ស្ថានទូតចិន អះអាងថា ការផ្គត់ផ្គង់វត្ថុធាតុដើមមកចិនជាង ៦០កុងតឺណ័រ នឹងមកដល់កម្ពុជាមុនគេ នៅថ្ងៃទី៩ ខែមីនា នេះ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ តាមរយៈស្ថានទូតចិនប្រចាំនៅក្នុងប្រទេសកម្ពុជា បានអះអាងថា ក្នុងនាមជាបងប្អូនដែកថែប ពេលនេះរដ្ឋាភិបាលចិន បាន និងកំពុងតែចាត់វិធានការនិងធ្វើសកម្មភាពយ៉ាងឆាប់រហ័សក្នុងការជួយដោះស្រាយបញ្ហាកង្វះវត្ថុធាតុដើមក្នុងវិស័យវាយនភណ្ឌនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ នាវាដឹកជញ្ជូនវត្ថុធាតុដើមជាង ៦០កុងតឺណឺ នឹងមកដល់កំពង់ផែខេត្តព្រះសីហនុមុនគេបង្អស់នាថ្ងៃចន្ទ ទី៩ ខែមីនានេះ។

លោក Wu Guoquan ទីប្រឹក្សាកិច្ចការពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជាបានលើកឡើងថាកាលពីល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ថា មានសុខរួមសុខ មានទុក្ខរួមទុក្ខ គឺជាអត្ថន័យស្នូលនៃសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា ហើយភាគីចិនកំពុងតែរិះរកវិធីសាស្រ្ត ដើម្បីពុះពាររាល់លំបាកក្នុងកិច្ចការមួយនេះ។
លោកបានបញ្ជាក់ទៀតថា “ក្រសួងពាណិជ្ជកម្មចិន និងស្ថានទូតចិនប្រចាំកម្ពុជាកំពុងតែចាត់វិធានការសម្របសម្រួលធានាដល់ការផ្តល់ និងដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេរនៅក្នុងប្រទេសកម្ពុជា។ សហគ្រាស និងបុគ្គលិកចិនតែងលើកឡើងថា ការលំបាកដែលបងប្អូនកម្ពុជាកំពុងតែជួបប្រទះ វាគឺជាការលំបាករបស់យើងទាំងអស់គ្នា សង្ឃឹមថាយើងអាចជួយដល់ប្រទេសកម្ពុជាដោយអស់ពីកម្លាំងកាយ និងចិត្ត”។

លោក Wu Guoquanមានប្រសាសន៍ថា “យើងជឿជាក់ថាស្ថិតនៅក្រោមការគាំទ្រពីរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងសហគ្រាសដែលពាក់ព័ន្ធ វត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេររបស់ប្រទេសចិន នឹងដឹកជញ្ជូនមកដល់រោងចក្រកម្ពុជាបានយ៉ាងឆាប់រហ័ស ហើយការខាតបង់នៃភាគីកម្ពុជានឹងអាចធ្លាក់ដល់អត្រាទាបបំផុត វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងក្នុងប្រទេសកម្ពុជា នឹងឆ្លងផុតនូវដំណាក់កាលដ៏លំបាកមួយនេះបានយ៉ាងឆាប់រហ័ស”។

ក្រុមហ៊ុន SITCដែលបានដឹកជញ្ជូនវត្ថុធាតុដើមជាង ៦០កុងតឺណឺ នឹងមកដល់កំពង់ផែខេត្តព្រះសីហនុមុនគេបង្អស់នាថ្ងៃចន្ទ ទី៩ ខែមីនានេះ។ រីឯភាគីកម្ពុជាវិញ នឹងជួយសម្រួលការចុះចតនៃកប៉ាល់ដឹកវត្តុធាតុដើមនេះក្នុងកំពង់ផែខេត្តព្រះសីហនុ, ជួយលើកកម្ពស់អត្រាប្រសិទ្ធភាពនៃការដាក់ទំនិញចុះ និងអត្រាប្រសិទ្ធភាពនៃការផ្តល់ទំនិញដល់អតិថិជននៅក្នុងកំពង់ផែផ្ទាល់, ជួយផ្តល់អទិភាពក្នុងការបើកច្រកបៃតងសម្រាប់រៀបចំឯកសារបែបបទ, ជួយផ្តល់អទិភាពក្នុងការដឹកជញ្ជូនកុងតឺនឺតាមរយៈរថយន្តស្ទូចដោយបានសម្រួលពីខាងគយ និងការរៀបចំផ្សេងទៀតផងដែរ។

ក្រុមហ៊ុនដឹកជញ្ជូន SITC CONTAINER LINES CAMBODIA, ក្រុមហ៊ុនដឹកជញ្ជូន COSCO SHIPPING/ RCL, ក្រុមហ៊ុនដឹកជញ្ជូន Oriental Overseas Container Line, ក្រុមហ៊ុនដឹកជញ្ជូនSINOTRANS / RCL និងក្រុមហ៊ុនដឹកជញ្ជូនផ្សេងទៀត បានសហការរួមគ្នាជាកម្លាំងធានាបាននូវកិច្ចការដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេរដោយអស់ពីលទ្ធភាព ដើម្បីសម្រួលដល់ការដឹកជញ្ជូនវត្ថុធាតុដើមច្រើនជាងគេមកកាន់កំពង់ផែក្នុងសប្តាហ៍នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here