ដោយ ៖ ប៊ី
ភ្នំពេញ ៖ ប្រទេសកម្ពុជា និងកូរ៉េខាងត្បូងបានបញ្ចប់កិច្ចចរចាលើកទី២ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កាលពីថ្ងៃពុធកន្លងមកនេះ ជាមួយនឹងការរីកចម្រើនជាវិជ្ជមាន ខណៈយ៉ាងហោចកិច្ចចរចាចំនួន២ជុំទៀតនឹងត្រូវធ្វើឡើងបន្តទៀត មុនពេលប្រទេសទាំងពីរចុះហត្ថលេខា។
លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍កាលពីថ្ងៃទី៣ ខែកញ្ញា ថា កិច្ចចរចានេះមានការជឿនលឿនគួរឱ្យកត់សម្គាល់ បន្ទាប់ពីកិច្ចប្រជុំវីដេអូ Conference រយៈពេល ៤ ថ្ងៃ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី ៣១ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។
លោក បានថ្លែងថា “យើងបានបញ្ចប់ជំពូកនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការចូលទៅកាន់ទីផ្សារ និងជំពូកផ្សេងទៀតនៃកិច្ចព្រមព្រៀង។ យើងបានព្រមព្រៀងលើចំណុចមួយចំនួន ហើយចំណុចផ្សេងទៀតមិនទាន់មាននៅឡើយ”។ លោកបន្តថា “យ៉ាងហោចណាស់មានការចរចាពាណិជ្ជកម្មសេរីចំនួន២ ជុំទៀត ដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះមុនដំណាច់ឆ្នាំ២០២០”។
លោកឱ្យដឹងទៀតថា កិច្ចចរចាពាណិជ្ជកម្មជុំទី៣ គ្រោងនឹងធ្វើនៅចុងខែកញ្ញា។ ប្រទេសទាំងពីរបានធ្វើកិច្ចចរចាលើកទី១ កាលពីខែកក្កដាឆ្នាំនេះ។
កិច្ចចរចាពាណិជ្ជកម្មនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់សម្តេចតេជោ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in នៅភ្នំពេញ កាលពីខែមីនា ឆ្នាំ២០១៩។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានឱ្យដឹងថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់មួយ ដែលតម្លៃ ១ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ កើនឡើង ៦ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១៨។ ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៣៣៦ លានដុល្លារទៅកាន់ប្រទេសកូរ៉េខាងត្បូង និងនាំចូល ៦៩៧ លានដុល្លារពីប្រទេសកូរ៉េខាងត្បូង។ ប្រទេសកម្ពុជាគឺជាទិសដៅនាំចេញធំជាងគេទី ៥៨ របស់ប្រទេសកូរ៉េខាងត្បូង៕