ដោយ វុត្ថា
ភ្នំពេញៈ ខេត្តកណ្តាល ជាខេត្តមួយក្នុងចំណោមរាជធានី ខេត្តទាំង២៥នៃកម្ពុជា ដែលមានព្រំប្រទល់ខាងលិច ទល់នឹងខេត្តកំពង់ស្ពឺ ខាងកើត ទល់នឹងខេត្តព្រៃវែងខាងជើងទល់នឹងខេត្តកំពង់ឆ្នាំង កំពង់ចាម ខាងត្បូងទល់នឹងខេត្តតាកែវ និងខេត្តអានយ៉ាង ប្រទេសវៀតណាម។
បើមើលស្ថានភាពភូមិសាស្ត្រ កត្តាប្រជាសាស្ត្រ និងការរីកចម្រើនផ្នែកនគរូបនីយកម្ម គឺខេត្តកណ្តាលជាខេត្តមានការរីកចម្រើន និងទទួលឥទ្ឋិពលមុនខេត្តដទៃទៀតពីរាជធានីភ្នំពេញ។
យោងតាមរបាយការណ៍ឆ្នាំ២០១៩កន្លងមកនេះបានបង្ហាញថា ខេត្តកណ្តាលមានភូមិសាស្ត្រល្អ គឺហ៊ុំព័ទ្ធជុំវិញរាជធានីភ្នំពេញ មានរោងចក្រសហគ្រាសជាង៤៧០ ក្នុងនោះ មានរោងចក្រកាត់ដេសំលៀកបំពាក់ និងដេរស្បែកជើងចំនួន១៨៣រោងចក្រ មានកម្មករជាង១៦ម៉ឺននាក់ រកចំនូលបាន៣៧លាន$ក្នុងខែៗ ហើយជារៀងរាល់ឆ្នាំ ខេត្តកណ្តាលសល់ស្បៀងគិតជាអង្កជាង៥ម៉ឺនតោនសម្រាប់ការនាំចេញ។
យោងតាមការចុះផ្សាយរបស់គេហទំព័រ ខេត្តកណ្តាលបង្ហាញថា សក្ដានុពលរបស់ខេត្តកណ្ដាល មានដូចជា វិស័យ កសិកម្ម ឧស្សាហកម្ម និង ទេសចរណ៍ ជា វិស័យ គោលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត។ សម្រាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តកណ្ដាល គឺខេត្តមានផ្លូវជាតិធំសំខាន់ៗជាច្រើន សម្រាប់តភ្ជាប់ទៅកាន់បណ្ដាខេត្តនានា ដូចជាផ្លូវជាតិលេខ ១ លេខ ២ លេខ ៣ លេខ ៤ លេខ ៥ លេខ ៦ លេខ ៨ លេខ ១១ លេខ ២១ និងលេខ៥១ ។
ខេត្តកណ្ដាល ក៏មានស្ពានធំៗឆ្លងទន្លេផងដែរ ដូចជា ស្ពានអ្នកលឿង ស្ពានព្រែកតាមាក់ ស្ពានព្រែកក្តាម ស្ពានកោះធំ ស្ពានព្រែកសំរោង និងមានស្ពានកោះអន្លង់ចិនដែលបាននិងកំពុងសាងសង់យ៉ាងសកម្ម។
ជាពិសេសខេត្តកណ្ដាលឆាប់ៗខាងមុខនេះ នឹងមានព្រលានយន្តហោះកម្រិតអន្តរជាតិមួយ១កន្លែង ដែលបានចំណាយទឹកប្រាក់វិនិយោគប្រមាណ១៥០០លានដុល្លារ ដោយសាងសង់លើទំហំផ្ទៃដីជាង២៦០០ហិកតា។
ដូចនេះ ខេត្តកណ្ដាលជាខេត្តមួយ ដែលមានកក្កានុពលល្អ សម្រាប់ក្រុមហ៊ុន នានា ចូលមកវិនិយោគនាថ្ងៃខាងមុខ៕