ដោយ វុត្ថា
ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានឱ្យដឹងថា បច្ចុប្បន្ននេះ រដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅតែបន្តទទួលបានគម្រោងវិនិយោគថ្មីៗបន្ថែមទៀត ក្នុងតម្លៃទុនរាប់លានដុល្លារអាមេរិក បើទោះបីកម្ពុជាស្ថិតនៅក្នុងវិបត្តិនៃរាតត្បាតជាកលនូវជំងឺឆ្លងប្រភេទថ្មី Covid-19 ។
លោកឧកញ៉ាបានប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២០នេះឱ្យដឹងថា គម្រោងដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុ ជាបានអនុម័តកន្លងមកនេះ ដែលភាគច្រើនជាគម្រោងថ្មីៗ ដោយមិនមែនបន្សល់ទុកតាំងពីឆ្នាំចាល់នោះទេ។
លោកឧកញ៉ាបន្តថា ”និយាយដោយចំ វាមានថ្មីខ្លះ និងចាស់ខ្លះ តែភាគច្រើន វាជាគម្រោងវិនិយោគថ្មីៗ ព្រោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទុកពេល៤៥ថ្ងៃ ទើបចេញអាជ្ញាបណ្ណ។ លោកបន្ថែមថា“នេះមានន័យថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងចេញអាជ្ញាបណ្ណយ៉ាងយូត្រឹមរយៈពេល២ខែ បន្ទាប់ពីទទួលបានសំណើរសុំវិនិយោគ” ។
លោកឧកញ៉ាបន្តថា “អីចឹងខ្ញុំជឿថា អាជ្ញាបណ្ណទាំងអស់ភាគច្រើន ជាគម្រោងវិនិយោគថ្មីៗ ដែលត្រៀមវិនិយោគនៅក្នុងប្រទេសកម្ពុជាយើង ខណៈពេលយើងមាន EBA និង GSP ស្រាប់ ហើយនឹងបន្តិចទៀតខាងមុខ យើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងប្រទេសចិន កូរ៉េ និងបណ្តាប្រទេសដែលទៀត” ។
លោកឧកញ៉ាបន្ថែមថា កត្តាទាំងនេះ វានឹងទាក់ទាញនូវការវិនិយោគ ស្របពេលដែលរាជរដ្ឋាភិបាល កំពុងតែកំណែទម្រង់ស៊ីជម្រៅផ្នែកសេដ្ឋកិច្ចជាតិ និងដាក់ចេញនូវផែនការកាត់បន្ថយថ្លៃដើមជាច្រើនផ្សេងទៀត ដែលកន្លងមកនេះ។
លោកឧកញ៉ាលឹម ហេងបានបញ្ជាក់ទៀតថា “គោលនយោបាយទាំងអស់នេះ គឺជាការទាញនូវវិនិយោគិនបរទេស មិនមែនតែទាក់ទាញវិនិយោគិនចិននោះទេ សូម្បីតែវិនិយោគិនអាមេរិក អឺរ៉ុប កូរ៉េ និងជប៉ុនជាដើម។ បន្ថែមពីនេះ វិនិយោគិនជប៉ុនក៏កំពុងសម្រុកមកវិនិយោគនៅក្នុងប្រទេកម្ពុជាផងដែរ” ។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបានផ្សព្វ ផ្សាយកន្លងមកនេះបានបង្ហាញថា ក្នុងខែឧសភា CDC មានគម្រោងថ្មីចំនួន ២០បន្ថែមទៀត ស្មើនឹងប្រមាណ ៥០០លានដុល្លារ និងគិតត្រឹមដើមខែ មិថុនា ឆ្នាំ២០២០ CDC អនុម័តគំរោងសរុបមានប្រមាណជិត១០០ ស្មើនឹងជាង ២០០០លានដុល្លារ ៕