ដោយ វុត្ថា
ភ្នំពេញៈ ការនាំចូលទំនិញតាមផ្លូវសមុទ្រ/ផ្លូវទន្លេ ត្រូវអនុវត្តតាមនីតិវិធីមួយចំនួន ដូចជាការធ្វើបែបបទនាវាចូលការងារឃ្លាំង និងនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
នីតិវិធីនៃការធ្វើបែបបទនាវាចូល ដូចខាងក្រោម៖
១. ពេលនាវាមកដល់ចំនុចសូន្យ ភ្នាក់ងារនាវាចរ ត្រូវជូនដំណឹងដល់មន្ត្រីគយទទួលបន្ទុកធ្វើបែបបទនាវាជាមុន។
២. ពេលនាវាចូលចតនៅកំពង់ផែហើយ មន្ត្រីគយទទួលបន្ទុកធ្វើបែបបទនាវា និងសមត្ថកិច្ចពាក់ព័ន្ធ រួមមានកំពង់ផែស្វយ័ត នគរបាលអន្តោប្រវេសន៍ ចត្តាឡីស័ក្ត ភ្នាក់ងារនាវាចរ និងតំណាងក្រុមហ៊ុន ដឹកជញ្ជូនឡើងធ្វើបែបបទលើនាវា។
៣. ឯកសារដែលត្រូវបង្ហាញជូនសមត្ថកិច្ចពាក់ព័ន្ធ ដែលឡើងធ្វើបែបបទលើនាវារួមមាន៖
- របាយការណ៍នាវា
- និវេទន៍ប័ណ្ណទំនិញ
- និវេទន៍ប័ណ្ណសំភារៈប្រើប្រាស់របស់នាវិក
- បញ្ជីឈ្មោះនាវិក
- បញ្ជីផ្ទេរទំនិញ
- បញ្ជីឈ្មោះអ្នកដំណើរ
- អញ្ញត្តិប័ណ្ណ
- កិច្ចសន្យាជួលនាវា
- វិញ្ញាបនបត្រចុះបញ្ជីនាវា និងឯកសារដទៃទៀតតាមការតម្រូវរបស់រដ្ឋបាលគយ ដើម្បីអនុវត្តវិធានការគយ។
៤. នៅពេលមន្ត្រីគយពិនិត្យរួច គ្មានភាពមិនប្រក្រតីទេ មន្ត្រីគយបញ្ចប់ការធ្វើបែបបទ ដោយការចុះថ្ងៃខែឆ្នាំចុះហត្ថលេខា និងបោះត្រាលើនិវេទន៍ប័ណ្ណ រួចបញ្ជូនទៅផ្នែកទទួលនិងគ្រប់គ្រងនិវេទន៍ប័ណ្ណទំនិញ៕