ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ នៅក្នុងរយៈពេល៣០ថ្ងៃនៃដើមត្រីមាសទី២ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានទុនវិនិយោគបន្ថែមរហូតដល់ជិត៦៣០លានដុល្លារ ទៅលើគម្រោងចំនួន៣៧ ដែលមានទីតាំងប្រតិបត្តិការនៅតាមបណ្តាខេត្ត ក្រុង និងតំបន់សេដ្ឋកិច្ចពិសេសផ្សេងនៅទូទាំងប្រទេសកម្ពុជា ដែលក្នុងនោះខេត្តកំពង់ស្ពឺស្ថិតនៅជួរមុខគេដោយទទួលបានគម្រោងចំនួន៩។
តាមរយៈការទិន្នន័យដែលបានបង្ហាញដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឱ្យដឹងថា នៅក្នុងរយៈពេល៣០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១ដល់៣០ ខែមេសា កន្លងទៅនេះ រាជរដ្ឋាភបាលកម្ពុជា បានគាំទ្រ និងអនុម័តទៅលើគម្រោងស្នើសុំវិនិយោគថ្មីចំនួន៣៧ ដែលមានទុនសរុបប្រមាណ៦២៩,៥លានដុល្លារ។
គម្រោងវិនិយោគទាំងអស់នេះ រួមមានផ្នែកឧស្សាហកម្ម រោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រស្បែកជើង រោងចក្រកាបូប រោងចក្រក្តាបន្ទះ រោងចក្រផលិតចំណីសត្វ រោងចក្រកែច្នៃ និងវេចខ្ចប់ រោងចក្រដែក រោងចក្រផលិតបន្ទះអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ រោងចក្រស្រាបៀរ គម្រោងសាងសង់សណ្ឋាគារ មន្ទីរពេទ្យ និងវិស័យផ្សេងៗជាច្រើនទៀត។
តាមរយៈទិន្នន័យដែលបានបង្ហាញខាងលើបានបញ្ជាក់ថា គម្រោងវិនិយោគទាំង៣៧ នេះនឹងបង្ហាញវត្តមាននៅក្នុងខេត្ត/ក្រុងផ្សេងៗគ្នានៅទូទាំងប្រទេស ដូចជាខេត្តកំពង់ស្ពឺមានចំនួន ៩គម្រោង មានទំហំទឹកប្រាក់សរុបចំនួន ៩៤,៧ លានដុល្លារ, រាជធានីភ្នំពេញមាន ៧គម្រោង ទំហំទឹកប្រាក់សរុបចំនួន ២២១លានដុល្លារ, ខេត្តព្រះសីហនុមានចំនួន ៥គម្រោង ទំហំទឹកប្រាក់សរុបចំនួន ៧៤,៣លានដុល្លារ, ខេត្តស្វាយរៀងមានចំនួន ៣គម្រោង ទំហំទឹកប្រាក់សរុបចំនួន ៦,៩៨លានដុល្លារ, ខេត្តតាកែវមានចំនួន ៣គម្រោង ទំហំទឹកប្រាក់ ១៣,៨លានដុល្លារ។
ក្រៅពីនេះនៅមានខេត្តកណ្តាលចំនួន ២គម្រោង ទំហំទឹកប្រាក់សរុបចំនួន ១៦៥,៦លានដុល្លារ , ខេត្តពោធិ៍សាត់ចំនួន ២គម្រោង ទំហំទឹកប្រាក់សរុបចំនួន១៣,៦លានដុល្លារ, ខេត្តកំពង់ចាមចំនួន ២គម្រោង ទំហំទឹកប្រាក់សរុបចំនួន ១៨,៤លានដុល្លារ, ខេត្តកោះកុងចំនួន ១គម្រោង ទំហំទឹកប្រាក់ចំនួន ៦លានដុល្លារ, ខេត្តត្បូងឃ្មុំចំនួន ១គម្រោង ទំហំទឹកប្រាក់ ២,១លានដុល្លារ, ខេត្តស្ទឹងត្រែងមានចំនួន ១គម្រោង ទំហំទឹកប្រាក់ចំនួន ២,៧លានដុល្លារ និងខេត្តបន្ទាយមានជ័យមានចំនួន ១គម្រោង ទំហំទឹកប្រាក់ចំនួន ១០,៤លានដុល្លារ ៕