នា
ក១.ការទិញវិនិយោគ
ដោយយោងតាមច្បាប់ស្តីពីវិនិយោគ មានការហាមឃាត់ដោយប្រយោល លើគម្រោងវិនិយោគ ព្រោះច្បាប់បានហាមឃាត់ក្នុងការលក់ ឬផ្ទេរវិនិយោគឡើយ ។ ប៉ុន្តែច្បាប់នេះ ត្រូវបានលុបចោលដោយច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការវិនិយោគ ដែលជំនួសដោយច្បាប់វិសោធនកម្មឆ្នាំ២០០៣ បានអនុញ្ញាតឲ្យមានការផ្ទេរ និងទិញ លក់ ឬរំលាយចូលគ្នាកាលណា គម្រោងវិនិយោគនោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
អ្នកទិញជាបុគ្គល មិនបានចុះបញ្ជីអ្នកសុំទិញត្រូវដាក់ពាក្យទៅ (CDC) ឬអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត តាមនីតិវិធីចុះបញ្ជី និងផ្ទេរវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរនៃគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មកនីតិបុគ្គលថ្មីក្នុងរយៈពេល ១០ ថ្ងៃមុនធ្វើការផ្ទេរ ។ (CDC) ឬអនុគណៈកម្មាធិការរាជធានី ខេត្ត ត្រូវធ្វើការត្រួតពិនិត្យព្រម ឬមិនព្រម និងត្រូវជូនដំណឹងទៅនីតិបុគ្គលជាអ្នកទិញ ក្នុងរយៈពេល១០ថ្ងៃបន្ទាប់ពីទទួលពាក្យស្នើសុំ។
អ្នកទិញជាបុគ្គលបានចុះបញ្ជី ត្រូវអនុវត្តដូចនីតិវិធី អ្នកទិញជាបុគ្គលមិនបានចុះបញ្ជីដែរ ។
ក២.ការរំលាយបញ្ចូលគ្នា
ប្រសិនបើមានការព្រមព្រៀងគ្នារវាង អ្នកវិនិយោគពីរ ឬច្រើនបានយល់ព្រមដាក់បញ្ចូលគ្នានូវវិនិយោគរបស់ខ្លួន តាមការព្រមព្រៀង បង្កើតទៅជានីតិបុគ្គលថ្មី ដែលបានទទួលការលើកទឹកចិត្ត និង ការការពារ ត្រូវអនុវត្តនូវវិធានការដូចខាងក្រោម៖
- ដាក់ពាក្យទៅ (CDC) ឬ អនុគណៈកម្មាធិការរាជធានី ខេត្ត តាមនីតិវិធីសុំចុះបញ្ជីវិនិយោគ និងធ្វើការផ្ទរវិញ្ញាបនបត្រស្ថាពរ នៃគម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់មក ឲ្យនីតិបុគ្គលថ្មី ក្នុងរយៈពេល១០ថ្ងៃ មុនធ្វើការរំលាយបញ្ចូលគ្នា។
- (CDC) ត្រូវធ្វើការត្រួតពិនិត្យថា តើព្រមឬមិនព្រម នៃការចុះបញ្ជី និងការផ្ទេរវិញ្ញាបនបត្រស្ថាពរ និងជូនដំណឹងទៅអ្នកទិញក្នុងរយៈពេល១០ថ្ងៃ បន្ទាប់ពីទទួលពាក្យស្នើសុំ៕