ការពង្រីក និងកែលំអគម្រោងប្រលានយន្តហោះខេត្តព្រះសីហនុបានបញ្ចប់

0

ដោយ ៖ វុត្ថា

ព្រះសីហនុ ៖ ក្រុមការងារអ្នកបច្ចេកទេសពង្រីក និងជួសជុលផ្លូវហោះហើររបស់អាកាសយានដ្ឋានអន្តរជាតិក្នុងខេត្តព្រះសីហនុ កាលពីម្សិលមិញ បានប្រារព្វពិធីបញ្ចប់ការជួសជុលផ្លូវហោះហើរក្រាលកៅស៊ូចម្ងាយ ៣៣០០ ម៉ែត្រដែលសម្រេចមុនកាលកំណត់ជិត ១ខែកន្លះ។

តំណាងក្រុមហ៊ុន Cambodia Airport នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២០នេះ បានឱ្យដឹងថា ដំណាក់កាលចុងក្រោយនៃការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលនៅសេសសល់គឺការងារដាក់តម្លើងភ្លើងបំភ្លឺផ្លូវហោះហើរ ដែលគួរតែត្រូវបានបញ្ចប់នៅត្រឹមពាក់កណ្តាលឆ្នាំនេះ។

តំណាងក្រុមហ៊ុនដដែលបានបន្តថា នៅពេលឆាប់ៗខាងមុខនេះ អាកាសយានដ្ឋាននឹងអាចទទួលយន្តហោះធំៗ ដូចជា Airbus A350-1000 និង Boeing 777-300ER និងមានជើងហោះហើរត្រង់ពីបណ្តាប្រទេសមួយចំនួនមកកាន់ពីខេត្តព្រះសីហនុ។

បើតាមការបញ្ជាក់ពីក្រុមហ៊ុន Cambodia Airport បានឱ្យដឹងថា គម្រោងជួសជុលនេះបានចាប់ផ្តើមនៅខែកក្កដាឆ្នាំ ២០១៨ ដោយមានក្រុមការងារពី ៣៥០ ទៅ ៤០០ នាក់នៅក្នុងពេលវេលាដ៏មមាញឹក បានចែកចេញជាពីរវេន (វេនមួយថ្ងៃ និងវេនមួយយប់) ធ្វើការ៦ថ្ងៃក្នុងមួយសប្តាហ៍។

ក្រុមហ៊ុន Cambodia Airport បានសម្តែងការអបអរសាទរដល់ក្រុមការងារទាំងអស់សម្រាប់សមិទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍ និងសម្រេចបានដោយសុវត្ថិភាព ស្របតាមស្តង់ដារមានគុណភាពខ្ពស់ និងមិនមានការរំខានដល់ប្រតិបត្តិការ។

ជាមួយគ្នានេះ ក្រុមហ៊ុន Cambodia Airport ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការទាំងអស់ រួមមាន ក្រុមហ៊ុនអាកាសចរណ៍ អាជ្ញាធរ និងអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសសម្រាប់ការសម្របសម្រួលយ៉ាងល្អ និងមានប្រសិទ្ធភាពបំផុតក្នុងរយៈពេលជិត ២ ឆ្នាំនៃគម្រោងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here