ដោយ ប៊ី
ភ្នំពេញៈ សេដ្ឋកិច្ចរបស់កម្ពុជា បានរងការប៉ះទង្គិចយ៉ាងដំណំពីការផ្ទុះវីរុសកូវីឌ-១៩ទូទាំងសាកលលោក។ ការផ្ទុះនេះ បានធ្វើឱ្យម៉ាស៊ីនកំណើនសេដ្ឋកិច្ចធំៗរបស់កម្ពុជា ធ្លាក់ល្បឿនយ៉ាងគំហុកនៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២០ ដោយធ្វើឱ្យសកម្មភាពឧស្សាហកម្មទេសចរណ៍ និងសំណង់ ធ្លាក់ចុះខ្សោយយ៉ាងខ្លាំង។
ការព្យាករណ៍ទុក កំណើនជាក់ស្តែងនឹងស្រុតចុះយ៉ាងគំហុក មកនោះត្រឹម២,៥ភាគរយ ក្នុងឆ្នាំ២០២០ តែវានឹងស្តារឡើងវិញមកនៅ៥,៩ភាគរយ ក្នុងឆ្នាំ២០២១ ក្នុងសេណារីយោខ្សែបន្ទាត់គោល។ វិស័យទេសចរណ៍បានរងការប៉ះទង្គិចយ៉ាងដំណំពីការផ្ទុះវីរុសកូវីឌ-១៩។ នេះតាមរបាយការណ៍របស់ធនាគារពិភពលោកចុះកាលពីថ្ងៃ ៣១ ខែមីនា ឆ្នាំ ២០២០។
ស្រដៀងគ្នានេះដែរ ឧស្សាហកម្មកាត់ដែរកំពុងប្រឈមនឹងវិបត្តិនៃការធ្លាក់ចុះតម្រូវការទូទាំងសាកលលោក ព្រមទាំងសម្ពាធបណ្តាលមកពីការដកចេញដោយអន្លើ នូវភាពអនុគ្រោះពាណិជ្ជកម្មក្រោមប្រព័ន្ធ «ទំនិញគ្រប់មុខលើកលែងតែអាវុធ» (EBA) របស់សហភាពអឺរ៉ុប។
ប្រសិនបើផលប៉ះទង្គិចនេះហៀរទៅដល់វិស័យសំណង់ និងអចលនទ្រព្យ — ដែលជាផ្នែកសំខាន់ៗនាំមកនូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជា — ក្នុងខណៈដែលទីផ្សារហិរញ្ញវត្ថុមានចលាចល វាអាចនឹងជះឥទ្ធិពលអាក្រក់មែនទែន ដល់កំណើនរបស់កម្ពុជា។ ការស្ទុះងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចនៅប្រទេសចិន និងនៅទីផ្សារធំៗផ្សេងទៀតក្នុងឆ្នាំ២០២១ នឹងធ្វើឱ្យចក្ខុវិស័យសេដ្ឋកិច្ចរបស់កម្ពុជា មានភាពប្រសើរឡើងវិញ នៅឆ្នាំក្រោយ។
ភាពក្រីក្រត្រូវបានរំពឹងថានឹងបន្តកាត់បន្ថយទៀត ប៉ុន្តែក្នុងល្បឿនមួយយឺតជាងមុន។ ដោយសារវិស័យកសិកម្មជាប្រភពរបរចិញ្ចឹមជីវិតដ៏សំខាន់របស់ជនក្រីក្រភាគច្រើន កិច្ចខិតខំប្រឹងប្រែងធ្វើពិពិធកម្មក្នុងវិស័យនេះ និងប្រភពចំណូលរបស់គ្រួសារនៅជនបទ ព្រមទាំងការលើកកម្ពស់ការកែច្នៃកសិផល ត្រូវបានរំពឹងទុកថានឹងជួយសម្រាលការលំបាករបស់ជនក្រីក្រ នៅក្នុងរយៈពេលមធ្យមបាន។