រដ្ឋាភិបាល​ប្រកាស​ដាក់ឱ្យ​ប្រើ​និ​មិ​ត្តិ​សញ្ញា​ខេត្តពោធិ៍សាត់​ជា​ផ្លូវការ

0

ដោយៈ រ៉ា​ណេ​ត

ពោធិ៍សាត់ៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​បង្កើត និង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​និមិត្តសញ្ញា «ខេត្តពោធិ៍សាត់» តាម​ប្រកា​សលេខ៣៤៧១ប្រ.ក ចុះ​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ។

យោងតាម​សេចក្ដីប្រកាស និង​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្តពោធិ៍សាត់ នៅ​ល្ងាច​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ បាន​បញ្ជាក់ថា ក្រសួងមហាផ្ទៃ ក្រោម​ការសម្រេច​របស់​សម្ដេច​ក្រឡាហោម ស ខេង បានកំណត់ និង​ដាក់ចេញ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ នូវ​រូប​និមិត្តសញ្ញា​ខេត្តពោធិ៍សាត់ ដែលមាន​រូបភាព​ដូច​បានបង្ហាញ​ជូន​ខាង​លើ​នេះ។

ចំពោះ​និម្មិត​សញ្ញា​នោះ​មាន​ធាតុ​ផ្សំ “ទឹក ដី មនុស្ស និង​ប្រវត្តិសាស្ត្រ” ដែល​បង្ហាញ​ពី​ប្រភពធនធាន​ធម្មជាតិ ដ៏​សម្បូរបែប​ក្នុងការ​អភិវឌ្ឍ ផ្តើមចេញពី​ភាព​ឧស្សាហ៍​ព្យាយាម​របស់​ប្រជាពលរដ្ឋ លើទឹក​ដី​ដ៏​អំណោយផល ទើប​អាច​កំណត់​បានជា​និមិត្តសញ្ញា សម្គាល់​ខេត្ត​ដូចជា…

*ទី១៖ រូប​មនុស្ស​ជិះសេះ​ស្ពាយ​ដាវ តំណាងឱ្យ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​ឧកញ៉ា​ពញា​សួគ៌ា លោកតា​ឃ្លាំង មឿង រួមទាំង​ក្រុមគ្រួសារ​របស់លោក ដែល​សុខចិត្ត លះបង់​ធ្វើ​ពលី​កម្ម​បូជា​នូវ​អាយុជីវិត ឥត​ស្តាយស្រណោះ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ សាសនា ព្រះមហាក្សត្រ និង​ជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​ដល់​មនុស្ស​ជំនាន់​ក្រោយ ឱ្យ​ខិតខំ​ការពារ​កសាង​ជាតិ​មាតុភូមិ​ឱ្យបាន​គង់វង្ស និង​រុងរឿង។

*ទី២៖ រូប​តំបន់​ជួរ​ភ្នំក្រវាញ (ផ្ទៃ​ខាងក្រោយ​រូប​សេះ) ភ្នំក្រវាញ​ជា​ឈ្មោះ​ភ្នំ​មួយ​នៅក្នុង​ខេត្តពោធិ៍សាត់ សម្បូរ​ទៅដោយ​ធនធាន​រ៉ែ​ធម្មជាតិ អនុផល​ព្រៃឈើ រុក្ខជាតិ​ជា ឱសថ​បុរាណ និង​ជា​ជម្រក​នៃ​សត្វព្រៃ​គ្រប់​ប្រភេទ។ ជួរ​ភ្នំក្រវាញ ជា​ប្រភព​នៃ​ទឹក​សម្រាប់​ការ ងារ​កសិកម្ម សិប្បកម្ម ឧស្សាហកម្ម ព្រមទាំង​ជា​ប្រភព​ថាមពល​វា​រី​អគ្គិសនី និង​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​សម្បូរបែប​ដ៏​មាន​សក្ដានុពល​នៃ​ខេត្ត។

*ទី៣៖ រូប​ដី​ឬ​ផែន​ថ្ម ដែល​សេះ​ឈរ​ពីលើ​តំណាងឱ្យ​ធនធាន​រ៉ែ​ធម្មជាតិ ដ៏​សម្បូរបែប​របស់​ខេត្ត​ដូចជា ប្រភព​រ៉ែ​ថ្មកែវ ដែលជា​ថ្ម​មានតែ​មួយគត់ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ថ្ម​ដែល​គេ​យកទៅ​ច្នៃ​ជា​ផលិតផល​សិល្បៈ​សូន​រូបផ្សេង។

