សម្តេចតេជោនឹងស្នើរដ្ឋសភាប្រកាសផ្លាស់ប្តូររដ្ឋមន្ត្រីចំនួន៤រូប

0
សម្តេចតេជោនឹងស្នើរដ្ឋសភាប្រកាសផ្លាស់ប្តូររដ្ឋមន្ត្រីចំនួន៤រូប

ដោយ​គង់ សូរិយា

ភ្នំពេញ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្ញើលិខិត​ជូន​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី​សុំ​ឲ្យ​រៀបចំ​ការបោះឆ្នោត ផ្តល់​សេចក្តីទុកចិត្ត​លើ​ការតែងតាំង​និង​ការកែសម្រួល​សមាសភាព​រដ្ឋាភិបាល។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បង្ហោះ​លិខិត​នេះ លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក នៅ​យប់​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០បាន​ឲ្យ​ដឹងថា រដ្ឋមន្ត្រី​ថ្មី៤រូប ដែល​ត្រូវ​បានស្នើ​ឲ្យ​តែងតាំង រួមមាន លោក កើត រិ​ទ្ធ ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជំនួស​លោក អង្គ វង្សវឌ្ឍានា លោក ព្រុំ សុខា ជា​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ជំនួស​លោក ពេជ្រ ប៊ុនធិន លោក ជា វ៉ាន់​ដេ​ត ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ជំនួស​លោក ត្រាំ អ៊ីវតឹក, និង លោក ឈិ​ត សុខុន ជា​រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា ជំនួស​លោក ហ៊ឹម ឆែម។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី​ទាំង៤រូប ដែល​នឹងត្រូវ​ប្តូរ​ចេញ ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី ស្នើ​ឲ្យ​តែងតាំង​ជា​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស​ទាំងអស់គ្នា។

រីឯ​លោក ចម ប្រសិទ្ធ នៅតែមាន​ឋានៈ​ជា​ទេសរដ្ឋមន្ត្រី និង​កាន់ដំណែង​រដ្ឋមន្ត្រី​ដដែល ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ស្នើ​ឲ្យ​តែងតាំង​លោក ជា​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដែល​ប្តូរ​ឈ្មោះ​មកពី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម។

ក្នុង​លិខិត​ចុះ​នៅ​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ សម្តេចនាយក​រដ្ឋមន្ត្រី ជម្រាបជូន​សម្តេច​ប្រធានរដ្ឋសភា​ថា ការស្នើសុំ​តែងតាំង និង​កែសម្រួល​សមាសភាព​រដ្ឋា​ភិ​បាល​នាពេលនេះ យោងទៅតាម​តម្រូវការ​ចាំបាច់ ក្នុង​ការបង្កើន​ប្រសិទ្ធភាព​ការងារ​របស់​រដ្ឋាភិបាល។

កិច្ចប្រជុំ​រដ្ឋសភាជាតិ នៅ​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ខាងមុខ  រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំពេញអង្គ​វិសាមញ្ញ ដើម្បី​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត លើ​ការតែងតាំង​និង​ការកែសម្រួល​សមាសភាព​រដ្ឋាភិបាល​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here