ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំពិភាក្សាស្ដីពី ការកែប្រែប្រព័ន្ធចរាចរណ៍ថ្មី នៅតំបន់ផ្លូវប្រសព្វម្ដុំច្រមុះជ្រូកក្បាល ដែលតែងកើតមានការកកស្ទះជាប់ជាប្រចាំ និងមិនទាន់មានដំណោះស្រាយឱ្យប្រសើរនៅឡើយ បើទោះជាការស្ថាបនាស្ពានខ្នែងទី១ ភ្ជាប់ទៅនឹងស្ពានអាកាសរវាងផ្លូវព្រះមុនីវង្ស និងផ្លូវសម្ដេចព្រះនរោត្តមរួចរាល់ ក្ដី។
អភិបាលរាជធានីភ្នំពេញ ឃួង ស្រេងនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះបាបបើកកិច្ចប្រជុំពិភាក្សាស្ដីពី ការកែប្រព័ន្ធចរាចរណ៍ផ្លូវប្រសព្វរវាងមហាវិថីសម្ដេច ហ៊ុន សែន ( ផ្លូវ៦០ម៉ែត្រ ) និងមហាវិថីព្រះមុនីវង្ស និងមហាវិថីកងយោធពលខេមរភូមិន្ទ ( ផ្លូវ២៧១ ) ដែលមានការកកស្ទះជារៀងរាល់ថ្ងៃ នៅចំនុចច្រមុះជ្រូកក្បាលថ្នល់ កុំឱ្យមានការកកស្ទះចរាចរណ៍នៅចំនុចប្រសព្វមហាវិថីទាំង៣នេះ ។
ជាលទ្ធផលនៃកិច្ចប្រជុំ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចកែប្រព័ន្ធចរាចរណ៍ត្រង់ចំនុចដែលប្រឈមនោះ ដើម្បីជួយសម្រួលក្នុងការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក៏ដូចជាការបំពេញការងារ ការប្រកបរបររកស៊ី ការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងការធ្វើដំណើរចេញ–ចូលរាជធានីភ្នំពេញផងដែរ។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភ្ក្ដី មិនបានបញ្ជាក់លម្អិតពីការកែប្រែប្រព័ន្ធចរាចរណ៍ នៅតំបន់ដែលកំពុងតែមានភាពប្រឈម ការកកស្ទះខាងលើនេះតែ ដោយសារលោកជាប់រវល់ និងមិនមានមានពេលពន្យល់បន្ថែម។
បច្ចុប្បន្ននេះ ជាដំណោះស្រាយ និងសម្រួលដល់ការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ បានស្ថាបនាស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មី នៅជាប់នឹងស្ពានអាកាសក្បាលថ្នល់ចាស់សម្រេចបាន១០០%ហើយ ដោយនៅរង់ចាំតែពេលវេលាជាក់លាក់ ដើម្បីបើកអោយធ្វើដំណើរឆ្លងកាត់តែប៉ុណ្ណោះ។
គម្រោងនេះស្ថាបនាដោយក្រុមហ៊ុនOCIC ហើយការស្ថាបនាស្ពានអាកាសបត់ឆ្វេងខ្សែទី១នេះ ធ្វើឡើងក្នុងគោលបំណងជួយសម្រួល ដល់ការធ្វើដំណើរនិងកាត់បន្ថយការកកស្ទះចរាចរណ៍។
ស្ពានអាកាសក្បាលថ្នល់តភ្ជាប់ពីមហាវិថីព្រះមុនីវង្ស ទៅមហាវិថីព្រះនរោត្តមមានប្រវែង៧៧ម៉ែត្រ ពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ស្ពានដល់ស្ពានអាកាសចាស់១២៣ម៉ែត្រសរុប២០០ម៉ែត្រ។ ស្ពាននេះមានទទឹង៧,៥ម៉ែត្រពីមហាវិថីព្រះមុនីវង្សបត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម៕