ដោយ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុនផលិតសម្លៀកបំពាក់ដ៏ធំរបស់អឺរ៉ុប H&M នឹងផ្លាស់ប្តូរយុទ្ធសាស្ត្រផលិតកម្ម និងអាជីវកម្មរបស់ខ្លួន ដើម្បីចូលរួមការអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងរូបភាពវិជ្ជមាន។
អ្នកនាំពាក្យក្រុមហ៊ុន H&M បានថ្លែងទៅកាន់គេទំព័រ just-style កាលពីថ្ងៃទី២៦ មិថុនាថា ក្រុមហ៊ុននៅតែចង់បន្តដើរតួនាទីមួយ ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាក្នុងរូបភាពវិជ្ជមាន រួមទាំងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
អ្នកនាំពាក្យរួបនេះបាននិយាយថា “យើងពិតជាដឹងពីភាពស្មុគស្មាញរបស់អឺរ៉ុបក្នុងការធ្វើមានតុល្យភាព ដើម្បីមានឥទ្ធិពលលើប្រទេសកម្ពុជា ឱ្យក្លាយជាប្រទេសមួយដែលសិទ្ធមនុស្ស និងស៊ីវិលត្រូវបានគោរព ហើយដើម្បីគាំទ្រការបង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ តាមរយៈកំណើនសេដ្ឋកិច្ចរួម” ។
អ្នកនាំពាក្យរួបនេះបានឱ្យដឹងទៀតថា “ប្រសិនបើកម្ពុជា បានគោរពតាមការទាមរបស់អឺរ៉ុប ដូចជាដាក់ចេញគំនិតផ្តួចផ្តើម យុទ្ធសាស្ត្រចាំបាច់មួយចំនួនសម្រាប់ឧស្សាហកម្មវាយនភណ្ឌទំនើប ដូចជា យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ និងស្បែកជើង ប្រទេសកម្ពុជា នឹងបន្តក្លាយជាទិសដៅវិនិយោគដ៏មានភាពទាក់ទាញមួយ” ។
នេះរួមបញ្ចួលទាំងការអភិវឌ្ឍន៍ឧស្សាហកម្មមួយ ដែលសិទ្ធិការងារត្រូវបានគោរពពេញលេញ ហើយសេ្ថរភាព និងការប្រកួតប្រជែងត្រូវបានការពារ។ អ្នកនាំពាក្យរួបនេះ បានលើកឡើងថា “ក្រុមហ៊ុន H&M ចង់បន្តដើរតួនាទីមួយ ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាក្នុងរូបភាពវិជ្ជមាន រួមទាំងការកាត់បន្ថយភាពក្រីក្រ និងពង្រឹងសិទ្ធិមនុស្ស” ។ លោកបន្តថា “យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ និងបើកិច្ចពិភាក្សាជាមួយនឹងអ្នកផ្គត់ផ្គង់របស់យើង។ ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពនៅកម្ពុជាគឺស្មុគស្មាញពីទស្សនៈវិនិយោគមួយ។ យើងនឹងធ្វើការវាយតម្លៃឡើងវិញនូវយុទ្ធសាស្ត្រផលិតកម្ម និងអាជីវកម្មរបស់យើងនៅកម្ពុជា ដែលនឹងមានភាពប្រែប្រួល” ។
កាលពីថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើសុំឲ្យក្រុមហ៊ុន Adidas និងក្រុមហ៊ុន H&M បន្តធ្វើការបញ្ជាទិញពីកម្ពុជា និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យកាត់ដេរនៅកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩បានផុតទៅវិញ។
សំណើរនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែមិថុនាម្សិលមិញនេះ នៅក្នុងជំនួបរវាង លោកប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងតំណាងក្រុមហ៊ុន Adidas និងក្រុមហ៊ុន H&M ដឹកនាំដោយលោក Matthew Armstrong នាយកផ្នែកបញ្ជាទិញនៃការិយាល័យតំណាងក្រុមហ៊ុន Adidas និងលោក Christer Horn af Aminne) នាយកផ្នែកផលិតកម្មទទួលបន្ទុកប្រទេសកម្ពុជា និងវៀតណាម នៃក្រុមហ៊ុន H&M។
លោករដ្ឋមន្ត្រីកម្ពុជាថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងពង្រីកពិពិធកម្មទីផ្សារ តាមរយៈការចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី ដោយនាពេលបច្ចុប្បន្ន ក្រសួងពាណិជ្ជកម្មកំពុងតែធ្វើការចរចា និងសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងជាមួយប្រទេសមួយចំនួន។
ក្រុមហ៊ុនទាំងពីរបានឆ្លើយតបជាវិជ្ជមាន ក្នុងការបញ្ជាទិញផលិតផលវាយនភណ្ឌកាត់ដេរពីកម្ពុជា ព្រមទាំងទទួលធ្វើការបន្ថែមជាមួយរាជរដ្ឋាភិបាល ក្នុងការកែលម្អបរិយាកាសវិស័យកាត់ដេរនៅកម្ពុជា៕