ដោយ វុត្ថា
ភ្នំពេញៈ តម្លៃគិតពន្ធគយលើទំនិញនាំចូល គឺជាតម្លៃចម្លងការ មានន័យថា ជាថ្លៃដែលបានទូទាត់ ឬនឹងត្រូវទូទាត់ពិតប្រាកដ លើទំនិញដែលបានលក់សម្រាប់នាំចេញមកកម្ពុជា។
ការប្រកាសតម្លៃគិតពន្ធគយនៃទំនិញ នាំចូល ត្រូវអនុលោមតាមបញ្ញត្តិមាត្រា១៨ ចំនុច “ខ” នៃច្បាប់ស្តីពីគយនិងបញ្ញត្តិប្រកាសលេខ ៣៨៧ សហវ.គរ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពី ការកំណត់តម្លៃគិត ពន្ធគយលើទំនិញនាំចូល។ តម្លៃគិតពន្ធគយនៃទំនិញនាំចូល ត្រូវប្រកាសជាប្រាក់រៀល (មាត្រា២៣ នៃច្បាប់ស្តីពីគយ)។
នីតិវិធីនៃការផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ៖
ក.ទីកន្លែង៖
- អង្គភាពតម្លៃគិតពន្ធគយ នៅតាមសាខា និងការិយាល័យគយនិងរដ្ឋាករមូលដ្ឋាន (ក្នុងក្របខ័ណ្ឌវិមជ្ឈការ)។
- នាយកដ្ឋានផែនការ បច្ចេកទេស និងកិច្ចការអន្តរជាតិ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
ខ.ការដាក់ឯកសារស្នើសុំផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ៖
ដើម្បីដាក់ឯកសារនាំចេញនាំចូល ឲ្យមន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចធ្វើការផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ ធុរជនពាក់ព័ន្ធត្រូវបំពេញប្រតិវេទន៍តម្លៃគិតពន្ធគយ ដោយអមភ្ជាប់ជាមួយនូវបណ្តាឯកសារគាំទ្រ ដូចជា៖
- វិក្កយបត្រពាណិជ្ជកម្ម បញ្ជីវេចខ្ចប់ និងអញ្ញត្តិប័ណ្ណចំនួន៣ច្បាប់
- វិញ្ញាបនបត្រចុះបញ្ជីអាករលើតម្លៃបន្ថែម ប័ណ្ណប៉ាតង់ លិខិតផ្ទេរសិទ្ធិ អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែនម្ចាស់ទំនិញនិងអ្នកតំណាង។
- លិខិតអនុញ្ញាត (ប្រសិនបើតម្រូវ)
ក្នុងករណីខ្លះ មន្ត្រីគយមានសមត្ថកិច្ចអាចតម្រូវឲ្យធុរជនពាក់ព័ន្ធផ្តល់ឯកសារគាំទ្របន្ថែមទៀត ដូចជា៖
- កិច្ចសន្យាលក់ ប័ណ្ណបញ្ជាទិញ លិខិតបញ្ជាក់ប្រតិបត្តិការតាមធនាគារ តារាងតម្លៃសាធារណៈ និងឯកសារផ្សេងទៀតដែលពាក់ព័ន្ធនឹងកិច្ចចម្លងការ ឬការទូទាត់។
- ឯកសារដែលបញ្ជាក់ពីអត្តសញ្ញាណ ឬ យថាប្រភេទលម្អិតច្បាស់លាស់នៃទំនិញ
គ.ឯកសារត្រឹមត្រូវគឺជាឯកសារដែល៖
- បានបំពេញដោយត្រឹមត្រូវគ្រប់ប្រឡង់ព័ត៌មាន
- ពុំមានភាពមិនប្រក្រតីឬ ការកោសលុប
- មានបោះត្រាបញ្ជាក់របស់ក្រុមហ៊ុនម្ចាស់ទំនិញចំពោះឯកសារច្បាប់ចម្លង។ល។
ឃ.បុគ្គលដែលមាននីតិសម្បទាស្នើសុំ៖
- ម្ចាស់ក្រុមហ៊ុនស្នើសុំនាំចូល ឬ
- បុគ្គលិករបស់ក្រុមហ៊ុនស្នើសុំនាំចូល ដែលមានទទួលសិទ្ធិតំណាងពីម្ចាស់ក្រុមហ៊ុន (ត្រូវភ្ជាប់មកជាមួយនូវបណ្ណសំគាល់បុគ្គលិកក្រុមហ៊ុន)
- នីតិបុគ្គល ឬ បុគ្គលដែលមាននីតិសម្បទានជាជើងសាគយ
ង.រយៈពេលនៃការផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ៖
ក្នុងករណីឯកសារមានភាពត្រឹមត្រូវនិងគ្រប់គ្រាន់ ការផ្ទៀងផ្ទាត់និងការសម្រេចលើតម្លៃគិតពន្ធគយនឹងធ្វើឡើងក្នុងរង្វង់ពី១ ទៅ២ថ្ងៃធ្វើការ។ ក្នុងករណីមិនអាចធ្វើបានដោយប្រការណាមួយ មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ច នឹងចុះអាទិសង្កេតនៅលើឯកសារពាក់ព័ន្ធបញ្ជាក់ពីមូលហេតុ នៃការយឺតយ៉ាវក្នុងការចេញសេចក្តីសម្រេចនេះ។
ច.យន្តការឧទ្ធរណ៍នៃតម្លៃគិតពន្ធគយ៖
បុគ្គលណាដែលមិនពេញចិត្ត ចំពោះការសម្រេចរបស់មន្ត្រីគយ មានសមត្ថកិច្ចលើតម្លៃគិតពន្ធគយ អាចធើ្វការតវ៉ាជាលាយលក្ខណ៍អក្សរ ទៅ អគរ ស្របតាមបញ្ញត្តិមាត្រា២៤ នៃច្បាប់ស្តីពីគយ។
ឆ.មធ្យោបាយទំនាក់ទំនង៖
ក្នុងករណីមានចម្ងល់ពីវិធីសាស្ត្រគណនា ឬ នីតិវិធីនៃការផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ បុគ្គលពាក់ព័ន្ធអាចសាកសួរព័ត៌មាន នៅនាយកដ្ឋានផែនការ បច្ចេកទេសនិងកិច្ចការអន្តរជាតិនៃអគរ៕