ដោយ ៖ វុត្ថា
ភ្នំពេញ ៖ នៅក្នុងចក្ខុវិស័យពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្មបានផ្ដោតយកចិត្តទុកដាក់ខ្លាំងលើការលើកកម្ពស់ផលិតកម្ម និងការធានាគុណភាពនៃផលិតផលឱ្យស្របតាមស្ដង់ដាររបស់ទីផ្សារ ការការពារកម្មសិទ្ធិបញ្ញា ការទប់ស្កាត់ការក្លែងបន្លំ ការពង្រឹងយន្ដការត្រួតពិនិត្យគុណភាពទំនិញដើម្បីធានាឱ្យការនាំចេញទៅកាន់ក្រៅប្រទេស។
ក្រសួងពាណិជ្ជកម្ម បានដាក់ចេញនូវគោលនយោបាយថ្មីៗ ប្រកបដោយទស្សនទានពាណិជ្ជកម្មល្អៗ និងមុតស្រួច ជាពិសេសការបើកចំហជើងមេឃ លំហូរដោយសេរីនៃទំនិញ សេវាកម្ម វិនិយោគ កម្លាំងពលកម្ម និងមូលធន ដែលធ្វើយ៉ាងណាជំរុញ និងលើកស្ទួយឱ្យមានសកម្មភាពវិនិយោគប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្រសួងពាណិជ្ជកម្ម ក៏បានកំណត់នូវកាតព្វកិច្ចចម្បងចំនួន៤ ដែលតម្រូវឱ្យមន្ទីរពាណិជ្ជកម្មអនុវត្តផងដែរ ដែលក្នុងនោះរួមមានដូចជា៖ ទី១-ការចេញលិខិតអនុញ្ញាតធ្វើអាជីវកម្ម សេវាកម្ម និងពាណិជ្ជកម្ម។ ទី២-ការចេញលិខិតអនុញ្ញាតប្រកបអាជីវកម្មលោហធាតុត្បូងថ្មមានតម្លៃជាគ្រឿងអលង្ការគ្រប់ប្រភេទ។
ទី៣-ការត្រួតពិនិត្យលើការបិទស្លាកថ្លៃលើមុខទំនិញ និងសេវាគ្រប់ប្រភេទ និងការស្រង់សន្ទស្សន៍ថ្លៃទំនិញចាំបាច់ប្រចាំជីវភាពប្រចាំថ្ងៃ។និង ទី៤-ការស្វែងរកទីផ្សារសម្រាប់ផលិតផលរបស់ប្រជាពលរដ្ឋទាក់ទងនឹងការងារវិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងក៍បានធ្វើប្រតិភូកម្មការគ្រប់គ្រងការចេញ លិខិតអនុញ្ញតរៀបចំពិព័រណ៍កម្ម ដែលមានចំនួនស្តង់ចាប់ពី ៥០ស្តង់ចុះ ឱ្យមកមន្ទីរពាណិជ្ជកម្ម រាជធានី ខេត្តអនុវត្ត៕