ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជួបពិភាក្សាការងារជាមួយប្រតិបត្តិករ អំពីការប្រើប្រាស់កម្មវិធីស្វែងរក និងកំណត់រោគសញ្ញាជំងឺ Covid-19 តាមប្រព័ន្ធទូរស័ព្ទដៃនៅកម្ពុជា។
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នេះ នៅទីស្តីការក្រសួងបានទទួលជួបពិភាក្សាការងារជាមួយប្រតិបត្តិករទូរស័ព្ទទាំងអស់នៅកម្ពុជា ដើម្បីពិភាក្សា និងដាក់ឱ្យអនុវត្តកម្មវិធីស្វែងរក និងកំណត់រោគសញ្ញាជំងឺ covid-19 តាមប្រព័ន្ធទូរស័ព្ទ និងជំរុញថ្នាក់ដឹកនាំប្រតិបត្តិករទូរស័ព្ទទាំងអស់ឱ្យចូលរួម។
លោករដ្ឋមន្ត្រី បានលើកឡើងថា ដោយមានកិច្ចសហការរវាងក្រសួងសុខាភិបាល និងប្រតិបត្តិករទូរស័ព្ទ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បង្កើតកម្មវិធីគ្រប់គ្រងការហៅចូលទូរស័ព្ទទាន់ហេតុការណ៍អំពីជំងឺ Covid-19 ដើម្បីបំពេញតួនាទីបន្ថែមឱ្យទូរស័ព្ទទាន់ហេតុការណ៍លេខ ១១៥ ក្នុងករណីមានចំនួនការហៅចូលច្រើនក្នុងពេលតែមួយលើសបរិមាណដែលអាចទទួលការហៅចូលបាន។ កម្មវិធីនេះនឹងប្រើសារសម្លេងដើម្បីធ្វើការឆ្លើយតបដោយស្វ័យប្រវត្តិ និងអន្តរកម្ម (Interactive Conversation) ទៅតាមស្ថានភាពសុខភាពរបស់អ្នកទូរស័ព្ទចូលថា “អាចជាករណីសង្ស័យអ្នកមានផ្ទុកមេរោគ Covid-19” ឬទេ ទៅតាមរោគសញ្ញាដែលកំណត់ដោយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។
លោកបានបន្តឱ្យដឹងទៀតថា ក្នុងករណីអ្នកទូរស័ព្ទចូលមានករណីសង្ស័យថាអាចផ្ទុកមេរោគ Covid-19 បុគ្គលិកក្រសួងសុខាភិបាលនឹងធ្វើការទាក់ទងទៅវិញដើម្បីស្វែងយល់បន្ថែមឈានទៅចាត់វិធានការបានទាន់ពេលវេលា។ នៅជំហានបន្ទាប់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដាក់ចេញឱ្យប្រើប្រាស់ដោយឥតគិតថ្លៃនូវកម្មវិធីផ្តល់ព័ត៌មានទាន់ហេតុការណ៍ (Camalert) និងកម្មវិធីឆ្លើយតបវៃឆ្លាតដោយស្វ័យប្រវត្តិតាមប្រភេទសំណួរ (Chatbot) ផងដែរ។
នេះគឺជា គំនិតច្នៃប្រឌិតថ្មីមួយទៀតរបស់មន្ត្រីក្រសួង ក្រោមកិច្ចចូលរួមសហការពីសំណាក់បណ្តាប្រតិបត្តិករទាំងអស់ដែលតែងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅកម្ពុជា៕