ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យគ្រប់អតីតអាជីវកម្មក្លឹបកម្សាន្ត និង KTV ទាំងអស់ដែលបានផ្អាកដំណើរការតាំងពីអំឡុងខែមីនា ឆ្នាំ២០២០ បន្ទាប់ពីផ្ទុះជំងឺឆ្លងនោះ អាចចាប់ដំណើរបើកទ្វារដំណើរគឡើងវិញ ប៉ុន្តែត្រូវប្ដូរទៅជាប្រភេទអាជីវកម្មបម្រើសេវាជាភោជនីយដ្ឋានវិញ។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២០ បានសម្រេចអនុញ្ញាតឱ្យអាជីវកម្មក្លិបកម្សាន្ត និង KTV នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ប្រែក្លាយ ទៅជាភោជនីយដ្ឋាន ដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ច និងផ្តល់ការងារឡើងវិញ ប៉ុន្តែត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវវិធាននៃក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺ Covid-19 ។
នៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់ក្រោមអធិបតីរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីម្សិលមិញនេះ ក៏បានសម្រេចឱ្យគ្រឹះស្ថានសិក្សាឯកជនដែលមានលទ្ធភាពចាប់ដំណើរការឡើងវិញផងដែរ ដោយអាចអនុវត្តចាប់ពីខែសីហា ឆ្នាំ២០២០ ខាងមុខនេះ ខណៈដែលបណ្តាកាស៊ីណូនៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ប៉ោយប៉ែត ស្វាយរៀង និងនៅតំបន់ព្រំដែនដទៃទៀតក៏ចាប់ដំណើរការឡើងវិញផងដែរ ប៉ុន្តែសម្រាប់តែប្រភេទល្បែងភ្នាល់ និងស្លត់ម៉ាស៊ីន ដោយតម្រូវអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលឱ្យបានហ្មត់ចត់ ដើម្បីការពារការឆ្លងរាលដាលជំងឺ Covid-19 ៕