*ទី៤៖ ដើម​ពោធិ៍ និង​ក្រូចពោធិ៍សាត់៖ ដើម​ពោធិ៍ គឺ​តំណាងឱ្យ​ប្រវត្តិ​នៃ​ឈ្មោះ​របស់​ខេត្តពោធិ៍សាត់ ដែល​មកពី​ពាក្យ​ដើម​គឺ (ពោធិ៍-រសាត់) មាន​ចំនួន១២សន្លឹក តំណាងឱ្យ​គុណ​អ្នក​ម្តាយ។ ក្រូចពោធិ៍សាត់​តំណាងឱ្យ​ផលានុផល ផ្លែឈើ​ដែល​ត្រូវបាន​ដាំ ក្នុងសម័យ​អាណានិគមនិយម​បារាំង ក្នុងភូមិ​ដប់​បាត្រ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ដំបូង​គេ​នៅ​កម្ពុជា ដោយ​ស្ថានីយ​ស្រាវជ្រាវ​ដើម​ក្រូច​មុន​ឆ្នាំ១៨៦៣ ហើយ​មាន​ចំនួន២១ផ្លែ តំណាងឱ្យ​គុណ​លោកឪពុក។

*ទី៥៖ ផ្ទៃ​ទឹក និង​ត្រី តំណាងឱ្យ​បឹង​ទន្លេសាប ដែលជា​អាង​ស្តុក​ទឹក​ដ៏​សំខាន់ និង​ជា​ដែន​ជម្រក​មច្ឆា​ជាតិ​គ្រប់​ប្រភេទ ដែន​ជម្រក​ជីវៈចម្រុះ និង​សម្រាប់​បម្រើ ឱ្យ​តម្រូវការ ជីវភាព រស់នៅ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តពោធិ៍សាត់។

*ទី៦៖រូប​គួរ​ស្រូវ​ក្រង​ជា​រង្វង់​ស្នែងក្របី បង្ហាញ​អំពី​ភាពសម្បូរ​បែប​នៃ​ដំណាំ​ស្រូវ ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​កសិកម្ម​ដ៏​ធំ​ទូលាយ ជា​គ្រឹះ​រឹងមាំ​សម្រាប់​ខឿនសេដ្ឋកិច្ច​ជាតិ។

*ទី៧៖ បូ (ពណ៌​ក្រហម ខៀវ និង​បៃតង) តំណាងឱ្យ​ជាតិ​ដែល​ប្រជាពលរដ្ឋ​ទាំងមូល​នៅក្នុង​ខេត្តពោធិ៍សាត់ នាំគ្នា​ស្តារ និង​លើកស្ទួយ​ក្នុងការ​អភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ។

*ទី៨៖ អក្សរ «ខេត្តពោធិ៍សាត់» បញ្ជាក់ថា​ប្រជាជន​ខេត្តពោធិ៍សាត់ គោរព​យ៉ាង​ខ្ជាប់ខ្ជួន និង​បំពេញភារកិច្ច​ជូន​ជាតិ​មាតុភូមិ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​រាជរដ្ឋាភិបាល កម្ពុជា ដោយ​ជ្រក​ក្រោម​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។

*ទី៩៖ ក្រវាញ គឺជា​រុក្ខជាតិ​ផ្តល់នូវ​ដើម ផ្កា និង​ផ្លែ សម្រាប់​ប្រើប្រាស់​ជា​អាហារ និង​ឱសថ​មានឈ្មោះ​ល្បីល្បាញ​ជា​យូរលង់​ណាស់​មកហើយ ជាមួយ​ឈ្មោះ​ជួរ​ភ្នំក្រវាញ និង​របាំ​បេះ​ក្រវាញ។

កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្តពោធិ៍សាត់ លើក​ទី១២ ឆ្នាំ​ទី១ អាណត្តិ​ទី៣ និម្មិត​សញ្ញា​ខេត្តពោធិ៍សាត់ ត្រូវបាន​ក្រុមប្រឹក្សា​ខេត្ត ប្រជុំ​ពិនិត្យ និង​អនុម័ត ដាក់​សុំ​ការសម្រេច​ពី​ក្រសួងមហាផ្ទៃ ដើម្បី​អាច​យកមកប្រើ​ប្រាស់​លើ​លិខិត រដ្ឋបាល​ជា​ផ្លូវការ និង​អាច​សាងសង់​ក្លាយជា​កន្លែង​គោរពបូជា ដែលមាន​ការទាក់ទាញ​ពី​ភ្ញៀវ​ទេសចរណ៍ ក៏ដូចជា​សម្រាប់​ប្រើប្រាស់​ដាក់​នៅ​កន្លែងធ្វើការ​ងារ, ដាក់​នៅលើ​ក្បាល​លិខិត ឯកសារ និង​ស្រោមសំបុត្រ​ផ្លូវការ, ប្រើប្រាស់​ក្នុង​ពិធី​នានា​របស់​រដ្ឋបាលខេត្ត​ពោធិ៍ និង​សម្រាប់​ប្រើប្រាស់​ជា​ផ្លូវការ ក្នុងករណីផ្សេងៗទៀត​ដែល​ចាំបាច់៕

LEAVE A REPLY

Please enter your comment!
Please enter your name here