គម្រោងសាងសង់ផ្លូវវាងក្រុងពោធិ៍សាត់ តាមផ្លូវជាតិលេខ៥ ដោះស្រាយផលប៉ះពាល់បានជាង៨០ភាគរយ

0

ដោយ ៖ រ៉ាណេត
ពោធិ៍សាត់ ៖ គម្រោងសាងសង់ផ្លូវវាងក្រុងពោធិ៍សាត់ និងធ្វើឱ្យប្រសើរឡើងវិញតាមកំណាត់ផ្លូវជាតិលេខ៥ ដែលមានប្រវែងជាង១១គីឡូម៉ែត្រ និងមានផលប៉ះពាល់ដល់ ៣៤១ក្បាលដី ត្រូវបានរដ្ឋបាលខេត្តធ្វើការដោះស្រាយបានចំនួន២៧៨ក្បាលដី ស្មើនឹងប្រមាណជាង៨០ភាគរយ ដោយការយល់ព្រទទួលយកសំណង់។

អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន ខណៈចុះពិនិត្យការអនុវត្តគម្រោងស្តារឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់ ដែលជាផ្លូវវៀងក្រុង បានបញ្ជាក់ថា នៅត្រឹមដើមសប្ដាហ៍ ចុងឆ្នាំ២០២០នេះ រដ្ឋបាលខេត្តបានដោះស្រាយលើផលប៉ះពាល់នៃគម្រោងបានចំនួន ២៧៨ក្បាលដី ក្នុងចំណោម ៣៤១ក្បាលដីដែលរងផលប៉ះពាល់។

លោក ម៉ៅ ធនិន បានបញ្ជាក់ថា ការស្ថាបនាផ្លូវវៀងក្រុងពោធិ៍សាត់ គឺជាគម្រោងថ្នាក់ជាតិ ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន ជាសាម៉ីក្រសួង និងមានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ជាសេនាធិការ ចុះត្រួតពិនិត្យការអនុវត្តគម្រោងនេះ និងធ្វើការដោះស្រាយផលប៉ះពាល់។ លោកបន្តថា គម្រោងផ្លូវវាងក្រុងពោធិ៍សាត់ បានចូលរួមក្នុងការកាត់បន្ថយការកកស្ទះក្នុងក្រុង និងបានជួយសម្រួលចរាចរណ៍ក្នុងការដឹកជញ្ជូនទំនិញឱ្យកាន់តែមានភាពងាយស្រួល។

ជាមួយគ្នានេះ លោកក៏បានស្នើដល់ក្រុមហ៊ុន ដែលទទួលម៉ៅការអនុវត្តគម្រោងនេះ នៅពេលដែលចាប់ផ្តើមដាំកូនឈើ ឬផ្កាលម្អទ្រូងផ្លូវ ត្រូវពិភាក្សា និងសហការជាមួយអាជ្ញាខេត្ត ដើម្បីជ្រើសរើសកូនឈើ ឬពូជផ្កាណា ដែលជាអត្តសញ្ញាណជាតិ ជាពិសេសឱ្យកាន់តែមានភាពទាក់ទាញ និងស្រស់បំព្រង។ ដោយឡែក ក្រុមការងារជំនាញត្រូវបន្តខិតខំដោះស្រាយផលប៉ះពាល់ជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីពន្លឿនការអនុវត្តគម្រោង «ផ្លូវវាងក្រុងពោធិ៍សាត់» ឱ្យបានឆាប់រហ័ស។

គម្រោងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ក្នុងក្រុងពោធិ៍សាត់ ដែលមានស្រាប់ប្រវែង ២,៦៦៨ម៉ែត្រ និងមានផ្លូវវាងក្រុងប្រវែង ១១,៦៩០ម៉ែត្រ។ មកទល់ពេលនេះ លទ្ធផលនៃដំណើរការដោះស្រាយសំណង ផលប៉ះពាល់មានចំនួន ៣៤១ក្បាលដី (ផ្លូវមានស្រាប់២៣ និងផ្លូវវាង៣១៨ក្បាលដី) ក្នុងនោះ២៧៨ក្បាលដី យល់ព្រមទទួលសំណង, ២៤១ក្បាលដី ទទួលសំណងរួច, ១២ក្បាលដី កំពុងសុំគោលការណ៍ពីក្រសួង, ១ក្បាលដី មិនទាល់យល់ព្រម និងតនីតិវិធីទៅតុលាការ, ២១ក្បាលដី ឋិតក្នុងតំបន់ឃ្លុំក្បែរគល់ស្ពាន មិនទាន់ដោះស្រាយ, ២ក្បាលដី មិនទាន់មានអត្រាតម្លៃ និង៤ក្បាលដី វាស់វែងលើស ត្រូវបង្វិលទៅក្រសួងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here